អាមេរិកផ្តល់ជំនួយជាង ៤០០ លានដុល្លារដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា និងក្នុងតំបន់មជ្ឈិមបូព៌ា

(VOVWORLD) - រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១១ ខែមិថុនា បានប្រកាសនឹងផ្តល់ជំនួយមនុស្សធម៌ក្នុងតម្លៃ ៤០៤ លានដុល្លារដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា តំបន់West bank និងតំបន់មជ្ឈិមបូព៌ា។ ជាមួយនឹងកញ្ចប់ជំនួយមនុស្សធម៌ថ្មីនេះ ជំនួយសរុបរបស់សហរដ្ឋអាមេរិកដល់ប្រជាជនប៉ាឡេស្ទីនក្នុងរយៈពេល ៨ ខែកន្លងទៅ បានកើនឡើងដល់ ៦៧៤ លានដុល្លារអាមេរិក។

បច្ចុប្បន្ន សហរដ្ឋអាមេរិក គឺជាប្រទេសដែលផ្តល់ជំនួយមនុស្សធម៌ច្រើនបំផុតដល់ប្រជាជនប៉ាឡេស្ទីន។ កញ្ចប់ជំនួយថ្មីបំផុតរបស់អាមេរិកនឹងត្រូវបានប្រើប្រាស់ដើម្បីផ្តល់អាហារ ទឹកស្អាត ការថែទាំវេជ្ជសាស្រ្ត ការអប់រំ និងជំនួយផ្លូវចិត្តដល់ប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា តំបន់ West Bank និងតំបន់ជុំវិញ។ អាមេរិកក៏បានអំពាវនាវដល់ម្ចាស់ជំនួយផ្សេងទៀត ឱ្យផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា និងបង្កើនការគាំទ្រដល់ប្រជាជនដែលរងផលប៉ះពាល់ដោយជម្លោះ។

អាមេរិកផ្តល់ជំនួយជាង ៤០០ លានដុល្លារដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា និងក្នុងតំបន់មជ្ឈិមបូព៌ា - ảnh 1អគារត្រូវបានបំផ្លាញបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលលើក្រុងហ្គាហ្សាថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៣។ រូបថត៖ THX/TTXVN

ជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏កំពុងធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា ដើម្បីសម្របសម្រួលស្វែងរកដំណោះស្រាយយូរអង្វែងសម្រាប់វិបត្តិនៅតំបន់ហ្គាហ្សា។ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammad Mustafa កាលពីថ្ងៃទី ១១ ខែមិថុនា នៅតំបន់ West Bank លោក Antony Blinken បានបញ្ជាក់សារជាថ្មីថា អាមេរិកគាំទ្រដំណោះស្រាយរដ្ឋពីរចំពោះបញ្ហាអ៊ីស្រាអែល-ប៉ាឡេស្ទីន។ រដ្ឋមន្ត្រីការបរទេសអាមេរិក និងនាយករដ្ឋមន្ត្រីប៉ាឡេស្ទីនក៏បានពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងឈប់បាញ់ទូលំទូលាយរវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលសហរដ្ឋអាមេរិកបានដាក់ជូននាពេលថ្មីៗនេះ និងត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ១០ មិថុនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ