កំណើនបៃតងនិងគោលដៅសកលឆ្នាំ ២០៣០

(VOVWORLD) - កិច្ចប្រជុំកំពូលភាពជាដៃគូដើម្បីកំណើនបៃតង និងគោលដៅសកលឆ្នាំ ២០៣០ (P4G) កំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែមេសា។ កិច្ចប្រជុំនេះត្រូវបានប្រារព្ធឡើងក្នុងបរិបទដែលអាទិភាពសម្រាប់កំណើនបៃតង និងការអនុវត្តគោលដៅសកលឆ្នាំ ២០៣០ កំពុងជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដែលទាមទារឲ្យមានវិធីអភិក្រមថ្មី ដោយមានភាពបត់បែន និងប្ដូរផ្ដាច់ជាងមុន។

កំណើនបៃតងនិងគោលដៅសកលឆ្នាំ ២០៣០ - ảnh 1នារសៀលថ្ងៃទី ៨ មេសា អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសលោក Nguyen Minh Vu បានធ្វើជាអធិបតីសន្និសីទសារព័ត៌មានអន្តរជាតិអំពីកិច្ចប្រជុំកំពូល P4G វៀតណាមឆ្នាំ ២០២៥។ (រូបថត៖ baoquocte.vn)

ជាមួយនឹងប្រធានបទ "ការធ្វើបរិវត្តកម្មបៃតងប្រកបដោយនិរន្តរភាព ប្រកាន់យកមនុស្សធ្វើជាស្នូល" កិច្ចប្រជុំកំពូល P4G ឆ្នាំនេះត្រូវបានគេរំពឹងថានឹងបង្កើតសន្ទុះ ថ្មីសម្រាប់កិច្ចខិតខំប្រឹងប្រែងធ្វើបរិវត្តកម្មបៃតង និងកំណើនប្រកបដោយនិរន្តរភាពនៃ ប្រទេសនានា នៅពេលដែលការយកចិត្តទុកដាក់ និងការវិនិយោគរបស់សហគមន៍ អន្តរជាតិនៅក្នុងវិស័យនេះកំពុងបង្ហាញសញ្ញានៃការបែកខ្ញែកគ្នា។

ហានិភ័យនៃការងាកចេញពីទិសដៅក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព

នៅក្នុងកិច្ចប្រជុំកំពូលអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) ដែលរៀបចំដោយអង្គការសហប្រជាជាតិ (UN) កាលពីខែកញ្ញាឆ្នាំមុន នៅទីស្នាក់ការកណ្តាលរបស់អង្គការនេះនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) មន្ត្រីអង្គការសហ ប្រជាជាតិបានប្រកាសអំពីតួរលេខគួរឱ្យព្រួយបារម្ភ នៅពេលនិយាយថា ភាគច្រើននៃ SDGs ទាំង ១៧ ដែលសហគមន៍អន្តរជាតិចង់សម្រេចបាននៅឆ្នាំ ២០៣០ រួមទាំង គោលដៅកំណើនបៃតងនោះ មានហានិភ័យមិនអាចសម្រេចបានទេ។

យោងតាមអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres មូលហេតុចម្បងគឺមកពី កង្វះជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យាចាំបាច់ពីប្រទេសអភិវឌ្ឍន៍ដល់ប្រទេសកំពុង អភិវឌ្ឍន៍ កង្វះយន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងបណ្ដាប្រទេស ក៏ដូចជារវាងវិស័យសាធារណៈ និងឯកជនផងដែរ។ ប្រមុខអង្គការសហប្រជាជាតិបាន ធ្វើអត្ថាធិប្បាយថា៖

"គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព គឺជាចក្ខុវិស័យដ៏ក្លាហាន ជាការ សន្យាចំពោះអនាគតដ៏ល្អប្រសើរជាង មានសុខភាពល្អជាង សុវត្ថិភាពជាង វិបុលភាព និងនិរន្តរភាពជាង។ ទោះជាយ៉ាងណាក៏ដោយ គោលដៅទាំងនេះកំពុងប្រឈមមុខ នឹងឧបសគ្គខ្លាំងណាស់។ គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពលើសពី ៤ភាគ៥ នាពេលនេះកំពុងងាកចេញពីទិសដៅ"។

ក្នុងពេលជាមួយគ្នានោះ លោកស្រី Amina Mohammed អគ្គលេខាធិការរង អង្គការសហប្រជាជាតិ បានចង្អុលបង្ហាញពីភាពផ្ទុយគ្នាមួយទៀតដែលថា សព្វថ្ងៃនេះ ប្រភពថាមពលកកើតឡើងវិញកាន់តែថោក និងអាចធ្វើលទ្ធកម្មកាន់តែងាយស្រួល ប៉ុន្តែការធ្វើបរិវត្តកម្មបៃតងនៅក្នុងប្រទេសនានា កាន់តែមាននិន្នាការអយុត្តិធម៌ នៅ ពេលដែលប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍បន្តប្រឈមមុខនឹងការលំបាកជា ច្រើនក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើបៃតងភាវូបនីយកម្មសេដ្ឋកិច្ចរបស់ពួកគេ និងឆ្ពោះទៅ រកការអភិវឌ្ឍប្រកបដោយចីរភាព។ លោកស្រីអគ្គលេខាធិការរង UN បានព្រមានថា៖

"ការពិតដ៏គ្រោះថ្នាក់មួយបានបង្ហាញឲ្យឃើញថា ការផ្លាស់ប្តូរថាមពលស្អាត កំពុងធ្វើឲ្យកើតមានម្ដងទៀត និងពង្រីកភាពអយុត្តិធម៌ពីអតីតកាលនោះ គឺប្រទេស កំពុងអភិវឌ្ឍន៍ដែលសម្បូរទៅដោយធនធានថាមពលកកើតឡើងវិញ និងមានសារ សំខាន់សម្រាប់ការធ្វើបរិវត្តកម្មនោះ ត្រូវបានរុញច្រានចុះមកចំណុចទាបបំផុតនៃខ្សែ សង្វាក់តម្លៃ ប្រជាជន ត្រូវរងការកេងប្រវ័ញ្ច បរិស្ថានរងការបំផ្លិចបំផ្លាញ ខណៈដែលធនធានរបស់ប្រទេសទាំងនេះ បានធ្វើឲ្យប្រទេសផ្សេងទៀតកាន់តែ រីកចម្រើន”។

P4G និងវិធីអភិក្រមថ្មី

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ពីគំនិតរបស់ដាណឺម៉ាក វេទិកា P4G មានគោលដៅសម្របសម្រួលគោលនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការសាធារណៈ-ឯកជន តភ្ជាប់រដ្ឋាភិបាល សហគ្រាស និងអង្គការនយោបាយសង្គម ក្នុងគោលបំណង ជំរុញកំណើនបៃតង រួមចំណែកដល់ការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាព សកល (SDGs) ឆ្នាំ ២០៣០។ កិច្ចសហប្រតិបត្តិការ P4G បច្ចុប្បន្ន គឺផ្ដោតសំខាន់ លើវិស័យអាទិភាពនានា រួមមាន៖ កាត់បន្ថយការបាត់បង់និងខ្ជះខ្ជាយស្បៀងអាហារ; កសិកម្មឆ្លាតវៃសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ; ធនធានទឹកប្រកបដោយ និរន្តរភាព; ថាមពលកកើតឡើងវិញ និងការធ្វើចរាចរណ៍ដោយគ្មានការបំភាយ ឧស្ម័ន។

នៅក្នុងកិច្ចប្រជុំកំពូលលើកទីបួន ដែលបានប្រារព្ធឡើងនៅប្រទេសវៀតណាម P4G ត្រូវបានគេរំពឹងថា នឹងជំរុញយន្តការកិច្ចសហប្រតិបត្តិការឡើងដល់កម្ពស់ថ្មី បង្កើតសន្ទុះសម្រាប់កំណើនបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។ យោងតាមលោកស្រី Robyn McGuckin នាយិកាប្រតិបត្តិនៃ P4G កិច្ចប្រជុំកំពូលលើកនេះធ្វើ ឡើងក្នុងពេលវេលាដ៏សំខាន់សម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីកំណើនបៃតង និងការ អភិវឌ្ឍប្រកបដោយចីរភាព ពីព្រោះការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុជា សកលកំពុងបង្ហាញសញ្ញាមួយចំនួននៃការថមថយ ហើយក្នុងពេលជាមួយគ្នានេះ វៀតណាមក៏ជាទីកន្លែងដ៏ល្អឥតខ្ចោះមួយដើម្បីរីកសាយភាយ និងជំរុញកិច្ចខិតខំ ប្រឹងប្រែងទាំងនេះផងដែរ។

“វៀតណាមមានទីតាំងល្អណាស់ក្នុងវិស័យអាជីវកម្ម នវានុវត្តន៍ និងបច្ចេកវិទ្យា។ វៀតណាមមានកត្តាចាំបាច់សម្រាប់ភាពជោគជ័យ ជាមួយនឹងសេដ្ឋកិច្ចដែលទើប លេចចេញ ជាពិសេសប្រជាជនវ័យក្មេងដែលមានស្មារតីសហគ្រិនភាពខ្ពស់ និង ឧស្សាហ៍ព្យាយាមខ្លាំង។ លើសពីនេះ សមត្ថភាពផលិតកម្មរបស់វៀតណាមក៏ល្អដែរ មិនត្រឹមតែក្នុងឧស្សាហកម្មនាំចេញបែបប្រពៃណីប៉ុណ្ណោះទេ ថែមទាំងឧស្សាហកម្ម បច្ចេកវិទ្យាខ្ពស់ ដូចជាយានជំនិះអគ្គិសនី ថ្មយានជំនិះអគ្គីសនី និងបញ្ញាសិប្បនិម្មិត (AI) ទៀតផង”។

កិច្ចប្រជុំកំពូល P4G នៅប្រទេសវៀតណាមគ្រោងនឹងអនុម័តលើសេចក្តីថ្លែង ការណ៍ទីក្រុងហាណូយ ដោយបញ្ជាក់យ៉ាងមុតមាំនូវការសន្យាចំពោះកំណើនបៃតង និរន្តរភាព ប្រកាន់យកមនុស្សជាស្នូល និងការប្តេជ្ញាចិត្តរបស់ប្រទេសនានាក្នុងការ សម្របសម្រួលសកម្មភាពប្រកបដោយការទទួលខុសត្រូវ ដើម្បីឆ្លើយតបទៅនឹងបញ្ហា ប្រឈមសកលនាពេលបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ