អឺរ៉ុបបង្ហាញគោលជំហរតឹងរ៉ឹងលើបញ្ហាហ្គ្រីនឡែន
(VOVWORLD) - បន្ទាប់ពីសេចក្តីប្រកាសគួរឱ្យភ្ញាក់ផ្អើលរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump អំពីការទិញតំបន់ដីហ្គ្រីនឡែនរបស់ដាណឺម៉ាក មេដឹកនាំអឺរ៉ុបជាច្រើនកាលពីថ្ងៃទី ៨ ខែមករា បានលើកឡើងនូវគោលជំហរតឹងរ៉ឹងលើបញ្ហានេះ ក្នុងនោះ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃអធិបតេយ្យភាពចំពោះបណ្តាប្រទេស។
គណៈកម្មការអឺរ៉ុប(EC) ចេញសេចក្តីប្រកាសមួយដោយបញ្ជាក់ថា អធិបតេយ្យភាពរបស់បណ្តាប្រទេសត្រូវការគោរព ប្រការនេះក៏ជាគោលការណ៍ស្នូលដែល EC កំពុងឆ្ពោះទៅរកផងដែរ។ លើសពីនេះ បទប្បញ្ញត្តិស្តីពីការការពាររួម ក្រោមសន្ធិសញ្ញា Lisbon នឹងត្រូវបានអនុវត្តចំពោះហ្គ្រីនឡែន ក្នុងករណីដែលកើតមានសកម្មភាពយោធាផងដែរ។ ទោះជាយ៉ាងណាក៏ដោយ EC បានបង្ហាញពីបំណងចង់ជំរុញទំនាក់ទំនងអន្តរអត្ថលងទីកយ៉ាងខ្លាំងក្លាជាង ជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ឆ្ពោះទៅរកគោលដៅរួម និងផលប្រយោជន៍ជាយុទ្ធសាស្ត្រសំខាន់ៗ។
ឈូងសមុទ្រ Scoresby របស់ហ្គ្រីនឡែន។ រូបថត៖ AFP/VNA |
នាថ្ងៃដដែល អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានឲ្យដឹងថា លោកបានទាក់ទងជាមួយដៃគូក្នុងតំបន់អំពីបញ្ហាហ្គ្រីនឡែន ហើយមេដឹកនាំអឺរ៉ុបជាច្រើនមានការខ្វល់គំនិតចំពោះសេចក្តីប្រកាសរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក។ មេដឹកនាំអាល្លឺម៉ង់អះអាងថា ការមិនបំពានព្រំដែនគឺជាគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិដែលទាំងប្រទេសតូចៗនិងមហាអំណាចត្រូវអនុលោម។
បារាំងបានអះអាងពីព្រំដែនអធិបតេយ្យភាពរបស់សហភាពអឺរ៉ុប បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតអាមេរិក មិនច្រានចោលអំពើយោធាដើម្បីគ្រប់គ្រងហ្គ្រីនឡែន ជាតំបន់ដែនដីរបស់ប្រទេសដាណឺម៉ាក ដែលជាសមាជិករបស់ EU។ នាថ្ងៃទី ៨ មករា រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានសង្កត់ធ្ងន់ថា ហ្គ្រីនឡែនគឺជាផ្នែកដែនដីមួយរបស់ EU ហើយ EU នឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយ “វាយប្រហារព្រំដែនអធិបតេយ្យភាពរបស់ប្លុក” ទេ។ លោកក៏ជឿថា សហរដ្ឋអាមេរិកនឹងមិនចាត់វិធានការយោធាចំពោះហ្គ្រីនឡែននោះឡើយ៕