នាំទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម-អាមេនីកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព
(VOVWORLD) - នេះជាការអះអាងរបស់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោកស្រី Le Thi Thu Hang ក្នុងពិធីទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាមេនីប្រចាំនៅវៀតណាម លោក Suren Baghdasaryan នារសៀលថ្ងៃទី ១៧ ខែកុម្ភនៅទីក្រុងហាណូយ។
អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានទទួលជួបឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋអាមេនីប្រចាំនៅវៀតណាម Suren Baghdasaryan (រូបថត៖ TTXVN) |
ក្នុងពិធីទទួលនេះ អនុរដ្ឋមន្ត្រី លោកស្រី Le Thi Thu Hang បានស្នើថា ភាគីទាំងពីរបន្តជំរុញសកម្មភាពទំនាក់ទំនង ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់ ពិនិត្យ ពិភាក្សា និងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ បង្កើតក្របខ័ណ្ឌច្បាប់សម្រាប់ទំនាក់ទំនងទ្វេភាគី។
ទាក់ទងនឹងសេដ្ឋកិច្ច លោកស្រីអនុរដ្ឋមន្ត្រីបានស្នើថា ភាគីទាំងពីរត្រូវខិតខំប្រឹងប្រែងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អឺរ៉ាស៊ី (EAEU) ដែលអាមេនីជាសមាជិក; គាំទ្រ និងលើកកម្ពស់ភ្នាក់ងារ អង្គការ និងអាជីវកម្មនៃប្រទេសទាំងពីរ ដើម្បីតភ្ជាប់ បង្កើតទំនាក់ទំនងផ្ទាល់ និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មនិងការជួញដូរ។
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Suren Baghdasaryan បានយល់ព្រមនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារ និងអង្គភាពនៃក្រសួងការបរទេសនៃប្រទេសទាំងពីរ និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយ និងរៀបចំយ៉ាងប្រុងប្រយ័ត្នសម្រាប់ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនាពេលខាងមុខ; បំពេញតួនាទីដ៏ល្អជាស្ពាន រួមចំណែកនាំកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអាមេនី កាន់តែជាក់ស្តែង៕