វៀតណាមប្រកាន់​ខ្ជាប់នូវគោលនយោបាយការពារជាតិ៤មិន​

(VOVWORLD) - នាព្រឹកថ្ងៃទី ២៥ កុម្ភៈ នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានទទួលជួបលោកស្រី Thobekile Gamede អគ្គលេខាធិការស្តីទីក្រសួងការពារជាតិអាហ្វ្រិកខាងត្បូង។

នៅទីនេះ នាយឧត្តមសេនីយ៍ Phan Van Giang បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អាហ្វ្រិកខាងត្បូងលើកទី៣ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានស្នើឱ្យស្រាវជ្រាវលទ្ធភាពនៃការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ នាពេលឆាប់ៗខាងមុខ ធ្វើជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរឱ្យកាន់តែជាក់ស្តែងនិងមានប្រសិទ្ធភាព។

វៀតណាមប្រកាន់​ខ្ជាប់នូវគោលនយោបាយការពារជាតិ៤មិន​ - ảnh 1នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ទទួលជួបលោកស្រី Thobekile Gamede អគ្គលេខាធិការស្តីទីក្រសួងការពារជាតិអាហ្វ្រិកខាងត្បូង។ រូបថត៖ VOV

នាព្រឹកថ្ងៃដដែល អញ្ជើញជាសហអធិបតីនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - អាហ្រ្វិកខាងត្បូងលើកទី ៣ ជាមួយលោកស្រី Thobekile Gamede អគ្គលេខាធិការស្តីទីនៃក្រសួងការពារជាតិអាហ្រ្វិកខាងត្បូង ឧត្តមសេនីយឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្រៃយ៍គណៈកម្មាធិការយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានសង្កត់ធ្ងន់លើគោលនយោបាយកិច្ចការបរទេសឥតងាករេរបស់វៀតណាម ប្រកាន់ខ្ជាប់នូវគោលនយោបាយការពារជាតិ “៤មិន” និងដោះស្រាយរាល់វិវាតនិងការខ្វែងគំនិតគ្នាដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ។ នាពេលខាងមុខ ដោយផ្អែកលើឯកសារដែលបានចុះហត្ថលេខា ក្រសួងការពារជាតិនៃប្រទេសទាំងពីរនឹងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចសំខាន់ៗដូចជា បន្តជំរុញទំនាក់ទំនងនិងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ រក្សាប្រសិទ្ធភាពយន្តការសន្ទនាគោលនយោបាយការពារជាតិនៅថ្នាក់អនុរដ្ឋមន្ត្រី។ រីឯខ្លួនវិញ ដោយបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែករបស់វៀតណាមក្នុងការដោះស្រាយបញ្ហារួមក្នុងតំបន់និងពិភពលោក លោកស្រី Thobekile Gamede បានឯកភាពជាមួយសំណើរបស់ឧត្តមសេនីយឯក Hoang Xuan Chien ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនាពេលខាងមុខ ជាពិសេសក្នុងវិស័យឧស្សាហកម្មការពារជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ