លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ តម្រូវឲ្យសម្រចការសាងសង់ផ្លូវល្បឿនលឿន ហូវយ៉ាង (ចាស់) - កាម៉ាវ មុនថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦
(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ ខែធ្នូ ក្នុងកម្មវិធីធ្វើការ នៅតំបន់ដីសណ្តទន្លេ Cuu Long លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងក្រុមការងារបានហោះហើរទៅត្រួតពិនិត្យ ស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការធានាការពារជាតិ និងសន្តិសុខកោះសមុទ្រនៅក្នុងតំបន់កាម៉ាវ (Ca Mau) ព្រមទាំងបានត្រួតពិនិត្យ លើកទឹកចិត្ត និងដឹកនាំការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងខេត្តផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវទៅកាន់កោះ Hon Khoai និងកំពង់ផែប្រើប្រាស់ពីរយ៉ាង Hon Khoai។ (រូបថត៖ Lai Hoa/VOV) |
នៅខេត្ត កាម៉ាវ ជាពិសេសនៅក្នុងតំបន់ Dat Mui គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនកំពុងត្រូវបានអនុវត្តន៍ ដូចជា៖ ផ្លូវគមនាគមន៍ទៅកាន់កោះ Hon Khoai; គម្រោងផ្លូវល្បឿនលឿន Ca Mau - Cai Nuoc និង Cai Nuoc - Dat Mui; កំពង់ផែប្រើប្រាស់បានពីរយ៉ាង Hon Khoai។ ក្នុងនោះ គម្រោងផ្លូវគមនាគមន៍ទៅកាន់កោះ Hon Khoai មានប្រវែងជាង ១៨ គីឡូម៉ែត្រ ជាមួយនឹងការវិនិយោគសរុបជាង ២៥,៧ ទ្រីលានដុង (៩៨០ លានដុល្លារអាមេរិក); គម្រោងផ្លូវល្បឿនលឿន Ca Mau - Cai Nuoc និង Cai Nuoc - Dat Mui មានប្រវែង ៨១ គីឡូម៉ែត្រ ជាមួយនឹងការវិនិយោគសរុបជិត ៦០ ទ្រីលានដុង (២,២៨ ពាន់លានដុល្លារអាមេរិក); គម្រោងកំពង់ផែប្រើប្រាស់ពីរយ៉ាង Hon Khoai ដោយមានការវិនិយោគសរុបជិត ១៦ ទ្រីលានដុង (ជាង ៦០៨ លានដុល្លារអាមេរិក)។
លោកនាយករដ្ឋមន្ត្រី ប្រគល់អំណោយដល់កម្មករដែលកំពុងធ្វើការនៅគម្រោងសាងសង់ផ្លូវទៅកាន់កោះ Hon Khoai។ (រូបថត៖ Lai Hoa/VOV) |
ដោយវាយតម្លៃថា គម្រោងទាំងនេះមានលក្ខណៈសណ្ឋានដី ភូគម្ពសាស្ត្រ និងលក្ខខណ្ឌសាងសង់ដ៏លំបាកនិងស្មុគស្មាញ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានតម្រូវឱ្យកៀរគរកម្លាំង និងឧបករណ៍ អនុវត្តន៍វិធីសាស្រ្ត និងបច្ចេកវិទ្យាសំណង់ទំនើបៗ ហើយអនុវត្តន៍គម្រោងទាំងលើដី និងលើសមុទ្រក្នុងពេលដំណាលគ្នា។ អង្គភាពនានាត្រូវរចនាចំណុចប្រសព្វគ្នាបន្ថែម និងកន្លែងឈប់សម្រាកនៅតាមគម្រោងគមនាគមន៍ ជាពិសេសផ្លូវទៅកាន់កោះ Hon Khoai ដើម្បីធ្វើអាជីវកម្មនិងអភិវឌ្ឍន៍វិស័យទេសចរណ៍។
ទាក់ទងនឹងគម្រោងផ្លូវល្បឿនលឿនហូវយ៉ាង - កាម៉ាវ លោកនាយករដ្ឋមន្ត្រីបានស្នើ ឱ្យក្រសួងសំណង់ដឹកនាំអ្នកវិនិយោគ និងអ្នកម៉ៅការ ពន្លឿនការសាងសង់ដើម្បីសម្រេចរួចរាល់មុនថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ ដើម្បីតភ្ជាប់ផ្លូវល្បឿនលឿនទាំងមូលពីខេត្តកាវបាំង ទៅខេត្ត កាម៉ាវ៕