កិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-ជប៉ុន-ចិនពង្រឹងកិច្ចសហប្រតិបត្តិការ​នៅតំបន់​អាស៊ី​ឦសាន

(VOVWORLD) - ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែឧសភា កិច្ចប្រជុំកំពូលកូរ៉េខាងត្បុង-ជប៉ុន-ចិនលើកទី ៩ បានប្រព្រឹត្តទៅនៅទីក្រុងសេអ៊ូល (កូរ៉េខាងត្បូង)។ កិច្ចប្រជុំបានបញ្ចប់ប្រកបដោយជោគជ័យ នៅពេលដែលប្រទេសទាំង ៣ បានចេញសេចក្តីថ្លែងការណ៍រួម ដោយសន្យាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ព្រមទាំងសន្ទនា ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីឦសាន។
កិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-ជប៉ុន-ចិនពង្រឹងកិច្ចសហប្រតិបត្តិការ​នៅតំបន់​អាស៊ី​ឦសាន - ảnh 1ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol (កណ្តាល) នាយករដ្ឋមន្ត្រីចិនលោក Li Qiang (ស្តាំ) និងនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio ក្នុងសន្និសីទសារព័ត៌មាននៅឯកិច្ចប្រជុំកំពូលត្រីភាគីនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ រូបថត៖ Yonhap/TTXVN

កិច្ចប្រជុំកំពូលត្រីភាគី កូរ៉េខាងត្បូង-ជប៉ុន-ចិន លើកទី៩ គឺជាកិច្ចប្រជុំកំពូលត្រីភាគីលើកដំបូង ដែលបានប្រារព្ធឡើង បន្ទាប់ពីរយៈពេលជាង ៤ ឆ្នាំរងការអាក់ខាន។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងនាយករដ្ឋមន្ត្រីចិន លោក Li Qiang (Li Qiang) បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាស្នូល

បញ្ចប់រយៈពេល ២ ថ្ងៃនៃកិច្ចប្រជុំកំពូល ជាមួយនឹងជំនួបកំពូលទ្វេភាគី ជំនួបកំពូលត្រីភាគី និងវេទិកាសេដ្ឋកិច្ច ថ្នាក់ដឹកនាំកូរ៉េខាងត្បូង ជប៉ុន និងចិនបានអនុម័តលើសេចក្តីថ្លែងការណ៍រួម ក្នុងនោះភាគីនានាបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការត្រីភាគីកាន់តែស៊ីជម្រៅជាងលើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជននៃប្រទេសទាំង ៣ ព្រមទាំងអះអាងថា នេះគឺជាមូលដ្ឋានគ្រឹះដ៏មានអត្ថន័យសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់។ សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-ជប៉ុន-ចិនបានផ្តល់អាទិភាពដ៏ធំធេងដល់កិច្ចខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងភាគីទាំង ៣។ ជាក់ស្ដែង

ភាគីទាំង ៣ បានឯកភាពគ្នាថា កិច្ចខិតខំប្រឹងប្រែងរួមគ្នាលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំង ៣ បានដើរតួនាទីយ៉ាងសំខាន់ចំពោះវិបុលភាព និងស្ថិរភាពនៃសេដ្ឋកិច្ចតំបន់ និងពិភពលោក។ កូរ៉េខាងត្បូង ចិន និងជប៉ុនបាន អះអាងសារជាថ្មីនូវការគាំទ្រចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីបើកចំហ តម្លាភាព គ្រប់ជ្រុងជ្រោយ មិនរើសអើង និងផ្អែកលើច្បាប់ ជាមួយនឹងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាស្នូល ។ ប្រទេសទាំង ៣ ក៏បានអះអាងពីសារៈសំខាន់នៃការធានាអនុវត្តន៍យន្តការសហប្រតិបត្តិការក្នុងតំបន់ដែលមានស្រាប់ ព្រមទាំងពន្លឿនការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ត្រីភាគី។ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-Yeol បានប្រកាសថា៖

 “ដំបូងឡើយ យើងត្រូវកែលម្អពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ឡើងវិញ ជាមួយនឹងមូលដ្ឋានគ្រឹះគឺការជឿទុកចិត្ត និងគោរពគ្នាទៅវិញទៅមក។ យើងចាំបាច់ត្រូវជំរុញការប្រើប្រាស់យន្តការពាណិជ្ជកម្មត្រីភាគី កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ - RCEP ព្រមទាំងបន្តការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកូរ៉េខាងត្បូង-ចិន-ជប៉ុនឱ្យបានឆាប់បំផុត ដែលត្រូវបានផ្អាកតាំងពីឆ្នាំ ២០១៩ ដើម្បីជំរុញរាល់មូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផងដែរ”។

ចែករំលែកទស្សនៈនេះ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានមានប្រសាសន៍ថា ប្រទេសទាំង៣ កូរ៉េខាងត្បូង ជប៉ុន និងចិន មិនត្រឹមតែជាប្រទេសជិតខាងដែលមានទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌យ៉ាងជិតស្និទ្ធប៉ុណ្ណោះទេ ថែមទាំងកំពុងត្រូវប្រឈមមុខនឹងរាល់បញ្ហាសាកល្បងរួមទៀតផង ដូច្នេះហើយចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីបំពេញគ្នាទៅវិញទៅមក៖

 “មានបញ្ហាប្រឈមរួម ដូចជាអត្រាកំណើតទាប ភាពចាស់ជរានៃចំនួនប្រជាជន និងបញ្ហាបរិស្ថាន ដែលកូរ៉េខាងត្បូង ជប៉ុន និងចិនចាំបាច់ត្រូវដោះស្រាយក្នុងពេលតែមួយជាមួយការបំពេញបន្ថែមកម្លាំងពលលំឲ្យគ្នាទៅវិញទៅមក។ ដូច្នេះ យើងនឹងបង្កើនសាមគ្គីភាពរវាងរដ្ឋាភិបាល រវាងធរុកិច្ចរវាងរដ្ឋាភិបាលជាមួយធុរកិច្ចដើម្បីជំរុញថែមទៀតកិច្ចសហប្រតិបត្តិការកូរ៉េខាងត្បូង-ជប៉ុន-ចិនបន្ថែមទៀតនាពេលអនាគតផងដែរ។

កិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-ជប៉ុន-ចិនពង្រឹងកិច្ចសហប្រតិបត្តិការ​នៅតំបន់​អាស៊ី​ឦសាន - ảnh 2ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលត្រីភាគីរវាងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol នាយករដ្ឋមន្ត្រីចិនលោក Li Qiang និងនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ។ រូបថត៖ Yonhap/TTXVN

កិច្ចសន្ទនាដើម្បីរក្សាស្ថិរភាព

ក្រៅពីវិស័យសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិសុខក៏ជាប្រធានបទដ៏សំខាន់ដែលត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំកំពូលត្រីភាគីកូរ៉េខាងត្បូង-ជប៉ុន-ចិនលើកទី៩ ជាពិសេសគឺបញ្ហានុយក្លេអ៊ែររបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ក៏ដូចជាភាពតានតឹងទាក់ទងនឹងការធ្វើតេស្តសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ឬសមយុទ្ធយោធារបស់ប្រទេសនានាក្នុងតំបន់។ ក្នុងកិច្ចប្រជុំនេះ

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយថា ថ្នាក់ដឹកនាំនៃប្រទេសទាំងបីបានចែករំលែកការយល់ដឹងថា  ការរំសាយអាវុធនុយក្លេអ៊ែររបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិកកូរ៉េ ក៏ដូចជាស្ថិរភាពនៅលើឧបទ្វីបកូរ៉េគឺជាផលប្រយោជន៍រួមរបស់ប្រទេសទាំង៣កូរ៉េខាងត្បូង-ជប៉ុន-ចិន។ ក្នុងពេលនោះ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានសង្កត់ធ្ងន់លើកត្តាសន្ទនា និងការអត់ធ្មត់ដើម្បីថែរក្សាបរិយាកាសសន្តិភាពនៅតំបន់អាស៊ីឦសាន៖

“ចិនជានិច្ចកាលសន្យាថែរក្សាសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ និងជំរុញដំណើរការសម្រេចបានដំណោះស្រាយនយោបាយនៅលើឧបទ្វីបកូរ៉េ។ ប៉ុន្តែ យើងខ្ញុំសង្ឃឹមថាភាគីពាក់ព័ន្ធរក្សាការអត់ធ្មត់ និងចៀសវាងការធ្វើឲ្យស្ថានការណ៍កាន់តែស្មុគស្មាញជាង”។

ដោយកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការត្រីភាគីបានអភិវឌ្ឍន៍ក្នុងទំនាក់ទំនងភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថ្នាក់ដឹកនាំកូរ៉េខាងត្បូង ចិន និងជប៉ុនក៏បានឯកភាពគ្នាថា ចាំបាច់ត្រូវបន្តពង្រីកកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងក្របខ័ណ្ឌអាស៊ានដូចជា អាស៊ាន+៣ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ (EAS) និងវេទិកាតំបន់អាស៊ាន (ARF) ព្រមទាំងបង្ហាញពីការគាំទ្រយ៉ាងខ្លាំងក្លាចំពោះមជ្ឈភាព និងសាមគ្គីភាពរបស់អាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ