លោកនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងជំនួបធ្វើការស្តីពីផែនការមេរដ្ឋធានីហាណូយជាមួយនឹងចក្ខុវិស័យ ១០០ ឆ្នាំ
(VOVWORLD) - នារសៀលថ្ងៃទី ១៤ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល (នៅទីក្រុងហាណូយ) លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីក្នុងជំនួបធ្វើការរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ជាមួយថ្នាក់ដឹកនាំនៃទីក្រុងហាណូយ ដើម្បីផ្តល់យោបល់លើផែនការមេរដ្ឋធានីហាណូយ ជាមួយនឹងចក្ខុវិស័យ ១០០ ឆ្នាំ។
លោកនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងជំនួបធ្វើការស្តីពីផែនការមេរដ្ឋធានីហាណូយជាមួយនឹងចក្ខុវិស័យ ១០០ ឆ្នាំ។ (រូបថត៖ VOV) |
យោងតាមរបាយការណ៍របស់ទីក្រុងហាណូយ ផែនការមេនេះបានកំណត់ប៉ូលអភិវឌ្ឍន៍ចំនួន ៩ មជ្ឈមណ្ឌលធំៗចំនួន ៩ ដោយរួមផ្សំជាមួយអ័ក្សសំខាន់ៗចំនួន ៩ ជាមួយនឹងខ្សែក្រវាត់ និងច្រករបៀង សំដៅលើកកម្ពស់ការតភ្ជាប់តំបន់ និងប្រទេសជាតិ តភ្ជាប់ជាមួយព្រំដែន កំពង់ផែសមុទ្រ និងអន្តរជាតិ; តំបន់បេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសភាពតាមបណ្តោយទន្លេ Da ទន្លេក្រហម និងទន្លេ Duong; ខ្សែក្រវាត់បៃតងនៃបេតិកភណ្ឌធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ វិញ្ញាណ និងទេសចរណ៍នៅភាគខាងលិច ដែលតភ្ជាប់ខ្សែសង្វាក់រមណីយដ្ឋាន និងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនានា។
ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ VOV) |
អញ្ជើញធ្វើសន្និដ្ឋាននៅជំនួបធ្វើការ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចាត់ទុកថា ទស្សនៈនៃផែនការមេ គឺការដាក់មនុស្សជាមជ្ឈមណ្ឌលនិងកម្មវត្ថុ; កសាងទីក្រុងដ៏រីកចម្រើន ស៊ីវិល័យ វិបុលភាព មានអត្តសញ្ញាណ ទំនើប ជាមួយនឹងចក្ខុវិស័យ ១០០ ឆ្នាំ នៃការអភិវឌ្ឍពហុប៉ូល ពហុស្រទាប់ ពហុមជ្ឈមណ្ឌល ពហុទិសដៅ ពហុវិមាត្រ ការអភិវឌ្ឍតាមទិសដៅឌីជីថល ភ្លឺ បៃតង ស្រស់ស្អាត និងសម្បូរបែបខាងវប្បធម៌។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យថែរក្សា ជួសជុល លើកកម្ពស់វប្បធម៌និងអត្តសញ្ញាណរបស់ទីក្រុងហាណូយ តំបន់វិថីបុរាណ និងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌នានា។ ក្នុងពេលជាមួយគ្នានោះ រៀបចំលំហអភិវឌ្ឍន៍សម្រាប់ឧស្សាហកម្មវប្បធម៌ និងកម្សាន្ត; បង្កើតការគ្រប់គ្រងនិងអភិបាលកិច្ចទីក្រុងឆ្លាតវៃផងដែរ។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថា ចាំបាច់ត្រូវធ្វើពិពិធកម្មនិងបង្កើនប្រសិទ្ធភាពធនធានរបស់រដ្ឋ ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងឯកជន ហើយកសាងគោលនយោបាយដើម្បីកៀរគរធនធានដទៃទៀត៕