សហគមន៍អន្តរជាតិអំពាវនាវឱ្យដោះស្រាយវិបត្តិនៅវេណេស៊ុយអេឡាដោយ​សន្តិវិធី

(VOVWORLD) - សហភាពអឺរ៉ុប (EU) នាថ្ងៃទី៤ ខែមករា បានចេញសេចក្តីប្រកាស ដោយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលវិបាកដ៏ធ្ងន់ធ្ងរ នៃការធ្វើអន្តរាគមន៍របស់អាមេរិកនៅក្នុងប្រទេសវេណេស៊ុយអេឡា។

សេចក្តីប្រកាសនេះ បានដកស្រង់សម្តីរបស់តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកសន្តិសុខ និងគោលនយោបាយការបរទេស លោកស្រី Kaja Kallas បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យអនុវត្តការអត់ធ្មត់ជាអតិបរមា ដើម្បីជៀសវាងភាពតានតឹងកាន់តែខ្លាំងឡើង ហើយបានបញ្ជាក់ពីភាពចាំបាច់ ក្នុងការឆ្ពោះទៅរកដំណោះស្រាយសន្តិភាពសម្រាប់វិបត្តិដែលកំពុងតែបន្តនៅក្នុងប្រទេសអាមេរិកខាងត្បូងនេះ។ EU បានបញ្ជាក់សារជាថ្មីថា ក្នុងកាលៈទេសៈទាំងអស់ គោលការណ៍នៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអ.ស.ប ត្រូវការបានគោរព។

សហគមន៍អន្តរជាតិអំពាវនាវឱ្យដោះស្រាយវិបត្តិនៅវេណេស៊ុយអេឡាដោយ​សន្តិវិធី - ảnh 1នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានសម្តែងទស្សនៈរបស់លោកនៅលើ បណ្តាញសង្គម។ រូបថតអេក្រង់ពីហ្វេសប៊ុក៖ VOV/Bangkok

ចំពោះមុខស្ថានភាពតានតឹងនៅវេណេស៊ុយអេឡា ប្រទេសជាច្រើន រួមទាំងប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី បានសម្តែងការព្រួយបារម្ភ និងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យអនុវត្តការអត់ធ្មត់ និងដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

នៅថ្ងៃទី៤ ខែមករា ក្រសួងការបរទេសថៃបានចេញសេចក្តីប្រកាសដោយអំពាវនាវឱ្យសហរដ្ឋអាមេរិក និងវេណេស៊ុយអេឡា រួមជាមួយភាគីពាក់ព័ន្ធទាំងអស់ អនុវត្តការអត់ធ្មត់ជាអតិបរមា ជៀសវាងការឡើងជណ្ដើរនៃជម្លោះ ផ្តល់អាទិភាពដល់ការការពារជនស៊ីវិល និងគោរពឆន្ទៈរបស់ប្រជាជនវេណេស៊ុយអេឡា។

ប្រទេសម៉ាឡេស៊ីបានបញ្ជាក់ថា អន្តរាគមន៍ពីខាងក្រៅសំដៅផ្លាស់ប្តូរថ្នាក់ដឹកនាំរបស់ប្រទេសមួយ អាចបង្កើតគំរូដ៏គ្រោះថ្នាក់មួយ និងធ្វើឱ្យច្បាប់អន្តរជាតិចុះខ្សោយ។

ដូចគ្នានេះដែរ នៅថ្ងៃទី៤ ខែមករា ក្រសួងការបរទេសសិង្ហបុរីបានចេញសេចក្តីប្រកាសដោយប្រឆាំងជំទាស់នឹងសកម្មភាពទាំងអស់ដែលផ្ទុយនឹងច្បាប់អន្តរជាតិ រួមទាំងអន្តរាគមន៍យោធាពីខាងក្រៅផងដែរ; ហើយបានអំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យមានភាពអត់ធ្មត់ និងស្វែងរកដំណោះស្រាយដោយសន្តិវិធីនៅក្នុងប្រទេសវេណេស៊ុយអេឡា៕


ប្រតិកម្មទៅវិញ

ផ្សេងៗ