របបយោធាមីយ៉ាន់ម៉ា ប្រកាសឈប់បាញ់ជាបណ្តោះអាសន្ន
(VOVWORLD) - របបយោធាមីយ៉ាន់ម៉ាបានប្រកាសផ្អាកជាបណ្តោះអាសន្នរាល់ការប្រយុទ្ធគ្នាជាមួយក្រុមឧទ្ទាមប្រដាប់អាវុធ ដើម្បីអនុវត្តប្រតិបត្តិការជួយសង្គ្រោះ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧ រិចទ័រ នាចុងសប្តាហ៍កន្លងទៅ ដែលបណ្តាលឲ្យមនុស្សជាង ៣.០០០ នាក់បានស្លាប់។
សេចក្តីប្រកាសរបស់បញ្ជាការដ្ឋានកងទ័ពមីយ៉ាន់ម៉ាត្រូវបានចុះផ្សាយកាលពីថ្ងៃទី ២ ខែមេសា នៅលើទូរទស្សន៍ជាតិមីយ៉ាន់ម៉ា (MRTV) ដែលបានឲ្យដឹងថា បទឈប់បាញ់នឹងចូលជាធរមានរហូតដល់ថ្ងៃទី ២២ ខែមេសា ដើម្បីអនុវត្តកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីបទឈប់បាញ់បណ្តោះអាសន្នដោយឯកតោភាគី ពីក្រុមប្រដាប់អាវុធបណ្តាជនជាតិភាគតិច ដើម្បីគាំទ្រដល់សកម្មភាពជួយសង្គ្រោះជនរងគ្រោះ និងអ្នកដែលរងផលប៉ះពាល់ដោយការរញ្ជួយដីកាលពីថ្ងៃទី ២៨ ខែមីនា។ យោងតាមទូរទស្សន៍ MRTV ចំនួនអ្នកស្លាប់ក្នុងគ្រោះមហន្តរាយនេះ បានកើនឡើងដល់ជាង ៣.០០០ នាក់ រងរបួសជាង ៤.៥០០ នាក់ និងរាប់រយនាក់ទៀតកំពុងបាត់ខ្លួន។
គំនរបាក់បែកក្រោយការរញ្ជួយដីនៅទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥។ រូបថត៖ THX/TTXVN |
គ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បានបង្កការរញ្ជួយដីយ៉ាងខ្លាំង ប៉ះពាល់ដល់ប្រទេសថៃជិតខាង បណ្តាលឱ្យមានអគារមួយដួលរលំ សម្លាប់មនុស្ស ២១នាក់ និងជាង ៧០នាក់ផ្សេងទៀតបាត់ខ្លួន៕