សហគ្រាសវៀតណាម​ចំនួន ១៧ បាន​ទទួល​ពាន​រង្វាន់ "អនុវត្តគោលការណ៍​ផ្តល់​សិទ្ធិ​ដល់​ស្ត្រី”​ នៅ​ UN Women Weps Award ២០២៤

(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ វិច្ឆិកា នៅទីក្រុងហាណូយ ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកសមភាពយេនឌ័រ និងផ្តល់សិទ្ធិដល់ស្ត្រី (UN Women) ប្រចាំនៅវៀតណាម បានសម្របសម្រួលជាមួយសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) រៀបចំពិធីប្រគល់ពានរង្វាន់សម្រាប់ការអនុវត្ត គោលការណ៍ផ្តល់សិទ្ធិដល់ស្ត្រី (Weps Award) ឆ្នាំ ២០២៤ របស់ UN Women ជូនសហគ្រាសវៀតណាមចំនួន ១៧។ ទាំងនេះគឺជាសហគ្រាសដែលមានគំនិតផ្តួចផ្តើមច្នៃប្រឌិតជាច្រើន និងការរួមចំណែកជាវិជ្ជមានក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងអង្គភាពអាជីវកម្ម ទីផ្សារ និងក្នុងសហគមន៍ ឆ្ពោះទៅរកវិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅវៀតណាម។

ថ្លែងមតិនៅពិធីនេះ លោក Nguyen Quang Vinh អនុប្រធានសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមបានអះអាងថា៖ សមភាពនិងវិបុលភាពមិនត្រឹមតែជាគោលដៅប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេស និងសង្គមទាំងមូលទៀតផង។

សហគ្រាសវៀតណាម​ចំនួន ១៧ បាន​ទទួល​ពាន​រង្វាន់ ទិដ្ឋភាពទូទៅនៃពិធីប្រកាស សហគ្រាសទទួលបានពានរង្វាន់ UN Women WEPs ២០២៤។ រូបថត៖ Kim Thanh/VOV

“ប្រការនេះបង្ហាញពីការសន្យាយ៉ាងមុតមាំរបស់វៀតណាមក្នុងដំណើរការអនុវត្តន៍គោលដៅសមភាពយេនឌ័រ និងការអភិវឌ្ឍប្រកបដោយចីរភាព ធានាការអភិវឌ្ឍប្រកបដោយសុខដុមរមនារវាងសេដ្ឋកិច្ច សង្គម និងបរិស្ថាន។ ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល VCCI ក៏កំពុងធ្វើការជាមួយដៃគូនានាដើម្បីអនុវត្តកម្មវិធីជាច្រើន ហើយ UN Women ក្រសួង ផ្នែក និងអង្គការអន្តរជាតិ គឺជាដៃគូដ៏សំខាន់បំផុតមួយនៅក្នុងគម្រោងនេះ នាពេលកន្លងទៅ ដើម្បីដាក់ពង្រាយសកម្មភាពចម្រុះស្តីពីការគាំទ្រស្ត្រីចាប់ផ្តើមនិងអភិវឌ្ឍអាជីវកម្ម ជំរុញសហគ្រាសអាជីវកម្មប្រកបដោយការទទួលខុសត្រូវ និងអនុវត្តន៍តាមគោលនយោបាយសមភាពយេនឌ័រ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន”។

បច្ចុប្បន្ន មានសហគ្រាសវៀតណាម ចំនួន ២២២ និងសហគ្រាសជាង ១០.០០០ នៅទូទាំងពិភពលោកបានសន្យាអនុវត្តគោលការណ៍ផ្តល់សិទ្ធិដល់ស្ត្រី (WEPs)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ