បើក​ទិវាបុណ្យផ្លែស្វាយ Yen Chau លើកទី៥ ឆ្នាំ ២០២៤

(VOVWORLD) - នាព្រឹកថ្ងៃទី ៨ ខែមិថុនា នៅភូមិ Kha ឃុំ Sap Vat ស្រុក Yen Chau ខេត្ត Son La បានប្រព្រឹត្តិទៅពិធីបើកទិវាបុណ្យផ្លែស្វាយលើកទី ៥ ឆ្នាំ ២០២៤។ អញ្ជើញចូលរួមពិធីបើកមានលោក Nguyen Thanh Cong អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត; ថ្នាក់ដឹកនាំមន្ទីរ និងស្ថាប័នមួយចំនួនរបស់ខេត្ត ថ្នាក់ដឹកនាំឃុំនិងទីរួមស្រុក នានាក្នុងស្រុក Yen Chau និងភ្ញៀវទេសចរទាំងជិតទាំងឆ្ងាយផងដែរ។
បើក​ទិវាបុណ្យផ្លែស្វាយ Yen Chau លើកទី៥ ឆ្នាំ ២០២៤ - ảnh 1ការសម្តែងសិល្បៈនៅក្នុងពិធីបើក។ រូបថត៖ baosonla

ថ្លែងក្នុងពិធីបើកទិវាបុណ្យ លោក Lu Van Cuong ប្រធានគណៈកម្មាធិការប្រជាជនស្រុក Yen Chau បានឲ្យដឹងថា ផ្លែស្វាយមូល Yen Chau មានភាពល្បីល្បាញដោយរសជាតិឈ្ងុយឆ្ងាញ់ពិសេស ហើយត្រូវបាន នាយកដ្ឋានកម្មសិទ្ធិបញ្ញា ប្រគល់វិញ្ញាបនបត្រចុះបញ្ជីការណៃនាំទីតាំងភូមិសាស្ត្រនៅលើប្រព័ន្ធអត្តសញ្ញាណម៉ាកយីហោ។ ផ្លែស្វាយ Yen Chau ត្រូវបានផ្តល់លេខកូដតំបន់ដាំដុះចំនួន ២៤ ហើយត្រូវបាននាំចេញទៅកាន់ទីផ្សារដ៏តឹងរឹងដូចជា អូស្ត្រាលី អង់គ្លេស អាមេរិក និងចិន។

បើក​ទិវាបុណ្យផ្លែស្វាយ Yen Chau លើកទី៥ ឆ្នាំ ២០២៤ - ảnh 2លោក Lu Van Cuong ប្រធានគណៈកម្មាធិការប្រជាជនស្រុក Yen Chau ។ រូបថត៖ baosonla 

“ទិវាបុណ្យផ្លែស្វាយ Yen Chau ឆ្នាំ ២០២៤ ប្រព្រឹត្តទៅនៅថ្នាក់ស្រុក ដោយមានសកម្មភាពសំខាន់ៗដូចជា៖ ការឧទ្ទេសនាមនិងតាំងបង្ហាញស្តង់ទំនិញរបស់ឃុំនិងទីរួមស្រុក ការប្រកួតបេះផ្លែស្វាយ របាំ Xoe និងការទស្សនាចម្ការស្វាយនិងសកម្មភាពផ្សេងៗទៀត។ ទិវាបុណ្យ ត្រូវបានរៀបចំឡើងនៅពេលដែលផ្លែស្វាយកំពុងទុំ ដើម្បីផ្សព្វផ្សាយម៉ាកយីហោស្វាយ Yen Chau និងលើកតម្កើងកសិករដាំស្វាយ រួមចំណែកឧទ្ទេសនាមអំពីទឹកដីនិងរូបភាពរបស់ Yen Chau ទៅកាន់មិត្តភ័ក្តិនិងភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេស ជាបុព្វបទដើម្បីជំរុញទេសចរណ៍ជនបទនៅភូមិ Kha និងទេសចរណ៍ស្រុក Yen Chau អភិវឌ្ឍឲ្យបានសក្តិសមទៅនឹងសក្តានុពល និងគុណសម្បត្តិរបស់ស្រុក”។

តាងនាមថ្នាក់ដឹកនាំខេត្ត Son La ថ្លែងមតិក្នុងពិធីបើក លោក Nguyen Thanh Cong អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Son La បានសង្កត់ធ្ងន់ថា៖ “តាមរយៈទិវាបុណ្យផ្លែស្វាយ យើងបន្តរៀបចំផលិតកម្មឲ្យបានល្អ។ ប្រជាជនស្រុក Yen Chau បានចេះពីរបៀបដាំព្រូនឲ្យបានឆ្ងាញ់ …ហើយផ្លែស្វាយក៏ត្រូវធ្វើដូចគ្នាដែរ គឺបន្តរៀបចំផលិតកម្មដើម្បីឱ្យផ្លែស្វាយមានទិន្នផលនិងគុណភាពល្អបំផុត។ បន្ទាប់មក តាមរយៈផ្លែស្វាយ នាំយកតម្លៃវប្បធម៌ទៅកាន់ខេត្ត ក្រុងនានា និងទៅកាន់ទីផ្សារអន្តរជាតិ។ មនុស្សម្នាក់ៗនាំយកផ្លែស្វាយទៅលក់គឺនាំយកវប្បធម៌របស់ប្រជាជន Son La ទៅកាន់ទូទាំងប្រទេសនិងពិភពលោក។ ទិវាបុណ្យស្វាយម្តងៗ គឺជាសារមួយអំពីផលិតកម្មកសិកម្មរបស់ Son La ការនាំយកកត្តាវប្បធម៌ និងមនុស្ស Son La ខិតជិតមកដល់ប្រជាជន ភ្ញៀវទេសចរនិងមិត្តភក្តិអន្តរជាតិ”។

បើក​ទិវាបុណ្យផ្លែស្វាយ Yen Chau លើកទី៥ ឆ្នាំ ២០២៤ - ảnh 3គណៈប្រតិភូទស្សនាស្តង់តាំងបង្ហាញក្នុងមហោស្រពនេះ។ រូបថត៖ baosonla 

ទិវាបុណ្យផ្លែស្វាយត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយស្រុក Yen Chau ចាប់តាំងពីឆ្នាំ ២០១៧មក។ ទិវាបុណ្យផ្លែស្វាយឆ្នាំនេះបានប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ (ថ្ងៃទី ៨ និងទី ៩ ខែមិថុនា) ។

ស្រុក Yen Chau មានផ្ទៃដីដាំដើមឈើហូបផ្លែជាង១១.០០០ហិកតា ក្នុងនោះផ្ទៃដីដាំស្វាយមានជាង៣.០០០ហិកតា។ បរិមាណផលស្វាយនៃស្រុកទាំងមូលក្នុងឆ្នាំនេះត្រូវបានប៉ាន់ប្រមាណមានចំនួនជាង ១៥.០០០ តោន ដែលនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ