បរិយាកាសបុណ្យណូអែលដ៏អ៊ូអរនៅទូទាំងប្រទេស
(VOVWORLD) - នាយប់ថ្ងៃទី ២៤ ខែធ្នូ ប្រជាជនទូទាំងប្រទេស និងនៅតាមព្រះសហគមន៍កាតូលិកនានា បានប្រារព្ធពិធីបុណ្យណូអែលឆ្នាំ ២០២៥ ក្នុងបរិយាកាសរីករាយ សាមគ្គីភាព ការចែករំលែក និងមានជំនឿជាក់ក្នុងជីវិត។
ប្រជាជនកាន់សាសនាកាតូលិកបានប្រមូលផ្តុំគ្នានៅព្រះវិហារ Ham Long ទីក្រុងហាណូយ ដើម្បីអំណរបុណ្យណូអែល។ រូបថត៖ VOV |
នៅទីក្រុងហាណូយ ប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករបានប្រមូលផ្តុំគ្នានៅព្រះវិហារធំ ព្រះវិហារ Ham Long ព្រះវិហារ Cua Bac... និងតាមខ្សែផ្លូវកណ្តាលទីក្រុង ដើម្បីអំណរបុណ្យណូអែលឆ្នាំ ២០២៥។ មិនត្រឹមតែអ្នកកាន់សាសនាកាតូលិកដែលទន្ទឹងរង់ចាំទិវាបុណ្យនេះប៉ុណ្ណោះទេ ប៉ុន្តែមនុស្សជាច្រើនក៏បានយកចិត្តទុកដាក់ចំពោះបុណ្យណូអែល និងចំណាយពេលជាមួយក្រុមគ្រួសារនិងមិត្តភក្តិជិតស្និទ្ធ ដើម្បីបង្កើតអនុស្សាវរីយ៍ដ៏ស្រស់ស្អាតផងដែរ។
នាយប់ថ្ងៃទី ២៤ ខែធ្នូ បរិយាកាសបុណ្យណូអែលបានរីករាលដាលពាសពេញដងផ្លូវ តំបន់លំនៅដ្ឋាន និងកន្លែងប្រជុំជីវភាពសហគមន៍នៃទីក្រុងដាណាង។ ពីកណ្តាលទីក្រុង ពណ៌ក្រហមនិងព៌ណបៃតងនៃភ្លើងតុបតែង និងដើមឈើណូអែល បានបង្កើតជារដូវបុណ្យណូអែលដ៏កក់ក្តៅ សុខសាន្ត និងពោពេញទៅដោយលក្ខណៈមនុស្សសាស្ត្រ។
ទន្ទឹមនឹងនោះ នៅក្នុងឃុំ Tuy An Dong ខេត្តដាក់ឡាក់ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់ប្រហែលមួយខែមុន បរិយាកាសបុណ្យណូអែលក៏មានវត្តមានរួចហើយ។ ព្រះវិហារ Mang Lang ត្រូវបានតុបតែងដើម្បីស្វាគមន៍អ្នកកាន់សាសនានិងអ្នកទេសចរក្នុងឱកាសបុណ្យណូអែលនេះ។ នេះក៏ជាពេលវេលាសម្រាប់ប្រជាជននៅទីនេះ រំលឹកឡើងវិញនូវជំនឿជាក់ និងស្ដារលំនឹងជីវិតឡើងវិញជាបណ្ដើរៗ បន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិ។
បរិយាកាសបុណ្យណូអែលនៅព្រះវិហារ Notre Dame ក្នុងទីក្រុងហូជីមិញ។ រូបថត៖ VOV |
នាយប់ថ្ងៃដដែល នៅទីក្រុងហូជីមិញ ខ្សែផ្លូវនិងតំបន់លំនៅដ្ឋានជាច្រើនត្រូវបានតុបតែងលម្អដោយពណ៌ចម្រុះនៃបុណ្យណូអែល។ ក្រៅពីកន្លែងលេងកម្សាន្តសាធារណៈ តំបន់ព្រះវិហារដូចជាព្រះវិហារ Notre Dame ព្រះវិហារ Tan Dinh និងព្រះវិហារ Mac-Ti-Nho... ក៏បានក្លាយជាចំណុចកណ្តាលនៅរាត្រី បុណ្យណូអែលផងដែរ។
នាប៉ុន្មានឆ្នាំថ្មីៗនេះ នៅវៀតណាម បុណ្យណូអែលមិនត្រឹមតែជាទិវាបុណ្យសម្រាប់អ្នកកាន់សាសនាកាតូលិកប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាទិវាបុណ្យរួមមួយ ដែលរួមចំណែកធ្វើឲ្យជីវភាពខាងស្មារតីរបស់សហគមន៍ សង្គមកាន់តែសម្បូរបែប៕