បន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារជាតិចិន
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃសកម្មភាពផ្លាស់ប្ដូរមិត្តភាពការពារព្រំដែនវៀតណាម-ចិនលើកទី៩ នាព្រឹកថ្ងៃទី១៧ ខែមេសា នៅទីក្រុង Lang Son ខេត្ត Lang Son រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Phan Van Giang និងរដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោកនាយឧត្តមនាវី Dong Jun បានធ្វើជាសហប្រធានកិច្ចពិភាក្សាការងារទ្វេភាគី។
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Phan Van Giang និងរដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោកនាយឧត្តមនាវី Dong Jun បានធ្វើជាសហប្រធានកិច្ចពិភាក្សាការងារទ្វេភាគី។ (រូបថត៖ VOV) |
ថ្លែងមតិនៅទីនេះ លោករដ្ឋមន្ត្រី Phan Van Giang បានអះអាងថា សកម្មភាពដែលប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃការផ្លាស់ប្តូរមិត្តភាពការពារព្រំដែន បានរួមចំណែកក្នុងការអនុវត្តជាក់ស្តែងនៃឆ្នាំផ្លាស់ប្តូរមនុស្សសាស្ត្រវៀតណាម - ចិន ព្រមទាំងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ប្រទេសទាំងពីររួមគ្នារក្សាស្ថិរភាពនៃខ្សែព្រំដែន បង្គោលពំដែន ហើយជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអះអាងថា វៀតណាមយកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនងមិត្តភាពជាមួយប្រទេសជិតខាង ដោយប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការពារជាតិ “៤ ទេ”។ អំពីបញ្ហាសមុទ្រខាងកើត វៀតណាមប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការដោះស្រាយបញ្ហាដោយសន្តិវិធី គោរពតាមការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និងចិន ព្រមទាំងគោរពតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS ឆ្នាំ១៩៨២) សេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC); សង្ឃឹមថា ចិននិងអាស៊ាននឹងចុះហត្ថលេខាលើក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ក្នុងពេលឆាប់ៗនេះ។
រីឯខ្លួនវិញ លោកនាយឧត្តមនាវី Dong Jun បានវាយតម្លៃថា កម្មវិធីផ្លាស់ប្ដូរមិត្តភាពការពារព្រំដែនវៀតណាម-ចិនលើកទី៩ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ព្រឹត្តិការណ៍នេះបានប្រារព្ធឡើង បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន ស៊ី ជីនពីង ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរក្នុងការរួមដៃគ្នាថែរក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងចិន តាមនោះរួមចំណែកធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិនផងដែរ។
ពិធីចុះហត្ថលេខាលើឯកសារបន្ទាប់ពីកិច្ចពិភាក្សា។ (រូបថត៖ VOV) |
បញ្ចប់កិច្ចពិភាក្សា រដ្ឋមន្ត្រីទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារក្របខ័ណ្ឌស្តីពីការចងមេត្រីភាព រវាងប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ Huu Nghi កងទ័ពការពារព្រំដែនខេត្ត Lang Son នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងស្ថានីយ៍ Pingxiang កងទ័ពការពារព្រំដែនតំបន់ស្វយ័តជនជាតិជាំង ក្វាងស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន៕