វៀតណាមជាប់ចំណាត់ថ្នាក់ទី ២០ លើពិភពលោកទាក់ទងនឹងការបើកចំហសេដ្ឋកិច្ច

(VOVWORLD) - នៅទូទាំងពិភពលោក វៀតណាមជាប់ចំណាត់ថ្នាក់ទី ២០ ក្នុងចំណោមទីផ្សារចំនួន ២០១ ដែលត្រូវបានអង្គការនេះធ្វើការវាយតម្លៃ។

នៅក្នុងរបាយការណ៍ “ហានិភ័យពាណិជ្ជកម្មនិងវិនិយោគវៀតណាម” សម្រាប់ត្រីមាសទី ៣ នៃឆ្នាំ ២០២២ នេះ របស់ក្រុមហ៊ុន Fitch Solutions វៀតណាមទទួលបានពិន្ទុ ៧៤,៦/១០០ ទាក់ទងនឹងការបើកចំហសេដ្ឋកិច្ច ខ្ពស់ជាងកម្រិតមធ្យម របស់អាស៊ីចំនួន ៤៦ពន្ទុ និងកម្រិតមធ្យមសកលគឺ ៤៩,៥ ពិន្ទុ។ នៅទូទាំងពិភពលោក វៀតណាមជាប់ចំណាត់ថ្នាក់ទី ២០ ក្នុងចំណោមទីផ្សារចំនួន ២០១ ដែលត្រូវបានអង្គការនេះធ្វើការវាយតម្លៃ។ ការបើកចំហសេដ្ឋកិច្ចរបស់ Fitch Solutions គឺជារង្វាស់នៃការបើកចំហពាណិជ្ជកម្ម និងជាការបើកចំហរវិនិយោគ ដោយផ្អែកលើតម្លៃនាំចូល-នាំចេញ និងការវិនិយោគផ្ទាល់ពីបរទេស (FDI)។

Fitch Solutions បានវាយតម្លៃថា វៀតណាមកំពុងលេចត្រដែតជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់មួយនៅអាស៊ីអាគ្នេយ៍ ដែលគាំទ្រដោយកិច្ចខិតខំប្រឹងប្រែងសេរីភាវូបនីយកម្មសេដ្ឋកិច្ចរបស់រដ្ឋាភិបាល និងដំណើរការធ្វើសមាហរណកម្មទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្ម។

ទាក់ទិនផងទៅនឹងសញ្ញាវិជ្ជមាននៃសេដ្ឋកិច្ចវៀតណាម យោងតាមទិន្នន័យរបស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានឱ្យដឹងថា ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២២ ការនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារដែលមានកិច្ចព្រមព្រៀង FTA សុទ្ធតែសម្រេចបាននូវកំណើនខ្ពស់បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដូចជា៖ ការនាំចេញទៅកាន់ប្រទេសកាណាដាបានកើនឡើង ២០,៨%; ម៉ិកស៊ិក ៤៤,៥%; ប្រទេសប៉េរូបានកើនឡើង ៨៤,៤%។ ទីផ្សារទាំងនេះគឺជាប្រទេស ដែលចូលរួមក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ជាមួយវៀតណាម។ ទន្ទឹមនឹងនេះដែរ ទិន្នន័យពីអគ្គនាយកស្ថិតិបង្ហាញថា ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២២ ការនាំចេញទំនិញត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង ២១៦,៣ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនោះ FDI សម្រេចបាននៅវៀតណាមក្នុងរយៈពេល ៧ ខែនៃឆ្នាំ ២០២២ គ្រោងនឹងសម្រេចបានចំនួន ១១,៥៧ ពាន់លានដុល្លារ។ នេះគឺជាចំនួនដើមទុនវិនិយោគផ្ទាល់ពីបរទេសខ្ពស់បំផុតក្នុងរយៈពេល ៧ ខែក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ