សហរដ្ឋអាមេរិកបិទស្ថានទូតចំនួន​ពីរនៅមជ្ឈិមបូព៌ា

(VOVWORLD) - នាថ្ងៃទី ៣ ខែមីនា សហរដ្ឋអាមេរិកបានបិទស្ថានទូតរបស់ខ្លួននៅអារ៉ាប៊ីសាអូឌីត និងគុយវ៉ែត ហើយបានអំពាវនាវឱ្យពលរដ្ឋអាមេរិកចាកចេញពីមជ្ឈិមបូព៌ាជាបន្ទាន់ ក្នុងបរិបទដែលមានជម្លោះកាន់តែខ្លាំងឡើង រវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់។

ការព្រមាននេះត្រូវបានធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារលើអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ បណ្តាលឲ្យមេដឹកនាំកំពូល Ayatollah Ali Khamenei និងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់រាប់សិបនាក់បានស្លាប់។

ក្នុងពេលនោះ សេចក្តីប្រកាសពីកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) នាថ្ងៃទី ៣ ខែមីនា (ម៉ោងក្នុងស្រុក) បានឲ្យដឹងថា មានការបាញ់មីស៊ីល និងយន្តហោះដ្រូនម្តងទៀត សំដៅទៅលើអ៊ីស្រាអែល។

ក្រសួងការពារជាតិអ៊ីរ៉ង់ក៏បានប្រកាសត្រៀមខ្លួនរួចជាស្រេច សម្រាប់   សង្គ្រាមអូសបន្លាយជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ហើយបានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់មិនទាន់បានប្រើប្រាស់អាវុធទំនើបបំផុតរបស់ខ្លួននៅឡើយទេ។

នៅថ្ងៃទី ៣ មីនា រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអ៊ីស្រាអែល លោក Miri Regev បានអនុម័តលើផែនការបើកដែនអាកាសឡើងវិញចាប់ពីយប់ថ្ងៃទី ៤ ខែមីនា (ម៉ោងក្នុងស្រុក) ដើម្បីជួយសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋជាង ១០០.០០០ នាក់ដែលកំពុងជាប់គាំងនៅបរទេស។

នៅថ្ងៃដដែល ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា កងទ័ពជើងទឹកអាមេរិកនឹងអមដំណើរនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ប្រសិនបើចាំបាច់ ហើយបានណែនាំទីក្រុងវ៉ាស៊ីនតោនឱ្យផ្តល់សេវាកម្មធានារ៉ាប់រងសម្រាប់ប្រតិបត្តិការដឹកជញ្ជូនតាមសមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ