នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ ចាប់ផ្តើមបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
(VOVWORLD) - តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោក Christopher Luxon បានអញ្ជើញមកបំពេញ ទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទី ២ ចាប់ពីថ្ងៃទី ២៥-២៨ ខែកុម្ភៈ។
ដំណើរទស្សនកិច្ចលើកនេះធ្វើឡើងក្នុងបរិបទដែលប្រទេសទាំងពីរកំពុងត្រៀមរៀបចំការរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនង ការទូត (ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ១៩៧៥ - ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥) និងខួប រយៈពេល ៥ ឆ្នាំ នៃការអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។ នេះក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Christopher Luxon នៅប្រទេសវៀតណាម ក្នុងឋានៈជានាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ផងដែរ។
យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅនូវែលហ្សេឡង់ លោក Nguyen Van Trung លោកនាយករដ្ឋមន្ត្រី Christopher Luxon បានអញ្ជើញមកវៀតណាម ជាមួយគណៈប្រតិភូធុរកិច្ចធំៗ រួមមានសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចឈានមុខជាច្រើន ដោយបង្ហាញថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគគឺជា ការផ្តោតសំខាន់នៃដំណើរទស្សនកិច្ចលើកនេះ។
ទន្ទឹមនឹងនោះ ឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ប្រចាំនៅវៀតណាម លោកស្រី Caroline Beresford បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Christopher Luxon នឹងបង្កើតឱកាសអាជីវកម្មថ្មី។ គណៈប្រតិភូធុរកិច្ចនូវែលសេឡង់អមដំណើរ នាយករដ្ឋមន្ត្រី Christopher Luxon គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការថ្មីមួយចំនួនជាមួយដៃគូវៀតណាម។ ក្រៅពីនោះ ភាគីទាំងពីរនឹងបន្តពង្រឹងវិស័យកិច្ចសហប្រតិបត្តិការជាប្រពៃណីដូចជា កសិកម្ម អប់រំ និងបណ្តុះបណ្តាលជាដើម៕