អ៊ីស្រាអែលមិនមានបំណងវាយប្រហារលើអ៊ីរ៉ង់

(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍កាលពីយប់ថ្ងៃទី ៥ ខែមករាថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ តាមរយៈប្រធានាធិបតីរុស្ស៊ី បានបញ្ជូនសារសំខាន់មួយ ទៅកាន់មន្ត្រីអ៊ីរ៉ង់ថា អ៊ីស្រាអែលមិនចង់វាយប្រហារ និងបង្កើនភាពតានតឹងជាមួយអ៊ីរ៉ង់ទេ។

យោងតាមវិទ្យុ Kan អ៊ីស្រាអែលមានការព្រួយបារម្ភថា អ៊ីរ៉ង់  ជឿថាខ្លួននឹងត្រូវអ៊ីស្រាអែលវាយប្រហារ អាចនឹងគណនាខុស ហើយបើកការវាយប្រហារ លើអ៊ីស្រាអែលជាមុន។ មន្ត្រីអ៊ីស្រាអែលមិនទាន់បានបញ្ជាក់ព័ត៌មាននេះនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ ថ្លែងនៅចំពោះមុខសភាអ៊ីស្រាអែលកាលពីម្សិលមិញ នាយករដ្ឋមន្ត្រីណេតាន់យ៉ាហ៊ូ បានព្រមានថា ការវាយប្រហារណាមួយរបស់អ៊ីរ៉ង់លើអ៊ីស្រាអែលនឹងមានផលវិបាកដ៏មហន្តរាយ។

នៅក្នុងការវិវឌ្ឍផ្សេងទៀត នៅថ្ងៃដដែលនោះ ទីភ្នាក់ងារសុខាភិបាល ប៉ាឡេស្ទីនបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្សបួននាក់ត្រូវបានសម្លាប់ និងប្រហែល ១០ នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលពីរលើកលើជំរំប៉ាឡេស្ទីនមួយក្នុងតំបន់ Khan Younis ភាគខាងត្បូងហ្គាហ្សា។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ថា កងទ័ពអាកាសអ៊ីស្រាអែលបានវាយប្រហារសមាជិកម្នាក់នៃចលនាអ៊ីស្លាមហាម៉ាសនៅភាគខាងត្បូងហ្គាហ្សា។ ដោយអះអាងថា ខ្មាន់កាំភ្លើងហាម៉ាសបានឆ្លងកាត់ខ្សែបន្ទាត់លឿង ដោយរំលោភលើបទឈប់បាញ់ និងបង្កការគំរាមកំហែងដ៏គ្រោះថ្នាក់ដល់ទាហានអ៊ីស្រាអែល ដែលបង្ខំឱ្យកងទ័ពអាកាសអ៊ីស្រាអែលធ្វើសកម្មភាពដើម្បីកំចាត់ការគំរាមកំហែង។

នៅថ្ងៃដដែលនោះ ទីភ្នាក់ងារសារព័ត៌មានស៊ីរី SANA បានរាយការណ៍ថា គណៈប្រតិភូស៊ីរីដឹកនាំដោយរដ្ឋមន្ត្រីការបរទេស អាសាដ អាល់-សៃបានី បានចូលរួមក្នុងកិច្ចចរចាជុំថ្មីមួយជាមួយអ៊ីស្រាអែល នៅប្រទេសបារាំង សម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលមានគោលបំណងឈានដល់កិច្ចព្រមព្រៀងសន្តិសុខរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ