សញ្ញាសម្គាល់ថ្មីក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រសម្រាប់អនាគតវៀតណាម-អេស្ប៉ាញ
(VOVWORLD) - ក្នុងឱកាសនេះ វៀតណាមនិងអេស្បាញនឹងចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការហិរញ្ញវត្ថុលើកទី ៦ ដែលអនុញ្ញាតឱ្យអេស្ប៉ាញបន្តផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់គម្រោងធំៗមួយចំនួននៅវៀតណាម។
ឯកអគ្គរដ្ឋទូតអេស្ប៉ាញប្រចាំនៅវៀតណាម លោកស្រី Carmen Cano de Lasala (រូបថត៖ Duong Giang/TTXVN) |
នាថ្ងៃទី ៨ មេសា នៅទីក្រុងហាណូយ ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់វិទ្យុសម្លេងវៀតណាម លោកស្រី Carmen Cano de Lasala ឯកអគ្គរដ្ឋទូតអេស្ប៉ាញប្រចាំនៅវៀតណាមបានអះអាងថា ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រី Pedro Sánchez តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយឆ្ពោះទៅខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងអេស្បាញ់និងវៀតណាម (២៣ ឧសភា ១៩៧៧-២៣ ឧសភា ២០២៧)៖
“នេះជាដំណើរទស្សនកិច្ចលើកដំបូងមកកាន់វៀតណាមរបស់នាយករដ្ឋមន្ត្រីអេស្ប៉ាញ។ ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ បន្ទាប់ពីឆ្លងកាត់ពេលវេលា ទំនាក់ទំនងរវាងប្រទេសអេស្ប៉ាញ និងវៀតណាមកាន់តែជិតស្និទ្ធ។ យើងជាប្រទេសពីរ បើទោះបីភូមិសាស្ត្រនៅឆ្ងាយពីគ្នាក៏ដោយ ក៏កាន់តែស្និទ្ធស្នាលពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងផ្តល់នូវកម្លាំងចលករនយោបាយដ៏សំខាន់ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងលើកកំពស់ទំនាក់ទំនងទ្វេភាគីឡើងដល់កម្ពស់ថ្មីមួយ”។
លោកស្រីឯកអគ្គរដ្ឋទូតបានអះអាងថា ក្នុងដំណើរទស្សនកិច្ចលើកនេះ (៨-១០ មេសា) លោកនាយករដ្ឋមន្ត្រី Pedro Sánchez នឹងចូលរួមវេទិកាធុរកិច្ចវៀតណាម-អេស្ប៉ាញនៅទីក្រុងហូជីមិញ។ ក្នុងឱកាសនេះ វៀតណាមនិងអេស្បាញនឹងចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការហិរញ្ញវត្ថុលើកទី ៦ ដែលអនុញ្ញាតឱ្យអេស្ប៉ាញបន្តផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់គម្រោងធំៗមួយចំនួននៅវៀតណាម។ លោកស្រីឯកអគ្គរដ្ឋទូតជឿជាក់ថា វៀតណាម និងអេស្បាញមានមូលដ្ឋានរឹងមាំដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី ព្រមទាំងរួមចំណែកបង្កើតពិភពលោកប្រកបដោយសុវត្ថិភាព និងស្ថិរភាពជាង៕