EU-Mercosur សុក្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោយរយៈពេលជាង ២ ទសវត្សរ៍
(VOVWORLD) - បន្ទាប់ពីការពន្យារពេលយ៉ាងយូរ សហភាពអឺរ៉ុប (EU) និងទីផ្សាររួមអាមេរិកខាងត្បូង (Mercosur) នៅថ្ងៃទី ៦ ខែធ្នូ បានសុក្រិតជាផ្លូវការនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ កិច្ចព្រមព្រៀងនេះត្រូវបានវាយតម្លៃថា នឹងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ច និងនយោបាយដ៏អស្ចារ្យដល់ភាគីទាំងសងខាង ប៉ុន្តែនៅតែមានហានិភ័យជួបប្រទះនឹងឧបសគ្គក្នុងដំណើរការផ្តល់សច្ចាប័ននៅអឺរ៉ុប។
ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen និងប្រមុខរដ្ឋសមាជិក Mercosur (ប្រេស៊ីល អាហ្សង់ទីន អ៊ុយរូហ្គាយ និងប៉ារ៉ាហ្គាយ) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-Mercosur នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ៦ ខែធ្នូ នៅរដ្ឋធានី Montevideo ប្រទេសអ៊ុយរូហ្គាយ បញ្ចប់ដំណើរការចរចាដ៏លំបាក ដែលអូសបន្លាយរយៈពេលជាងពីរទសវត្សរ៍។
អត្ថប្រយោជន៍សេដ្ឋកិច្ចដ៏អស្ចារ្យ
EU និង Mercosur បានចាប់ផ្តើមការចរចាស្តីពិការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ក្នុងឆ្នាំ ១៩៩៩ ប៉ុន្តែត្រូវចំណាយពេល ២០ ឆ្នាំរហូតដល់ឆ្នាំ ២០១៩ ទើបភាគីទាំងពីរសម្រេចបានកិច្ចព្រមព្រៀងបឋមមួយ។ នៅពេលនោះ កិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថានឹងសុក្រិតក្នុងរយៈពេល ១-២ ឆ្នាំ បន្ទាប់ពីឆ្លងកាត់ដំណើរការផ្តល់សច្ចាប័ននៅក្នុងសភានៃប្រទេសសមាជិកសហភាពអឺរ៉ុប។ ក៏ប៉ុន្តែ ជំងឺរាតត្បាត Covid-១៩ និងការកើនឡើងនៃចលនាតវ៉ារបស់កសិករអឺរ៉ុប ជាពិសេសនៅប្រទេសបារាំង បែលហ្ស៊ិក អេស្បាញ... បានបណ្តាលឱ្យកិច្ចព្រមព្រៀងនេះរងភាពជាប់គាំងអស់រយៈពេល ៥ ឆ្នាំមក។ កិច្ចខិតខំប្រឹងប្រែងដើម្បីសុក្រិតកិច្ចព្រមព្រៀងទើបតែត្រូវបានពន្លឿនចាប់តាំងពីមានការផ្លាស់ប្តូរថ្នាក់ដឹកនាំសំខាន់ៗរបស់ Mercosur ជាពិសេសចាប់តាំងពីលោក Lula da Silva បានវិលត្រឡប់មកកាន់តំណែងជាប្រធានាធិបតីប្រេស៊ីលនៅដើមឆ្នាំ ២០២៣។ ក្នុងនាមជាប្រធាន G២០ ឆ្នាំនេះ ប្រធានាធិបតីប្រេស៊ីលបានបញ្ចុះបញ្ចូលដឹថ្នាក់កនាំអឺរ៉ុបឱ្យផ្លាស់ប្តូរជំហររបស់ខ្លួន និងគាំទ្រកាន់តែខ្លាំងដល់កិច្ចព្រមព្រៀង EU-Mercosur ។
យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ បើទោះបីនៅមានភាពចម្រូងចម្រាសជាច្រើន ជាពិសេសពីភាគីអឺរ៉ុបក៏ដោយ កិច្ចព្រមព្រៀងបើកឱកាសដ៏អស្ចារ្យសម្រាប់ទាំង EU និង Mercosur។ ប្រសិនបើត្រូវបានអនុម័ត កិច្ចព្រមព្រៀងនេះ នឹងបង្កើតតំបន់ពាណិជ្ជកម្មសេរីដ៏ធំបំផុតមួយក្នុងពិភពលោក ដែលមានប្រជាជនជាង ៧២០ លាននាក់ ស្មើនឹង២៥% នៃ GDP របស់ពិភពលោក។ ជាង ៩០% នៃរបាំងពន្ធគយនាពេលបច្ចុប្បន្នរវាងភាគីទាំងពីរនឹងត្រូវបានលុបចោល អនុញ្ញាតឱ្យផលិតផលជាប្រៀបខ្លាំងរបស់អឺរ៉ុបដូចជារថយន្ត គ្រឿងម៉ាស៊ីន សារធាតុគីមី វាយលុកទីផ្សារ Mercosur ដែលមានប្រធាជន ២៧៣លាននាក់ ជាមួយនឹងអនុគ្រោះច្រើនជាង បើធៀបនឹងផលិតផលពីអាមេរិក ឬជប៉ុន។ ផ្ទុយទៅវិញ ផលិតផលកសិកម្មនិងរ៉ែដែលជាប្រៀបខ្លាំងរបស់ Mercosur នឹងមានសិទ្ធិចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុបមានប្រជាជនជាង ៤៥០លាននាក់ដែលមានអំណាចទិញជួរមុខនៅលើពិភពលោក។ លើសពីនេះ កិច្ចព្រមព្រៀងថ្មីក៏បើកផ្លូវឱ្យអឺរ៉ុបចូលរួមក្នុងទីផ្សារដេញថ្លៃសម្រាប់គម្រោងវិនិយោគសាធារណៈនៅក្នុងបណ្តាប្រទេស Mercosur ដែលត្រូវបានចាត់ទុកថា មានសក្តានុពលខ្លាំង។ ប្រធាន EC លោកស្រី Ursula von der Leyen បានធ្វើអត្ថាធិប្បាយថា៖ "កិច្ចព្រមព្រៀងនេះនឹងជួយសម្រួលដល់ការវិនិយោគរបស់អឺរ៉ុបនៅក្នុងឧស្សាហកម្មយុទ្ធសាស្ត្រក្នុងបណ្តាប្រទេស Mercosur ដូចជាការជីកយករ៉ែប្រកបដោយនិរន្តរភាព ថាមពលកកើតឡើងវិញ ផលិតកម្មព្រៃឈើប្រកបដោយនិរន្តរភាព។ កិច្ចព្រមព្រៀងនេះក៏ជួយសម្រួលដល់ការវិនិយោគលើវិស័យដែលជះឥទ្ធិពលផ្ទាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ដូចជាការពង្រីកបណ្តាញអគ្គិសនីទៅកាន់តំបន់ឆ្ងាយដាច់ស្រយាល ឬការជំរុញការអភិវឌ្ឍឌីជីថលនៅទូទាំងតំបន់”។
ភាពចាំបាច់ខាងនយោបាយ
រហូតដល់ពេលដែលលោកស្រី Ursula von der Leyen ទៅប្រទេសអ៊ុយរូហ្គាយនៅថ្ងៃទី ៥ ខែធ្នូដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយថ្នាក់ដឹកនាំ Mercosur និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នៅមានការប្រឆាំងជំទាស់នៅក្នុងសហភាពអឺរ៉ុប នៅពេលដែលបារាំងបានបញ្ចុះបញ្ចូលឲ្យប៉ូឡូញ និងអូទ្រីសប្រឆាំងនឹងបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងនាបច្ចុប្បន្ន។ ដូច្នេះហើយ ការសម្រេចចិត្តរបស់ប្រធានគណៈកម្មការអឺរ៉ុប ដាក់ការប្រឆាំងផ្ទៃក្នុងទៅមួយអន្លើ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ Mercosur ត្រូវបានចាត់ទុកជាសកម្មភាពដែលមិននឹកស្មានដល់។ ដោយពន្យល់ពីការសម្រេចចិត្តនេះ លោកស្រី Ursula von der Leyen បានឲ្យដឹងថា ៖ “កិច្ចព្រមព្រៀងនេះ មិនត្រឹមតែជាឱកាសសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាភាពចាំបាច់ខាងនយោបាយផងដែរ។ យើងជាដៃគូដែលមានគំនិតដូចគ្នា និងរួមគ្នាជឿជាក់ថា ការបើកចំហនិងកិច្ចសហប្រតិបត្តិការ គឺជាកត្តាជំរុញពិតប្រាកដនៃវឌ្ឍនភាពនិងវិបុលភាព។ ខ្ញុំដឹងថា បច្ចុប្បន្ននេះ កំពុងមានខ្យល់បញ្ច្រាសតាមទិសដៅឯកោភាគី និងការបែកបាក់គ្នា ប៉ុន្តែកិច្ចព្រមព្រៀងនេះគឺជាចម្លើយច្បាស់លាស់របស់យើង”។
ចែករំលែកមតិដូចគ្នា លោក Pedro Brites អ្នកជំនាញនៃមូលនិធិស្រាវជ្រាវ Getulio Vargas (ប្រេស៊ីល) បានឲ្យដឹងថា នាពេលថ្មីៗនេះ លោក Donald Trump ដែលមានទំនោរប្រដេញតាមលទ្ធិគាំពារនិយម បានព្រមានជាបន្តបន្ទាប់ថា នឹងវាយពន្ធលើដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ទាំង EU និងបណ្តាប្រទេស Mercosur ស្ថិតនៅក្រោមសម្ពាធដើម្បីសុក្រិតកិច្ចព្រមព្រៀងឲ្យបានឆាប់ៗ តាមនោះ ពង្រីកទីផ្សារ ធ្វើពិពិធកម្មដៃគូពាណិជ្ជកម្ម និងឆ្លើយតបទៅនឹងហានិភ័យដ៏ធំនៃជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកនាពេលខាងមុខ៖ “បច្ចុប្បន្ននេះ អាចព្យាករណ៍បានថា ជាមួយនឹងជ័យជម្នះរបស់លោក Donald Trump សហរដ្ឋអាមេរិកនឹងអនុវត្តគោលនយោបាយអាត្មានិយមជាង ហើយកាន់តែរឹតបន្តឹងចំពោះទីផ្សារអន្តរជាតិ។ ខ្ញុំគិតថា ប្រការនេះបានបង្ខំឲ្យបណ្តាប្រទេសនៅអឺរ៉ុប និង Mercosur ត្រូវពន្លឿនល្បឿន ដកឧបសគ្គមួយចំនួន និងសុក្រិតកិច្ចព្រមព្រៀងនេះ”។
យោងតាមបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប កិច្ចព្រមព្រៀងនេះនឹងចូលជាធរមានបានលុះត្រាតែត្រូវបានផ្តល់សច្ចាប័នដោយប្រទេសចំនួន ១៥/២៧ ដែលមាន ៦៥% នៃចំនួនប្រជាជនសហភាពអឺរ៉ុប ហើយទទួលបានការគាំទ្រយ៉ាងលើសលប់នៅក្នុងសភាអឺរ៉ុប។ ប្រទេសបារាំង ប៉ូឡូញ និងអូទ្រីស នៅតែប្រកាសពីការប្រឆាំងចំពោះកិច្ចព្រមព្រៀងជាមួយនឹងលក្ខខណ្ឌបច្ចុប្បន្ន ដោយហេតុផលថា កិច្ចព្រមព្រៀងនេះនឹងបង្កឱ្យមានការខូចខាតយ៉ាងខ្លាំងដល់កសិកម្មអឺរ៉ុប។ ដូច្នេះ មជ្ឈដ្ឋានអ្នកសង្កេតការណ៍ជឿថា នាពេលខាងមុខ ប្រហែលជា EC ត្រូវចេញផ្សាយគោលនយោបាយអនុគ្រោះថ្មីៗជាច្រើនលើវិស័យកសិកម្ម ដើម្បីផ្គាប់ចិត្តសមាគមកសិករនៃបណ្តាប្រទេស តាមនោះ ទទួលបានសំឡេងគាំទ្រចាំបាច់សម្រាប់កិច្ចព្រមព្រៀងបានចូលជាធរមាន៕