នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ

(VOVWORLD) - នៅថ្ងៃទី ២១ ខែកុម្ភៈ ក្រសួងការបរទេសបានចេញសេចក្ដីប្រកាសព័ត៌មានដោយនិយាយថា នាយករដ្ឋមន្ត្រីនូវែលសេឡង់លោក Christopher Luxon នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទី ២ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ។ ដំណើរទស្សនកិច្ចនេះធ្វើឡើងតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh។

យោងតាមសារព័ត៌មាននូវែលហ្សេឡង់ ក្នុងការថ្លែងនាថ្ងៃទី ២១ កុម្ភៈ មុនពេលដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី Christopher Luxon បានឲ្យដឹងថា វៀតណាមគឺជាតារាដែលកំពុងរះនៃអាស៊ីអាគ្នេយ៍ និងជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅក្នុងតំបន់។ ឆ្នាំនេះ ប្រទេសទាំងពីរនឹងរំលឹកខួប ៥០ឆ្នាំនៃទំនាក់ទំនងការទូត។ ដូច្នេះ ដំណើរទស្សនកិច្ចលើកនេះ “នឹងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ បង្កើនពាណិជ្ជកម្មដែលមានស្រាប់ និងបើកឱកាសបន្ថែមទៀតសម្រាប់អង្គភាពអាជីវកម្មនូវែលសេឡង់ ដើម្បីបង្កើនប្រាក់ចំណូល និងបង្កើតការងារនៅហ្នឹងស្រុកកំណើត”។

អមដំណើរលោកនាយករដ្ឋមន្ត្រី Christopher Luxon ទៅកាន់ប្រទេសវៀតណាម គឺជាគណៈប្រតិភូនៃថ្នាក់ដឹកនាំសហគ្រាសជាន់ខ្ពស់នៃប្រទេសនេះ។ ក្នុងដំណើរទស្សនកិច្ច លោកនាយករដ្ឋមន្ត្រី Luxon គ្រោងនឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំវៀតណាមលើការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ និងពិភាក្សាអំពីទម្រង់សហប្រតិបត្តិការទ្វេភាគី។ តាមផែនការ លោកនាយករដ្ឋមន្ត្រី Luxon ក៏នឹងថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅឯវេទិកាអនាគតអាស៊ាននៅទីក្រុងហាណូយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ