រដ្ឋាភិបាលយេម៉ែន និងកងកម្លាំងហ៊ូធី ដោះដូរអ្នកទោសជិត ៣.០០០នាក់

(VOVWORLD) - យោងតាមព័ត៌មានដែលបានបញ្ជាក់ដោយរដ្ឋាភិបាលយេម៉ែន និងកងកម្លាំងហ៊ូធី នាថ្ងៃទី ២៣ ខែធ្នូ កិច្ចព្រមព្រៀងដោះដូរអ្នកទោសថ្មីគឺជាលទ្ធផលនៃការចរចាដែលអូសបន្លាយរយៈពេលកន្លះខែរវាងភាគីទាំងពីរ ដែលសម្របសម្រួលដោយប្រទេសអូម៉ង់។ 

ភាគីទាំងពីរបានឯកភាពដោះដូរអ្នកទោសសរុបជិត ៣០០០នាក់ ក្នុងនោះ រដ្ឋាភិបាលយេម៉ែនបានប្រគល់អ្នកទោសចំនួន ១.៧០០នាក់ទៅឲ្យក្រុមហ៊ូធីវិញ និងទទួលអ្នកទោសចំនួន ១,២០០នាក់ពីក្រុមប្រដាប់អាវុធនេះ។ ក្នុងចំណោមអ្នកទោសដែលត្រូវបានដោះលែងដោយក្រុមហ៊ូធីក្រោមកិច្ចព្រមព្រៀងនេះ មានជនជាតិអារ៉ាប៊ីសាអូឌីត ៧នាក់ និងជនជាតិស៊ូដង់ ២៣នាក់។ ទោះជាយ៉ាងណាក៏ដោយ ពេលវេលានៃការដោះដូរមិនទាន់ត្រូវបានប្រកាសនៅឡើយទេ។

នៅក្នុងសេចក្តីប្រកាសមួយនាថ្ងៃទី២៣ ខែធ្នូ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកយេម៉ែន លោក Hans Grundberg បានស្វាគមន៍កិច្ចព្រមព្រៀងនេះ ដោយចាត់ទុកថា នេះជាជំហានវិជ្ជមានឆ្ពោះទៅរកការបញ្ឈប់សង្គ្រាមនៅក្នុងប្រទេសយេម៉ែន និងកាត់បន្ថយទុក្ខវេទនារបស់អ្នកទោស និងក្រុមគ្រួសាររបស់ពួកគេ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ