ថ្នាក់ដឹកនាំវៀតណាមអបអរសាទរកម្ពុជា ដែលបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ប្រកបដោយជោគជ័យ

(VOVWORLD) - ក្នុងឱកាសនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ នាថ្ងៃទី ២៣ ខែកក្កដា អគ្គលេខាបក្ស លោក Nguyen Phu Trong បានផ្ញើលិខិតអបអរសាទរជូនចំពោះប្រធានគណៈបក្សប្រជាជនកម្ពុជា   (CPP) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។
ថ្នាក់ដឹកនាំវៀតណាមអបអរសាទរកម្ពុជា ដែលបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ប្រកបដោយជោគជ័យ - ảnh 1លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតនៅខេត្តកណ្ដាល នៅថ្ងៃទី២៣ ខែកក្កដា (រូបថត៖ AFP)

នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទូរស័ព្ទអបអរសាទរជូនចំពោះនាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានផ្ញើលិខិតអបអរសាទរ ជូនចំពោះប្រធានរដ្ឋសភា សម្តេច ហេង សំរិន។

អគ្គលេខាបក្ស លោក Nguyen Phu Trong និងថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមបានអបអរសាទរជូនចំពោះកម្ពុជាក្នុងការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ ប្រកបដោយជោគជ័យ ជាពិសេសមានអត្រាអ្នកទៅបោះឆ្នោតខ្ពស់ និងការបោះឆ្នោតប្រកបដោយសុវត្ថិភាព សេរីភាព និងយុត្តិធម៌ បង្ហាញពីទំនុកចិត្តរបស់អ្នកបោះឆ្នោតកម្ពុជាទៅលើអនាគតអភិវឌ្ឍន៍របស់ប្រទេស។ ថ្នាក់ដឹកនាំវៀតណាមបានអបអរសាទរគណបក្សប្រជាជនកម្ពុជា ចំពោះជ័យជំនះដ៏ធំធេងក្នុងការបោះឆ្នោតខាងលើ ហើយបានចាត់ទុកថា លទ្ធផលបោះឆ្នោតជាថ្មីម្តងទៀតបានបញ្ជាក់ពីតួនាទី និងជំហររបស់គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយទន្ទឹមនឹងនោះក៏សម្តែងការជឿជាក់ថា កម្ពុជានឹងសុក្រិតរដ្ឋសភា និងរដ្ឋាភិបាលថ្មីយ៉ាងឆាប់ ដើម្បីដឹកនាំប្រជាជនបន្តការកសាងប្រទេសសន្តិភាព ស្ថិរភាព និងវិបុលភាព ហើយមានឋានៈ និងតួនាទីកាន់តែខ្ពស់ក្នុងតំបន់ និងក្នុងពិភពលោក។

ចំពោះទំនាក់ទំនងវៀតណាម-កម្ពុជា អគ្គលេខាបក្សលោក Nguyen Phu Trong និងថ្នាក់ដឹកនាំបានជឿជាក់ថា ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរនឹងត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ  រួមចំណែកយ៉ាងសកម្មដល់សហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងក្នុងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ