លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យធនាគារអឺរ៉ុបផ្តល់កម្ចី ODA ជំនាន់ថ្មីដល់វៀតណាម
(VOVWORLD) - នារសៀលថ្ងៃទី ១២ មីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោកស្រី Nicola Beer អនុប្រធានធនាគារវិនិយោគ អឺរ៉ុប (EIB) រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃ EIB និង ក្រុមហ៊ុន Brosnan Norden Group (អាល្លឺម៉ង់)។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោកស្រី Nicola Beer អនុប្រធានធនាគារវិនិយោគ អឺរ៉ុប (EIB)។ (រូបថត៖ VGP) |
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ EIB និងវៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀង ODA ជំនាន់ថ្មី ជាមួយនឹងទំហំហិរញ្ញវត្ថុធំជាង អត្រាការប្រាក់អនុគ្រោះ ខ្ពស់ជាង នីតិវិធីសាមញ្ញជាង និងលក្ខខណ្ឌតឹងរ៉ឹងតិច; មិនត្រឹមតែផ្តល់ជំនួយហិរញ្ញវត្ថុ ដល់វិស័យរដ្ឋប៉ុណ្ណោះទេ ថែមទាំងផ្តល់ឲ្យវិស័យសេដ្ឋកិច្ចឯកជនរបស់វៀតណាម ទៀតផង។ រួមជាមួយនឹងហិរញ្ញវត្ថុ EIB ចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រង និងប្រតិបត្តិការប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយជោគជ័យ និងនិរន្តរភាព; ជួយឧបត្ថម្ភ ផ្ទេរបច្ចេកវិទ្យាជឿនលឿន បណ្តុះបណ្តាលធនធានមនុស្ស និងវិទ្យាសាស្ត្រគ្រប់គ្រង សម្រាប់វៀតណាម។
ដោយអះអាងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមក្នុងការអនុវត្តការផ្លាស់ប្តូរបៃតង និងការផ្លាស់ប្តូរថាមពល លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ EIB ចែករំលែក បទពិសោធន៍របស់ខ្លួនក្នុងការកៀរគរធនធានហិរញ្ញវត្ថុបៃតង កសាងយន្តការអនុគ្រោះ និងដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ដើម្បីគាំទ្រគម្រោងថាមពល កកើតឡើងវិញ ការកាត់បន្ថយការបំភាយឧស្ម័ន និងការសម្របខ្លួននឹងបម្រែបម្រួល អាកាសធាតុ។
ចំណែកលោកស្រី Nicola Beer បាននិយាយថា EIB បានបង្កើតកិច្ចសហ ប្រតិបត្តិការហិរញ្ញវត្ថុជាមួយវៀតណាមតាំងពីឆ្នាំ ១៩៩៧; បានសហការ និងគាំទ្រការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន និងថាមពលនៅវៀតណាម ក្នុងនោះមានគម្រោង រថភ្លើង Metro នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញផងដែរ។ លោកស្រី Nicola Beer បានបញ្ជាក់ថា EIB ត្រៀមខ្លួនជាស្រេចជួយ
វៀតណាមតាមរយៈគម្រោង ជាក់លាក់ ដោយខិតខំជាមួយវៀតណាមសម្រាប់គោលដៅកំណើន ៨% នៅឆ្នាំ ២០២៥ និងកំណើនពីរខ្ទង់ក្នុងប៉ុន្មានឆ្នាំបន្ទាប់៕