(VOVWORLD) - ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក ស៊ី ជីនពីង (ថ្ងៃទី ១៤-១៥ មេសា) នាថ្ងៃទី ១៥ មេសា វៀតណាម និងចិនបានចេញសេចក្តីថ្លែងការណ៍រួម។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងអគ្គលេខាបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង។ (រូបថត៖ VOV) |
សេចក្តីថ្លែងការណ៍បានអះអាងថា ភាគីទាំងពីរបានឯកភាពជំរុញយ៉ាងខ្ជាប់ខ្ជួននូវបុព្វហេតុមិត្តភាពវៀតណាម-ចិន។ ចិនសង្កត់ធ្ងន់នូវការប្រកាន់ខ្ជាប់នូវគោលនយោបាយមិត្តភាពជាមួយវៀតណាម ដោយជានិច្ចកាលចាត់ទុកវៀតណាមជាទិសដៅអាទិភាពក្នុងគោលនយោបាយការទូតអ្នកជិតខាង។ វៀតណាមអះអាងជាថ្មីម្ដងទៀតថា ជានិច្ចកាលចាត់ទុកទំនាក់ទំនងជាមួយចិនជាគោលជំហរដ៏ឥតងាករេ ជាតម្រូវការសត្យានុម័ត និងជាអាទិភាពកំពូលក្នុងគោលនយោបាយកិច្ចការបរទេស ឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីនិយម និងពិពិធកម្មរបស់វៀតណាម។ នេះគឺជាជម្រើសយុទ្ធសាស្ត្ររបស់ភាគីទាំងពីរ។
បន្តធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជំរុញការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិនដោយមានអត្ថន័យជាយុទ្ធសាស្ត្រ ជំរុញកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងភាគីទាំងពីរជាមួយនឹងគុណភាពកាន់តែខ្ពស់ បង្កើតគំរូវិជ្ជមានសម្រាប់កសាងសហគមន៍ចែករំលែកអនាគតរបស់មនុស្សជាតិ។
ភាគីទាំងពីរក៏បានអះអាងសារជាថ្មីថាត្រូវគាំទ្រគ្នាទៅវិញទៅមកយ៉ាងខ្ជាប់ខ្ជួនលើមាគ៌ាឈានឡើងសង្គមនិយមដែលសមស្របនឹងស្ថានភាពនៃប្រទេសនីមួយៗ។
ភាគីទាំងពីរបានកំណត់ថា ចាំបាច់ត្រូវរួមគ្នា លើកកំពស់ទំនុកចិត្តយុទ្ធសាស្ត្រដល់កម្រិតខ្ពស់ជាងមុន។ ភាគីវៀតណាមបានអះអាងពីការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយ “ចិនតែមួយ” ដោយទទួលស្គាល់ថា មានចិនតែមួយនៅលើពិភពលោក រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីដែនដីចិនបានឡើយ។ បញ្ហាហុងកុង ស៊ីនជាំង ទីបេ ជាកិច្ចការផ្ទៃក្នុងរបស់ចិន គាំទ្រចិន រក្សាការអភិវឌ្ឍដោយស្ថិរភាពរបស់ហុងកុង ស៊ីនជាំង ទីបេ។
ចិនវាយតម្លៃខ្ពស់ចំពោះគោលជំហរទាំងនេះរបស់វៀតណាម ហើយសម្ដែងការគាំទ្រចំពោះវៀតណាមក្នុងការថែរក្សាស្ថិរភាពសង្គម ធានាសន្តិសុខជាតិ និងការអភិវឌ្ឍ សាមគ្គីភាពរបស់ប្រជាជាតិទាំងមូល។
ភាគីទាំងពីរបានអះអាងសារជាថ្មីថា ចាំបាច់ត្រូវកសាងសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការការពារជាតិ-សន្តិសុខឲ្យកាន់តែជាក់ស្ដែង; ឯកភាពផ្តល់អាទិភាពដល់ការពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំងពីរទាក់ទងនឹងផ្លូវដែក ផ្លូវល្បឿនលឿន និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន។
វៀតណាមត្រៀមខ្លួនជាស្រេចពិភាក្សាអំពីការក្លាយជាប្រទេសដៃគូរបស់ BRICS និងត្រៀមខ្លួនជាស្រេចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រតិបត្តិការសៀងហៃ។
ភាគីទាំងពីរបានយកចិត្តទុកដាក់ដល់វិធានការរឹតត្បិតពាណិជ្ជកម្ម និងការវិនិយោគ ដោយអះអាងនូវការថែរក្សារបបពាណិជ្ជកម្មពហុភាគី បើកចំហ តម្លាភាព បរិយាប័ន្ន គ្មានការរើសអើង ដោយមានអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាស្នូល គោលការណ៍ជាមូលដ្ឋានគ្រឹះ ជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ចឱ្យអភិវឌ្ឍន៍តាមទិសដៅបើកចំហ បរិយាប័ន្ន នាំមកនូវផលប្រយោជន៍រួម តុល្យភាព និងឈ្នះ-ឈ្នះ។
ភាគីទាំងពីរបានឯកភាពគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នាឱ្យបានសមហេតុផល រក្សាទំនាក់ទំនងមិត្តភាពវៀតណាម-ចិន។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការគ្រប់គ្រងឲ្យកាន់តែល្អជាង និងដោះស្រាយយ៉ាងសកម្មនូវការខ្វែងគំនិតគ្នានៅសមុទ្រ រួមគ្នារក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត។ ឯកភាពប្រតិបត្តិតាមការយល់ដឹងរួមដ៏សំខាន់រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ ស្វែងរកយ៉ាងសកម្មនូវដំណោះស្រាយជាមូលដ្ឋាននិងយូរអង្វែងដែលអាចទទួលយកបានសម្រាប់ភាគីទាំងពីរ ស្របតាម “កិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋានណែនាំការដោះស្រាយបញ្ហាដែនសមុទ្ររវាងវៀតណាម និងចិន” ច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២; មិនមានសកម្មភាពដែលធ្វើឱ្យស្ថានការណ៍ស្មុគស្មាញ ពង្រីកជម្លោះ ហើយរួមគ្នារក្សាស្ថិរភាពនៅសមុទ្រ។
ភាគីទាំងពីរបានអះអាងថា នឹងបន្តអនុវត្តន៍យ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវ “សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត” (DOC) ដោយឈរលើមូលដ្ឋាននៃការពិគ្រោះយោបល់ ដើម្បីឈានទៅសម្រេចបាននូវ “ក្រមប្រតិបត្តិនៅសមុទ្រខាងកើត” (COC) ដោយមានសុពលភាព ជាក់ស្តែង ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសមុទ្រឆ្នាំ ១៩៨២។
អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានគោរពអញ្ជើញលោកអគ្គលេខាបក្ស តូ ឡឹម និងលោកប្រធានរដ្ឋ លឿង គឿង ទៅបំពេញទស្សនកិច្ចនៅប្រទេសចិនម្តងទៀតក្នុងពេលឆាប់ៗនេះ។ លោកអគ្គលេខាបក្ស តូ ឡឹម និងលោកប្រធានរដ្ឋ លឿង គឿង បានសម្តែងនូវអំណរគុណ និងរីករាយទទួលយកការអញ្ជើញ៕