មនុស្ស ៦២.០០០ នាក់បានស្លាប់និងបាត់ខ្លួនដោយសារតែសង្គ្រាមនៅតំបន់ហ្គាហ្សា
(VOVWORLD) - ការវាយប្រហារអូសបន្លាយរយៈពេលជិត ១៨ ខែកន្លងទៅ របស់កងទ័ពអ៊ីស្រាអែលលើតំបន់ហ្គាហ្សា បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស និងសេដ្ឋកិច្ចសម្រាប់ប្រជាជនប៉ាឡេស្ទីន។
ការិយាល័យផ្សព្វផ្សាយរបស់ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាកាលពីថ្ងៃទី ១៨ ខែមេសា បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែលលើហ្គាហ្សាចាប់តាំងពីថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៣ បានធ្វើឱ្យមនុស្សជាង ៥១.០០០នាក់បានស្លាប់និង ១១.០០០ នាក់ផ្សេងទៀតបាត់ខ្លួន។ ក្នុងចំណោមអ្នកស្លាប់មានកុមារ និងស្ត្រីជាង៣០.០០០នាក់។ កងទ័ពអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកចំនួន ១០០.០០០ តោនចុះមកតំបន់ហ្គាហ្សា ដោយបានបំផ្លាញផ្ទះសម្បែងចំនួន ១៦៥.០០០ខ្នង។ មនុស្សជាង ២លាននាក់ ស្មើនឹង ៩០% នៃចំនួនប្រជាជននៅតំបន់ហ្គាហ្សា បានបាត់បងផ្ទះសម្បែង ហើយត្រូវការភៀសខ្លួន កំពុងប្រឈមមុខនឹងជីវភាពអាក្រក់ខ្លាំង។
រដ្ឋាភិបាលអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយលើតួលេខដែលចេញដោយការិយាល័យផ្សព្វផ្សាយរបស់ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សានោះទេ។ ទន្ទឹមនឹងនេះដែរ ប្រភពព័ត៌មានក្នុងតំបន់ជាច្រើនបានឲ្យដឹងថា តួលេខនេះគឺអាចទុកចិត្តបាន ដែលឆ្លុះបញ្ចាំងពីកម្រិតសោកនាដកម្មនៃជម្លោះដ៏បង្ហូរឈាមបំផុត នៅមជ្ឈិមបូព៌ា ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក៕