នាំទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-សហភាពអឺរ៉ុបអភិវឌ្ឍន៍ឡើងដល់កំពស់ថ្មី
(VOVWORLD) - នាព្រឹកថ្ងៃទី៩ មិថុនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក លឿង គឿងបានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Julien Guerrier ប្រធានគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅវៀតណាម។
លោកប្រធានរដ្ឋ លឿង គឿង ថតរូបជាមួយឯកអគ្គរដ្ឋទូត និងភារធារីនៃប្រទេសសមាជិក EU ប្រចាំនៅវៀតណាម។ (រូបថត៖ VOV) |
នៅក្នុងជំនួបនេះ ប្រធានរដ្ឋលោក លឿង គឿង បានស្នើឱ្យបណ្ដាឯកអគ្គរដ្ឋទូតមានសំឡេងជំរុញការបញ្ចប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) និងការដកកាតលឿង IUU សម្រាប់ការនាំចេញជលផលរបស់វៀតណាមក្នុងពេលឆាប់ៗនេះ ដោយគិតគូរពីការលំបាក និងភាពខុសគ្នានៃកម្រិតអភិវឌ្ឍន៍រវាងភាគីទាំងពីរ និងជីវភាពរស់នៅរបស់ប្រជានេសាទវៀតណាម ហើយជួយវៀតណាមអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ និងធ្វើវារីវប្បកម្មប្រកបដោយនិរន្តរភាព។ លោកប្រធានរដ្ឋសង្ឃឹមថា ឯកអគ្គរដ្ឋទូត និងភារធារីទាំងអស់តែងតែជាស្ពានដ៏សំខាន់ ដែលរួមចំណែកថែមទៀតក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និង EU និងបណ្តាប្រទេសជាសមាជិកនាពេលខាងមុខ រួមចំណែកនាំទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-EU អភិវឌ្ឍន៍ឡើងដល់កំពស់ថ្មី។ ពិភាក្សាជាមួយឯកអគ្គរដ្ឋទូត និងភារធារីលើបញ្ហាអន្តរជាតិមួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា ប្រធានរដ្ឋ លោក លឿង គឿង បានអះអាងថា វៀតណាមជាសមាជិកដែលមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ហើយគាំទ្រការដោះស្រាយវិវាទដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។
តាងនាមឯកអគ្គរដ្ឋទូត និងភារធារីនៃប្រទេសសមាជិក EU នៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូត EU លោក Julien Guerrier បានអះអាងថា វៀតណាមជាដៃគូសំខាន់របស់ EU នៅអាស៊ីអាគ្នេយ៍។ លោកឯកអគ្គរដ្ឋទូត Julien Guerrier បានអះអាងថា ទំនាក់ទំនងរវាងភាគីទាំងពីរកំពុងអភិវឌ្ឍន៍យ៉ាងវិជ្ជមាន ហើយនៅតែមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ។ អំពីបញ្ហាសមុទ្រខាងកើត សហភាពអឺរ៉ុបសន្យាគាំទ្រយ៉ាងពេញទំហឹងចំពោះការដោះស្រាយវិវាទនៅសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS ១៩៨២) រួមចំណែកធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ ពង្រឹងសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ដែលមាន ៤០% នៃទំនិញរបស់ EU ត្រូវបានដឹកជញ្ជូនឆ្លងជាប្រចាំឆ្នាំ៕