អ៊ីស្រាអែល​វាយ​ប្រហារតាម​ផ្លូវ​អាកាស​លើ​​​រដ្ឋធានី​លីបង់​ជា​លើក​ដំបូង ខណៈដែល​​ក្រុម Hezbollah បន្ត​ការ​សងសឹក

(VOVWORLD) - ការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធរវាងអ៊ីស្រាអែល និងក្រុមហេសបូឡានៅប្រទេសលីបង់បានបន្តកើនឡើងយ៉ាងគ្រោះថ្នាក់ នៅពេលដែលអ៊ីស្រាអែលកាលពីថ្ងៃទី ៣០ ខែកក្កដា បានធ្វើការវាយប្រហារតាមផ្លូវអាកាសនៅជាយក្រុងបេរូត (Beirut) របស់ប្រទេសលីបង់ ដោយគូសសញ្ញាជាលើកទីមួយហើយដែលរដ្ឋធានីរបស់លីបង់ក្លាយជាគោលដៅវាយប្រហាររបស់អ៊ីស្រាអែល ក្រោយរយៈពេលជិត ១០ ខែនៃភាពតានតឹង។

យោងតាមសេចក្តីប្រកាសជាផ្លូវការរបស់កងទ័ពអ៊ីស្រាអែល គោលដៅនៃការវាយប្រហារលើតំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរូត របស់ប្រទេសលីបង់កាលពីយប់ថ្ងៃទី ៣០ កក្កដា គឺលោក Fuad Shukr មេបញ្ជាការជាន់ខ្ពស់នៃក្រុមហេសបូឡា ត្រូវបានចោទប្រកាន់ជាអ្នកឈរពីក្រោយការវាយប្រហារដោយមីស៊ីលរបស់ក្រុមហេសបូឡាសំដៅទៅលើតំបន់ខ្ពង់រាប Golan កាលពីថ្ងៃទី ២៧ ខែកក្កដាបានបណ្តាលឲ្យក្មេងជំទង់អ៊ីស្រាអែល ១២នាក់បានស្លាប់។ សេចក្តីប្រកាសរបស់កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថា មេបញ្ជាការជាន់ខ្ពស់របស់ក្រុមហេសបូឡាបានស្លាប់នៅក្នុងការវាយប្រហារនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រភពព័ត៌មានមួយចំនួនរបស់ប្រទេសលីបង់ និងក្នុងតំបន់បានឲ្យដឹងថា លោក Fuad Shukr គ្រាន់តែរងរបួស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងទីក្រុងបេរូតដើម្បីព្យាបាលបន្ទាន់។

អ៊ីស្រាអែល​វាយ​ប្រហារតាម​ផ្លូវ​អាកាស​លើ​​​រដ្ឋធានី​លីបង់​ជា​លើក​ដំបូង ខណៈដែល​​ក្រុម Hezbollah បន្ត​ការ​សងសឹក - ảnh 1ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលលើភូមិ Chiline នៅព្រំដែនភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃទី ២៨ ខែកក្កដា។ រូបថត៖ Times of Israel

ប្រតិកម្មចំពោះការវាយប្រហារនេះ រដ្ឋមន្ត្រីការបរទេសលីបង់ លោក Abdallah Bouhabib បានអំពាវនាវដល់ក្រុមហេសបូឡា ឱ្យធ្វើសកម្មភាពដោយភាពអត់ធ្មត់និងសមស្រប ដើម្បីជៀសវាងការឡើងជណ្ដើរនៃស្ថានការណ៍។ ប្រមុខការបរទេសលីបង់ក៏បានឲ្យដឹងថា លោកនឹងប្តឹងអ៊ីស្រាអែលទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំពោះការវាយប្រហារតាមផ្លូវអាកាសនេះ។

រីឯខ្លួនវិញ ក្រុមហេសបូឡានាថ្ងៃទី ៣០ ខែកក្កដា បានឲ្យដឹងថា ក្រុមនេះនឹងធ្វើការសងសឹកទៅនឹងសកម្មភាពរបស់កងទ័ពអ៊ីស្រាអែលនៅក្នុងប្រទេសលីបង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ