អគ្គលេខាធិការអង្គការណាតូព្រមានថា ដំណើរការសន្តិភាពរបស់​អ៊ុយក្រែន "មិនងាយស្រួលទេ"

(VOVWORLD) - អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) លោក Mark Rutte នាថ្ងៃទី ១៥ ខែមេសា បានឲ្យដឹងថា លោកបានធ្វើដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុង Odesa ភាគខាងត្បូងប្រទេសអ៊ុយក្រែន ហើយបានជួបជាមួយប្រធានាធិបតីប្រទេសម្ចាស់ផ្ទះលោក Volodymyr Zelensky ។

ថ្លែងបន្ទាប់ពីកិច្ចពិភាក្សា លោក Rutte បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការជំរុញបទឈប់បាញ់ និងសន្តិភាពយូរអង្វែងនៅអ៊ុយក្រែនគឺ "មិនងាយស្រួលទេ" ។ ប៉ុន្តែ អង្គការណាតូ គាំទ្រកិច្ចខិតខំប្រឹងប្រែងសន្តិភាពរបស់លោកប្រធានាធិបតី Trump ។ ក្រៅពីនេះ អគ្គលេខាធិការអង្គការណាតូ ក៏បានបញ្ជាក់ដែរថា សម្ព័ន្ធភាពនេះប្តេជ្ញាបន្តផ្តល់ជំនួយផ្នែកសន្តិសុខដល់អ៊ុយក្រែន។ រីឯខ្លួនវិញ មេដឹកនាំអ៊ុយក្រែនបានសង្កត់ធ្ងន់ថា អ៊ុយក្រែនកំពុងត្រូវការជំនួយបន្ថែមទៀតលើប្រព័ន្ធការពារអាកាស។

អគ្គលេខាធិការអង្គការណាតូព្រមានថា ដំណើរការសន្តិភាពរបស់​អ៊ុយក្រែន អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ក្នុងទីក្រុង Odesa នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៥។ រូបថត៖ president.gov.ua

ដំណើរទស្សនកិច្ចរបស់លោក Rutte ធ្វើឡើងក្នុងបរិបទដែលសហរដ្ឋអាមេរិកកំពុងស្វែងរកវិធីក្លាយជាអ្នកសម្របសម្រួលបទឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែន។ មន្ត្រីជាន់ខ្ពស់អាមេរិក និងរុស្ស៊ីនាពេលថ្មីៗនេះបានប្រកាសការវាយតម្លៃផ្សេងៗគ្នាអំពីលទ្ធភាពនៃការឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ឈប់ជម្លោះដែលអូសបន្លាយរៈពេលជាងបីឆ្នាំនៅអ៊ុយក្រែន។ ភាគីអាមេរិកបានបង្ហាញសុទិដ្ឋិនិយមចំពោះលទ្ធភាពនៃការសម្រេចបានកិច្ចព្រមព្រៀងមួយ ខណៈដែលភាគីរុស្ស៊ីមានការប្រុងប្រយ័ត្នជាង ដោយកត់សម្គាល់ពីកត្តាមួយចំនួនដែលពិបាកសម្រេចបានការឯកភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ