យុវជនវៀតណាមឆ្លើយតបយ៉ាងសកម្មចំពោះទិវាម៉ោងផែនដីឆ្នាំ២០២៦
(VOVWORLD) - យុទ្ធនាការម៉ោងផែនដីឆ្នាំ ២០២៦ ដែលមានសារថា "នវានុវត្តន៍បៃតង - អនាគតបៃតង" ដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបំផុសឡើង នឹងប្រព្រឹត្តទៅជាផ្លូវការនៅថ្ងៃទី២១ ខែមីនា ដោយមានសកម្មភាពជាច្រើនដែលទាក់ទាញមនុស្សមួយចំនួនធំចូលរូម ក្នុងនោះមានមជ្ឈដ្ឋានយុវជនផងដែរ។
ចំណុចលេចធ្លោនៃយុទ្ធនាការនេះគឺសកម្មភាពអំពាវនាវឲ្យប្រជាជនបិទភ្លើងរយៈពេលមួយម៉ោង ចាប់ពីម៉ោង ៨:៣០ យប់ ដល់ម៉ោង ៩:៣០ យប់ ថ្ងៃទី២៨ ខែមីនា។
សម្រាប់យុវជនជាច្រើន ការបិទភ្លើងរយៈពេល ៦០ នាទីមិនមែនគ្រាន់តែជាសកម្មភាពនិមិត្តរូបនោះទេ ប៉ុន្តែក៏ជាការប្តេជ្ញាចិត្តកាន់តែស៊ីជម្រៅចំពោះបរិស្ថានផងដែរ។ ដោយមានផ្នត់គំនិត "រស់នៅបៃតង" យុវជនជ្រើសរើសចូលរួមក្នុងទិវាម៉ោងផែនដីតាមវិធីផ្សេងៗគ្នា ជាច្រើន។
“ដើម្បីចូលរួមក្នុងទិវាម៉ោងផែនដីឆ្នាំនេះ ខ្ញុំនឹងបិទភ្លើងអគ្គិសនីរយៈពេលមួយម៉ោង។ ប៉ុន្តែក្រៅពីនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខ្ញុំបានសម្រេចចិត្តជិះឡានក្រុងទៅធ្វើការជំនួសឲ្យការជិះម៉ូតូ ហើយបដិសេធទាំងស្រុងមិនយកកែវប្លាស្ទិក និងទុយោនៅពេលទិញកាហ្វេ។ ក្រុមគ្រួសាររបស់ខ្ញុំក៏ប្រមូលសំរាមដែលអាចកែច្នៃឡើងវិញនៅផ្ទះ ហើយយកទៅតម្រៀបក្នុងអំឡុងពេលនេះផងដែរ”។
“ខ្ញុំកំពុងព្យាយាមហ្វឹកហាត់ជារៀងរាល់ថ្ងៃ មិនមែនគ្រាន់តែរង់ចាំរហូតដល់ម៉ោងផែនដីនោះទេ ដូចជាការកំណត់ការប្រើប្រាស់ភ្លើង ឬឧបករណ៍អេឡិចត្រូនិចនៅពេលដែលមិនចាំបាច់។ ខ្ញុំប្រើពន្លឺធម្មជាតិសម្រាប់ការអាន និងធ្វើការ”។
ជំនួសឱ្យការមើលឃើញម៉ោងផែនដីជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ពលរដ្ឋវ័យក្មេងបានមើលឃើញការការពារបរិស្ថានជាផ្នែកមួយនៃជីវិតរបស់ពួកគេ ជាជាងកិច្ចការដែលត្រូវបំពេញ។ នេះក៏ជាស្មារតីដែលសារ "នវានុវត្តន៍បៃតង - អនាគតបៃតង" សម្រាប់ឆ្នាំ ២០២៦ កំពុងឆ្ពោះទៅ៕