ប្រតិកម្មរបស់ពិភពលោកចំពោះការផ្អាកការ​ដំឡើងពន្ធរបស់អាមេរិក

(VOVWORLD) - ទីផ្សារពិភពលោកមានប្រតិកម្មជាវិជ្ជមានចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការផ្អាកការដំឡើងពន្ធរយៈពេល ៩០ ថ្ងៃចំពោះខឿនសេដ្ឋកិច្ចជាង ៧៥ ប៉ុន្តែនៅតែមានការព្រួយបារម្ភអំពីការកើនឡើងនៃជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។

មេដឹកនាំនៃប្រទេសជាច្រើនក៏បានឆ្លើយតបជាវិជ្ជមានចំពោះការសម្រេចចិត្តរបស់អាមេរិកក្នុងការផ្អាកការដំឡើងពន្ធសម្រាប់រយៈពេល ៩០ ថ្ងៃ។ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានឲ្យដឹងថា នេះជាវិធានគួរឲ្យសាទរសម្រាប់សេដ្ឋកិច្ចពិភពលោក។ កាណាដា គឺជាប្រទេសមួយ ដែលបានដាក់ពន្ធសងសឹក ២៥% លើរថយន្តអាមេរិក។ ទន្ទឹមនឹងនោះ អធិការបតីអនាគតរបស់អាល្លឺម៉ង់ លោក Friedrich Merz បានវាយតម្លៃថា កាយវិការរបស់អាមេរិកជាសក្ខីភាពនៃកម្លាំងសាមគ្គីភាពរបស់ EU ពីព្រោះនាប៉ុន្មានម៉ោងមុនពេលលោក Donald Trump ប្រកាសផ្អាកការដំឡើងពន្ធ សហភាពអឺរ៉ុបបានសម្រេចចិត្តដាក់ពន្ធ២៥% ជាការសងសឹកចំពោះអត្រាពន្ធដូចគ្នាដែលអាមេរិកបានអនុវត្តន៍ចំពោះផលិតផលអាលុយមីញ៉ូមនិងដែកថែបរបស់អឺរ៉ុបកាលពីខែមីនា។

ប្រតិកម្មរបស់ពិភពលោកចំពោះការផ្អាកការ​ដំឡើងពន្ធរបស់អាមេរិក - ảnh 1ប្រធានាធិបតីអាមេរិកលោក Donald Trump បង្ហាញខ្លួននៅសេតវិមានបន្ទាប់ពីបានប្រកាសផ្អាកការដំឡើងពន្ធ។ រូបថត៖ The New York Times

ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តរបស់រដ្ឋបាលអាមេរិកក្នុងការដំឡើងពន្ធ ១២៥% លើប្រទេសចិន បានបង្កើនហានិភ័យនៃសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរបន្តកើនឡើង។ លោក Gary Locke អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសចិនបានចាត់ទុកថា បរិបទនាបច្ចុប្បន្នធ្វើឱ្យភាគីទាំងពីរ ពិបាកចរចាដើម្បីបន្តបន្ថយកម្តៅ៖ "ខ្ញុំមិនគិតថាប្រទេសចិននឹងបោះជំហានដំបូងនោះទេ។ ពួកគេអាចប្រើប្រាស់វិធីសាស្រ្តអន្តរការី ដូចជាការបញ្ជូនអតីតមន្ត្រីម្នាក់ឱ្យធ្វើសកម្មភាព ការទូតដោយពឹងផ្អែកលើអន្តរការី (Shuttle Diplomacy)។ តាមពិតទៅ សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននឹងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ និងកម្មករនៅក្នុងប្រទេសទាំងពីរ"។

នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធមួយទៀត ក្រសួងពាណិជ្ជកម្មចិននាថ្ងៃទី ១០ មេសា បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao បានសន្ទនាតាមទូរស័ព្ទជាមួយស្នងការពាណិជ្ជកម្ម EU លោក Maros Sefcovic នៅថ្ងៃទី ៨ ខែមេសា ដើម្បីចាប់ផ្តើមការពិភាក្សាលើការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងភាគីទាំងពីរ និងធ្វើការចរចាភ្លាមមួយរំពិច លើតម្លៃជាអប្បបរមា សម្រាប់រថយន្តអគ្គិសនីរបស់ចិនដែលបានលក់នៅក្នុងទីផ្សារអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ