វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែកជំរុញកិច្ចសន្ទនា និងស្វែងរកវិធានការដើម្បីស្ថិរភាពស្ថានភាពនៅអ៊ុយក្រែននាពេលឆាប់ៗខាងមុខ

(VOVWORLD) - នារសៀលថ្ងៃទី១២ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានជួបពិភាក្សាដាច់ដោយឡែកជាមួយសមភាគីរុស្ស៊ី លោក Sergei Lavrov និងអ៊ុយក្រែន Dmytro Kuleba ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលកំពុងប្រារព្ធនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។

វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែកជំរុញកិច្ចសន្ទនា និងស្វែងរកវិធានការដើម្បីស្ថិរភាពស្ថានភាពនៅអ៊ុយក្រែននាពេលឆាប់ៗខាងមុខ - ảnh 1រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba (រូបថត៖ VOV)

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov រដ្ឋមន្ត្រីលោក Bui Thanh Son បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី ក៏ដូចជាយកចិត្តទុកដាក់លើការជំរុញកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក លើវិស័យផ្សេងៗ។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានអះអាងថា រុស្ស៊ីតែងតែចាត់ទុក វៀតណាមជាដៃគូសំខាន់របស់ខ្លួនក្នុងតំបន់; មានបំណងចង់ឱ្យវៀតណាមបន្តធ្វើជាស្ពានសម្រាប់រុស្ស៊ីពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាន។ រដ្ឋមន្ត្រីទាំងពីរបានឯកភាពថា ក្រសួងការបរទេសទាំងពីរគួរតែបន្តលើកកម្ពស់តួនាទីសម្របសម្រួលរបស់ខ្លួនក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនិយាយរួម និងជំរុញការសម្របសម្រួលរវាងស្ថាប័នទាំងពីរនិយាយដោយឡែក រួមទាំងការអនុវត្តផែនការសហប្រតិបត្តិការរវាងក្រសួងទាំងពីរ។

ក្នុងជំនួបរវាង លោករដ្ឋមន្ត្រី Bui Thanh Son និងសមភាគីអ៊ុយក្រែនលោក Dmytro Kuleba ភាគីទាំងពីរបានឯកភាពរៀបចំឆាប់ៗ ការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ និងសម័យប្រជុំលើកទី១៦ នៃគណៈ កម្មាធិការអន្តររដ្ឋាភិបាល ដើម្បីពិនិត្យស្ថានភាពកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគបច្ចុប្បន្ន ដែលត្រូវបានរងផលប៉ះពាល់ដោយជម្លោះរុស្ស៊ី-អ៊ុយក្រែន។

ក៏ក្នុងបណ្តាការពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងនូវគោលជំហរខ្ជាប់ខ្ជូនរបស់វៀតណាម៖ រាល់ជម្លោះទាំងអស់គួរត្រូវតែបានដោះស្រាយដោយសន្តិវិធី ស្របតាមគោលការណ៍នៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ; សង្ឃឹមថា ភាគីពាក់ព័ន្ធនឹងអនុវត្តការអត់ធ្មត់ បញ្ចប់ជម្លោះក្នុងពេលឆាប់ៗ និងបន្តការចរចា។ វៀតណាមមានគោលបំណង រួមចំណែកជំរុញការសន្ទនា ស្វែងរកវិធានការដើម្បីស្ថិរភាពស្ថានការណ៍អ៊ុយក្រែននាពេលឆាប់ៗ ក៏ដូចជាចូលរួមកិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិផ្តល់ជំនួយមនុស្សធម៌និងជំនួយសង្គ្រោះសម្រាប់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ