វៀតណាមរួមដៃជំរុញដើម្បីភពផែនដីបៃតងនិងអនាគតបៃតង
(VOVWORLD) - ពិធីបើកកិច្ចប្រជុំកំពូលនៃវេទិកាភាពជាដៃគូដើម្បីកំណើនបៃតងនិងគោលដៅសកលឆ្នាំ២០៣០ (P4G) ក្រោមប្រធានបទ “ការធ្វើបរិវត្តកម្មបៃតងប្រកបដោយនិរន្តរភាព ប្រកាន់យកមនុស្សធ្វើជាស្នូល” បានប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៦ មេសា នៅទីក្រុងហាណូយ។
អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោគ តូ ឡឹម នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone នាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed Ali ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក នេត សាវឿន និងអគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោកស្រី Amina Mohamm រួមជាមួយគណៈប្រតិភូជាង ១០០០ នាក់មកពីប្រទេស និងអង្គការអន្តរជាតិចំនួន៤០បានអញ្ជើញចូលរួម។ នេះគឺជាកិច្ចប្រជុំកំពូលពហុភាគីលើកដំបូងស្តីពីកំណើនបៃតងដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងបណ្តាប្រមុខរដ្ឋ ចុចប៊ូតុងបើកការតាំងពិព័រណ៍កំណើនបៃតង។ រូបថត៖ VOV |
ថ្លែងនៅក្នុងកិច្ចប្រជុំ លោកអគ្គលេខាបក្ស តូ ឡឹម បានវាយតំលៃខ្ពស់ចំពោះការចូលរួមយ៉ាងច្រើនកុះករ របស់គណៈប្រតិភូក្នុងកិច្ចប្រជុំ P4G នៅវៀតណាម។ លោកអគ្គលេខាបក្សបានអះអាងថា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ វៀតណាមកំពុងខិតខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បីជំរុញការបោះជំហានទម្លុះទម្លាយជាយុទ្ធសាស្ត្រ ខិតខំប្រឹងប្រែងដើម្បីត្រៀមរៀបចំឲ្យបានល្អបំផុតសម្រាប់ដំណើរការអភិវឌ្ឍយ៉ាងឆាប់រហ័ស បៃតង បរិយាប័ន្ន និងនិរន្តរភាព៖
“ដំណើរការសម្រេចបានគោលដៅត្រូវធានានូវគោលការណ៍និរន្តរភាព បរិយាប័ន្ន និងភាពសុខដុមរមនា។ ការអភិវឌ្ឍយ៉ាងឆាប់រហ័សត្រូវតែដើរទន្ទឹមគ្នាជាមួយនិរន្តរភាព គុណភាពខ្ពស់ និងភាពសុខដុមរមនារវាងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គម ការការពារបរិស្ថាននិងការសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ។ ការអភិវឌ្ឍប្រទេសជាតិត្រូវតែដើរទន្ទឹមជាមួយនឹងទំនួលខុសត្រូវអន្តរជាតិ រួមចំណែកកាន់តែច្រើនដល់សន្តិភាព ស្ថិរភាព សុភមង្គលរបស់មនុស្សជាតិ និងអរិយធម៌ពិភពលោក។ ដំណើរការអភិវឌ្ឍត្រូវតែប្រកាន់យកប្រជាជនធ្វើជាស្នូល ហើយប្រជាជនត្រូវតែទទួលបានផ្លែផ្កានៃការអភិវឌ្ឍទាំងអស់”។
លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល P4G។ រូបថត៖ VOV |
ក្នុងស្មារតីនោះ លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមប្តេជ្ញាដោះស្រាយការរាំងស្ទះផ្នែកស្ថាប័ន ជំរុញការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្តោតលើការកសាងស្ថាប័នសម្រាប់កំណើនបៃតង។ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល P4G បានអះអាងសារជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះការអភិវឌ្ឍប្រកបដោយចីរភាព ការផ្លាស់ប្តូរថាមពល និងគោលដៅអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០។
មុននោះ សារនិងការប្តេជ្ញាចិត្តនេះ ក៏ត្រូវបាននាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ សង្កត់ធ្ងន់នៅក្នុងសុន្ទរកថាបើក P4G ដោយបានអះអាងថា ការធ្វើបរិវត្តកម្មបៃតងគឺជាជម្រើសយុទ្ធសាស្ត្ររបស់វៀតណាមក្នុងបរិបទបច្ចុប្បន្ន៖
“ការចូលរួមនិងទទួលបានផ្លែផ្កានៃការធ្វើបរិវត្តកម្មបៃតង គឺជាទំនួលខុសត្រូវ និងជាផលប្រយោជន៍របស់ប្រទេសទាំងអស់។ សម្រាប់វៀតណាម រួមជាមួយនឹងការធ្វើបរិវត្តកម្មឌីជីថល យើងខ្ញុំកំណត់ការធ្វើបរិវត្តកម្មបៃតងជាកត្តាចាំបាច់ និងជាកម្លាំងចលករសម្រាប់បោះជំហានទម្លុះទម្លាយ ដើម្បីសម្រេចបានគោលដៅក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ អនុវត្តន៍ការសន្យារបស់វៀតណាមនៅ COP26 ស្តីពីការបំភាយឧស្ម័នសុទ្ធត្រឹមកម្រិតសូន្យ ត្រឹមឆ្នាំ២០៥០”។
នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល P4G។ រូបថត៖ VOV |
ដោយវាយតំលៃខ្ពស់ចំពោះការដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ និងការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងការធ្វើបរិវត្តកម្មបៃតងនាពេលកន្លងមក លោកស្រី Amina Mohamm អគ្គលេខាធិការរងអង្គការសហប្រជាជាតិបានមានប្រសាសន៍ថា៖
“វៀតណាមកំពុងដើរជួរមុខក្នុងផែនការសកម្មភាពនៅក្នុងបរិបទដែលមានបញ្ហាប្រឈមជាច្រើន នាបច្ចុប្បន្ន។ ជាមួយនឹងកំណើន FDI គួរឱ្យចាប់អារម្មណ៍ក្នុងការទាក់ទាញការវិនិយោគលើវិស័យថាមពល វៀតណាមជាគំរូដ៏ច្បាស់លាស់សម្រាប់ប្រទេសជាច្រើន ហើយខ្ញុំសង្ឃឹមថា វៀតណាមនឹងបន្តលើកកម្ពស់តួនាទីជំរុញកិច្ចសហប្រតិបត្តិការសាធារណៈ-ឯកជន ក្នុងការធ្វើបរិវត្តកម្មបៃតង ការផ្លាស់ប្តូរថាមពលដោយសមភាព សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ជាមួយនឹងគោលដៅបម្រើប្រជាជន”។
លោកស្រី Amina Mohamm អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល P4G។ រូបថត៖ VOV |
មុននោះ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ បានធ្វើជាអធិបតីក្នុងពិធីស្វាគមន៍ជាផ្លូវការ និងថតរូបជាមួយប្រធានគណៈប្រតិភូ ដែលចូលរួមពិធីបើកការតាំងពិព័រណ៍កំណើនបៃតង៕