អង្គការសហប្រជាជាតិអំពាវនាវឲ្យបញ្ចប់សកម្មភាពអរិភាពនៅអេត្យូពី

(VOVWORLD) -លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃទី២ ខែវិច្ឆិកាបានឲ្យដឹងថា លោកអគ្គលេខាធិការបានអំពាវនាវឲ្យបញ្ចប់សកម្មភាពអរិភាពនៅប្រទេសអេត្យូពីជាបន្ទាន់ ក្រោយពីរដ្ឋាភិបាលប្រទេសនេះបានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ដោយការព្រួយបារម្ភចំពោះកងកម្លាំងរណសិរ្សរំដោះប្រជាជនទីហ្គ្រៃ(TPLF) កំពុងចូលទៅកាន់រដ្ឋធានី។

លោក Guterres បានអំពាវនាវឲ្យភាគីនានា មិនដាក់កំហិតលើការផ្តល់ជំនួយមនុស្សធម៌ ដើម្បីជួយសង្គ្រោះជីវិតមនុស្សជាបន្ទាន់ និងធ្វើការសន្ទនាថ្នាក់ជាតិដ៏ទូលំទូលាយដើម្បីដោះស្រាយវិបត្តិ បង្កើតមូលដ្ឋានគ្រឹះសម្រាប់សន្តិភាព និងស្ថិរភាពនៅទូទាំងប្រទេស។ សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា ស្ថិរភាពនៅអេត្យូពី និងតំបន់កំពុងរងការគំរាមកំហែង ហើយលោក Guterres មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សា ក៏ដូចជាការប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នផងដែរ។       

នាព្រឹកថ្ងៃដដែល ប្រទេសអេត្យូពីបានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន បន្ទាប់ពីកងកម្លាំង TPLF នៅភាគខាងជើងបានបន្តកាន់កាប់តំបន់ជាច្រើនក្នុងទឹកដីអេទ្យូពី ហើយគ្រោងនឹងចូលទៅកាន់រដ្ឋធានី Addis Ababa។ ជម្លោះនៅក្នុងតំបន់ Tigray បានផ្ទុះឡើងកាលពីខែវិច្ឆិកា ឆ្នាំ ២០២០ រវាងកងទ័ពរដ្ឋាភិបាលអេត្យូពី និងកងកម្លាំងដែលស្មោះត្រង់នឹង TPLF ដែលគ្រប់គ្រងតំបន់នេះ។ អង្គការសហប្រជាជាតិបានព្រមានថា ជម្លោះអាចធ្វើឲ្យមនុស្សរាប់សែននាក់ធ្លាក់ចូលក្នុងការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ