នាយករដ្ឋមន្ត្រីនូវែលសេឡង់នឹងអញ្ជើញ​មក​បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនាសប្តាហ៍ខាងមុខ​

(VOVWORLD) - នារសៀលថ្ងៃទី ២០ ខែកុម្ភៈ ប្រទេសនូវែលសេឡង់បានប្រកាសថា នាយករដ្ឋមន្ត្រី លោក Christopher Luxon នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនាសប្តាហ៍ខាងមុខ។ នូវែលសេឡង់បានអះអាងថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនៃប្រទេសនេះទៅកាន់វៀតណាមនឹងជំរុញកិច្ចសហប្រតិបត្តិការពហុភាគីជាមួយវៀតណាម រួមទាំងពាណិជ្ជកម្មផងដែរ។

នៅក្នុងសេចក្តីប្រកាសនេះ ខុទ្ទកាល័យរដ្ឋាភិបាលនូវែលសេឡង់បានដកស្រង់សម្តីរបស់លោកនាយករដ្ឋមន្ត្រី Christopher Luxon ដែលបញ្ជាក់ថា វៀតណាមគឺជាតារាកំពុងរះនៅអាស៊ីអាគ្នេយ៍ និងជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតមួយនៅក្នុងតំបន់។ ឆ្នាំនេះ ប្រទេសទាំងពីររំលឹកខួប ៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត ហើយដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Luxon មកកាន់វៀតណាមនឹងជំរុញទំនាក់ទំនងនេះ ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនិងបើកឱកាសបន្ថែមទៀតសម្រាប់សហគ្រាសនូវែលសេឡង់ បង្កើនប្រាក់ចំណូល និងបង្កើតការងារធ្វើបន្ថែមទៀតសម្រាប់ប្រជាជននូវែលសេឡង់។ លោកនាយករដ្ឋមន្ត្រី Christopher Luxon បាននិយាយថា ប្រទេសទាំងពីរនៅតែមានសក្ដានុពលជាច្រើនក្នុងការនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ៣ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៦។

នាយករដ្ឋមន្ត្រីនូវែលសេឡង់នឹងអញ្ជើញ​មក​បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនាសប្តាហ៍ខាងមុខ​ - ảnh 1នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon ស្វាគមន៍នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ មកបំពេញទស្សនកិច្ចនៅនូវែលសេឡង់ក្នុងខែមីនា ឆ្នាំ២០២៤។ រូបថត៖ ស្ថានទូតវៀតណាមប្រចាំនៅនូវែលសេឡង់

ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon ត្រូវបានរំពឹងថានឹងជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ និងថ្នាក់ដឹកនាំវៀតណាម ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រ ចូលរួមវេទិកាអនាគតអាស៊ាននៅទីក្រុងហាណូយ និងបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ