វិសាលភាពថ្មីរបស់ CPTPP បន្ទាប់ពីអង់គ្លេសចូលរួមជាសមាជិក

(VOVWORLD) - នៅថ្ងៃទី ១៥ ខែធ្នូ ចក្រភពអង់គ្លេស បានក្លាយជាប្រទេសអឺរ៉ុបដើមដំបូងដែលចូលរួមក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿន សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ ក្រៅពីផលប្រយោជន៍សេដ្ឋកិច្ច នេះក៏អាចត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយដ៏សំខាន់សម្រាប់ទាំងចក្រភពអង់គ្លេស និងប្រទេសជាសមាជិក CPTPP ផងដែរ។

វិសាលភាពថ្មីរបស់ CPTPP បន្ទាប់ពីអង់គ្លេសចូលរួមជាសមាជិក - ảnh 1មនុស្សម្នាទិញទំនិញនៅផ្សារទំនើបមួយក្នុងទីក្រុង Manchester ប្រទេសអង់គ្លេស (រូបថត៖ THX/TTXVN)

អង់គ្លេសបានដាក់ពាក្យសូមចូលជាសមាជិក CPTPP ចាប់ពីឆ្នាំ ២០២១ ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចូលជាសមាជិកកាលពីខែកក្កដាឆ្នាំមុន និងបានក្លាយជាសមាជិកពេញសិទ្ធិនៅថ្ងៃទី ១៥ ខែធ្នូ។ ព្រឹត្តិការណ៍នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតរបស់ចក្រភពអង់គ្លេសចាប់តាំងពីខ្លួនបានចាកចេញពីសហភាពអឺរ៉ុប (EU)។

“ជ័យជំនះ” សម្រាប់ប្រទេសអង់គ្លេស

ជាមួយនឹងការដែលចក្រភពអង់គ្លេសចូលរួម CPTPP ជាផ្លូវការ ឥឡូវនេះមានប្រទេសសមាជិកចំនួន ១២ ដែលមានប្រជាជនសរុបចំនួន ៥៨០ លាននាក់ ក្នុងនោះមានប្រទេសចំនួន ៣ ដែលស្ថិតក្នុងក្រុមប្រទេសឧស្សាហកម្ម (G៧) គឺ កាណាដា ជប៉ុន និងចក្រភពអង់គ្លេស រួមជាមួយអូស្ត្រាលី នូវែលសេឡង់ ម៉ិកស៊ិក ប៉េរូ ឈីលី សិង្ហបុរី ប្រ៊ុយណេ ម៉ាឡេស៊ី និងវៀតណាម។ ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទី ៦ របស់ពិភពលោក ចក្រភពអង់គ្លេសជួយបង្កើនថាមពលសេដ្ឋកិច្ចរបស់ CPTPP   ដោយបង្កើនសមាមាត្ររបស់ CPTPP ក្នុង GDP សកលឡើងដល់ប្រហែល ១៥% ។ លើសពីនេះទៅទៀត ចក្រភពអង់គ្លេសចូលរួម CPTPP នាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់ភាគីទាំងពីរ។ ពោលគឺ សម្រាប់ភាគីអង់គ្លេស រដ្ឋមន្ត្រីធុរកិច្ចអង់គ្លេស Jonathan Reynolds បានឲ្យដឹងថា ការចូលរួមក្នុង CPTPP នឹងនាំមកឲ្យប្រទេសនេះប្រហែល ២ ពាន់លានផោនក្នុងមួយឆ្នាំ (ស្មើនឹង ២,៥ ពាន់លានដុល្លារអាមេរិក) ដោយសារធុរកិច្ចអង់គ្លេសអាចចូលទៅកាន់ទីផ្សារថ្មីដែលមានប្រជាជនជាង ៥០០ លាននាក់។ បន្ទាប់មកទៀត អាជីវកម្មរបស់អង់គ្លេសនឹងត្រូវបានដាក់បញ្ចូលក្នុងប្លុកសេដ្ឋកិច្ចដែលមានអត្រាកំណើននាំមុខគេលើពិភពលោក ដែលភាពខ្លាំងរបស់អង់គ្លេសនៅក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ កសិកម្មបច្ចេកវិទ្យាខ្ពស់ និងឧបករណ៍ផលិតឧបករណ៍... នឹងត្រូវបានលើកកម្ពស់ ហើយទទួលបានអត្ថប្រយោជន៍ប្រកួតប្រជែងយ៉ាងសំខាន់ជាងដៃគូប្រកួតប្រជែងផ្សេងទៀត។

សំខាន់ជាងនេះទៅទៀត លើវិស័យផ្ទៃក្នុង ការចូលរួមដោយជោគជ័យ CPTPP បានពង្រឹងនូវអំណះអំណាងដែលគាំទ្រដោយគណបក្សនយោបាយធំៗនៅចក្រភពអង់គ្លេសគឺ គណបក្សអភិរក្ស និងគណបក្សការងារ ដែលកំពុងកាន់អំណាច ពោលគឺបន្ទាប់ពីអនុវត្ត Brexit ដើម្បីចាកចេញពី EU អង់គ្លេសនឹងកាន់តែងាយស្រួលជាងក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយដៃគូជុំវិញពិភពលោក ដោយហេតុនេះសម្រេចបាននូវយុទ្ធសាស្ត្រ "សកលចក្រភពអង់គ្លេស" (ចក្រភពអង់គ្លេសសកល) ដែលបាននាំចេញបន្ទាប់ពី Brexit។ យ៉ាងណាក៏ដោយ ឧត្តមស្នងការអង់គ្លេសប្រចាំប្រទេសសិង្ហបុរី លោក Nikesh Mehta បានបញ្ជាក់ថា ប្រទេសនេះនៅតែមានជំនឿលើ CPTPP ដែលកាន់តែខ្លាំងក្លានាពេលអនាគត៖

“យើងជឿជាក់ថា ការចូលរួម CPTPP នឹងជួយឱ្យសេដ្ឋកិច្ចចក្រភពអង់គ្លេសកើនឡើងប្រហែល ២,៥ ពាន់លានដុល្លារអាមេរិក។ នោះគឺជាតួរលេខដ៏ធំ ប៉ុន្តែគិតតែពីចំនួនសមាជិកបច្ចុប្បន្នរបស់ CPTPP ប៉ុណ្ណោះ។ ជាមួយនឹង CPTPP ដែលត្រូវបានបើកទូលាយជាមួយនឹងវិស័យកិច្ចសហប្រតិបត្តិការកាន់តែធំ ខ្ញុំជឿជាក់ថា ប្លុកនេះនឹងមានតួនាទីយ៉ាងសំខាន់ ហើយនឹងមានឱកាសកាន់តែច្រើនសម្រាប់អាជីវកម្មអង់គ្លេស”។

ចំពោះប្រទេសសមាជិកផ្សេងទៀតរបស់ CPTPP ការទទួលស្គាល់មហាអំណាចសេដ្ឋកិច្ចអឺរ៉ុបទៅក្នុងប្លុកនេះជួយបង្កើនឱកាសក្នុងការចូលទៅកាន់ទីផ្សារចក្រភពអង់គ្លេសដែលមានប្រជាជនចំនួន ៧០ លាននាក់។ លើសពីនេះ ការដែលមានប្រទេស G7 មួយចូលរួមជាមួយ CPTPP ក៏បានជួយឱ្យកិច្ចព្រមព្រៀងរក្សាការទាក់ទាញរបស់ខ្លួន បន្ទាប់ពីសមាជិកធំបំផុតគឺសហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងមុនគឺ កិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ក្នុងឆ្នាំ ២០១៧។

វិសាលភាពថ្មីសម្រាប់ CPTPP

សម្រាប់អ្នកជំនាញជាច្រើន ការចូលជាសមាជិក CPTPP របស់អង់គ្លេសមិនត្រឹមតែជាព្រឹត្តិការណ៍សេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យភូមិសាស្ត្រនយោបាយសំខាន់ទៀតផង។ បើតាមលោកស្រី Minako Morita-Jaeger អ្នកជំណាញការពាណិជ្ជកម្មអន្តរជាតិ ចក្រភពអង់គ្លេសដែលចូលរួមក្នុងកិច្ចព្រមព្រៀងនេះនាំមកនូវផលប្រយោជន៍ធំជាង លើសពីទិដ្ឋភាពសេដ្ឋកិច្ច ហើយចក្រភពអង់គ្លេសអាចរួមចំណែកជាវិជ្ជមានដល់ CPTPP។   ការចូលរបស់អង់គ្លេសជួយ CPTPP ពង្រីកទំហំសេដ្ឋកិច្ចនៃកិច្ចព្រមព្រៀងលើសពីតំបន់អាស៊ីប៉ាស៊ីហ្វិក ជួយបង្កើតគំរូសម្រាប់ប្រទេសជាច្រើនទៀតធ្វើសកម្មភាពស្រដៀងគ្នានៅពេលដែលមើលឃើញថា ដោយមិនគិតពីទីតាំងភូមិសាស្ត្រ ប្រទេសក្នុងតំបន់ផ្សេងទៀតពិតជាអាចចូលរួមជាមួយ CPTPP ប្រសិនបើពួកគេបំពេញតាមស្តង់ដារនៃកិច្ចព្រមព្រៀង។ លោកស្រី Minako Morita-Jaeger បានវាយតម្លៃថា៖

“តាមទស្សនៈនៃគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ ខ្ញុំគិតថា ច្បាប់នៃ CPTPP មានសក្តានុពលដើម្បីក្លាយជាគំរូសម្រាប់ច្បាប់ពហុភាគី។ ការពង្រីកប្រកបដោយជោគជ័យនៃ CPTPP នាំមកនូវសន្ទុះដល់ពហុភាគីភាវូបនីយកម្មនៃ CPTPP និងអង្គការមួយចំនួនផ្សេងទៀត ដូចជាអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាដើម។ អាចនិយាយបានថា ចក្រភពអង់គ្លេសចូលរួម CPTPP ផ្តល់នូវគំរូដ៏ល្អសម្រាប់សមាជិកភាពនៃប្លុកនាពេលអនាគត”។

ទោះយ៉ាងណាក៏ដោយ បញ្ហាប្រឈមនាពេលអនាគតសម្រាប់ CPTPP ពោរពេញដោយភាពស្មុគស្មាញ។ យោងតាមលោកស្រី Wendy Cutler អនុប្រធានវិទ្យាស្ថានគោលនយោបាយសង្គមអាស៊ី (ASPI) នៅអាមេរិក ចំណុចមួយដែលសមាជិក CPTPP ត្រូវឯកភាពយ៉ាងច្បាស់គឺតម្រូវការដើម្បីកម្ចាត់ការរំពឹងទុកថា អាមេរិកអាចត្រឡប់ទៅ CPTPP វិញ យ៉ាងហោចណាស់ក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ បន្ទាប់មកទៀត ចាំបាច់ក្នុងការកែលម្អឱ្យបានឆាប់រហ័សនូវបទប្បញ្ញត្តិមួយចំនួននៅក្នុងកិច្ចព្រមព្រៀង ដើម្បីឲ្យសមស្របទៅនឹងស្ថានភាពជាក់ស្តែងពាណិជ្ជកម្មសកល។ នៅក្នុងកិច្ចប្រជុំកាលពីចុងឆ្នាំមុន នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (សហរដ្ឋអាមេរិក) នៅខាងក្រៅកិច្ចប្រជុំកំពូលវេទិកាសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) សមាជិក CPTPP បានពិភាក្សាអំពីការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងនេះ ហើយយោងតាមលោកស្រី Wendy Cutler បានឱ្យដឹងថា នេះចាំបាច់ត្រូវធ្វើឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន អាចធ្វើទៅបានដោយសារការផ្លាស់ប្តូរនយោបាយ និងសេដ្ឋកិច្ចក្នុងពិភពលោកនាពេលបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ