ឋានៈរបស់វៀតណាមកាន់តែត្រូវបានបញ្ជាក់នៅក្នុងតំបន់
(VOVWORLD) - នៅក្នុងការវាយតម្លៃសន្ទស្សន៍អំណាចអាស៊ីក្នុងឆ្នាំនេះ វិទ្យាស្ថាន Lowy ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីបានឲ្យដឹងថា ប្រទេសវៀតណាមឈរចំណាត់ថ្នាក់ទី ១២ ដោយមានពិន្ទុកើនឡើង ១,២ ពិន្ទុបើធៀបនឹងឆ្នាំ ២០២៣។
វៀតណាមបង្កើនឥទ្ធិពលនៅអាស៊ី។ រូបថត៖ VOV.VN |
ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅអូស្ត្រាលី លោកស្រី Savannah Patton ជាអ្នកនិពន្ធម្នាក់នៃរបាយការណ៍នេះ បាននិយាយថា៖
“ឥទ្ធិពលផ្នែកការទូតគឺឧត្តមភាពមួយរបស់វៀតណាម។ ខ្ញុំចាត់ទុកថា នេះគឺជា លទ្ធផលនៃគោលនយោបាយកិច្ចការបរទេសដោយម្ចាស់ការ ដែលវៀតណាមបាន ពង្រីកបណ្តាញទំនាក់ទំនងជាមួយប្រទេសជាច្រើនជុំវិញពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះទេ កាលពីឆ្នាំមុន វៀតណាមក៏ជាប្រទេសតែមួយគត់ដែលបានទទួលស្វាគមន៍ប្រធានាធិបតីអាមេរិក និងប្រធានរដ្ឋចិនមកបំពេញទស្សនកិច្ចផងដែរ។ ខ្ញុំគិតថានេះ គឺជាលទ្ធផលច្បាស់លាស់នៃគោលនយោបាយកិច្ចការបរទេសបើកចំហ និងម្ចាស់ការ របស់វៀតណាម”។
វិមានតម្កល់សពលោកប្រធានហូជីមិញ នាព្រឹកថ្ងៃបុណ្យជាតិ ទី២ កញ្ញា។
(រូបថតឯកសារ៖ Hoang Hieu/TTXVN) |
ឋានៈរបស់វៀតណាមនៅក្នុងតំបន់ក៏ត្រូវបានពង្រឹងដោយទំនាក់ទំនងសេដ្ឋកិច្ច និងសមត្ថភាពសេដ្ឋកិច្ចផងដែរ។ វៀតណាមបានចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មជា ច្រើនជាមួយប្រទេសនានាលើពិភពលោក ហើយកំពុងជាគោលដៅវិនិយោគដ៏ ទាក់ទាញសម្រាប់សហគ្រាសបរទេស។
វិស័យមួយដែលមានការអភិវឌ្ឍគួរឲ្យចាប់អារម្មណ៍របស់វៀតណាមក្នុងឆ្នាំកន្លងទៅគឺវិស័យការពារជាតិ។ វៀតណាមមិនចូលរួមសម្ព័ន្ធភាពទេ ប៉ុន្តែវៀតណាមកាន់តែ សកម្មក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយបណ្តាប្រទេស ក្នុងតំបន់។ លោកស្រី Le Thu Huong ប្រធានគណៈទីប្រឹក្សានៃវិទ្យាស្ថានអូស្ត្រាលី-វៀតណាមបានធ្វើអត្ថាធិប្បាយថា ការដែលវៀតណាមរក្សាបាននូវឋានៈក្នុងសន្ទស្សន៍ អំណាចអាស៊ីគឺជាសញ្ញាល្អដែលបង្ហាញពីការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់វៀតណាមក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក៖
“ខ្ញុំចាត់ទុកថា វៀតណាមបានខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ ក្នុងបរិយាកាសតំបន់ដែលមានការប្រកួតប្រជែងជាច្រើន ការដែលវៀតណាមនៅតែរក្សាបាននូវចំណាត់ថ្នាក់ដូចឆ្នាំមុនគឺជាសញ្ញាល្អមួយ។ វៀតណាមត្រូវបានគេវាយតម្លៃថា ជាប្រទេសកម្រិតមធ្យម ហើយឋានៈរបស់វៀតណាមត្រូវបានបង្កើតឡើងជាជំហានៗ ហើយកាន់តែត្រូវបានបញ្ជាក់”៕