(VOVWORLD) - នៅក្នុងរបាយការណ៍ថ្មីបំផុតអំពីយថាទស្សន៍សេដ្ឋកិច្ចសកលដែលបានចេញផ្សាយកាលពីថ្ងៃទី ២២ ខែតុលា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានសង្កត់ធ្ងន់ថា ពិភពលោកកំពុងយកឈ្នះលើការប្រយុទ្ធប្រឆាំងនឹងអតិផរណា ប៉ុន្តែប្រឈមមុខនឹងយថាទស្សន៍កំណើនសេដ្ឋកិច្ចដ៏អាប់អួរ ហើយត្រូវតែមានការប្រុងប្រយ័ត្នចំពោះហានិភ័យនៃអស្ថិរភាពភូមិសាស្ត្រនយោបាយដែលកាន់តែកើនឡើងៗ។
របាយការណ៍របស់ IMF ត្រូវបានចេញផ្សាយនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំសរទរដូវ រវាងមូលនិធិនេះនិងក្រុមធនាគារពិភពលោក (WB) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ទី ២៦ ខែតុលា នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះប្រមូលផ្តុំអ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុឈានមុខគេលើពិភពលោកដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗនៃសេដ្ឋកិច្ចសកល។
ការប្រយុទ្ធប្រឆាំងនឹងអតិផរណាបញ្ចុះកំដៅ
នៅក្នុងសុន្ទរកថាបើកសប្តាហ៍ប្រជុំរបស់ IMF និង WB នាយិកាប្រតិបត្តិ IMF លោកស្រី Kristalina Georgieva បានបញ្ជាក់យ៉ាងច្បាស់ថា ចំណុចភ្លឺមួយក្នុងចំណោមចំណុចភ្លឺគួរឲ្យលើកទឹកចិត្តបំផុតសម្រាប់សេដ្ឋកិច្ចសកលនោះ គឺការប្រយុទ្ធប្រឆាំងនឹងអតិផរណានៅក្នុងខឿនសេដ្ឋកិច្ចជាច្រើនជុំវិញពិភពលោកទទួលបានលទ្ធផលវិជ្ជមាន។ ប្រធានសេដ្ឋវិទូរបស់ IMF លោក Pierre-Olivier Gourinchas បានធ្វើអធិប្បាយថា៖
“ការប្រយុទ្ធប្រឆាំងនឹងអតិផរណាហាក់ដូចជាបានឈ្នះហើយ។ បន្ទាប់ពីឡើងដល់កម្រិតកំពូល ៩,៤% នៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២២ ឥឡូវនេះយើងកំពុងឆ្ពោះទៅរកអតិផរណា ៣,៥% នៅចុងឆ្នាំក្រោយ។ នៅក្នុងប្រទេសភាគច្រើន អតិផរណានាបច្ចុប្បន្ន វិលជុំវិញកម្រិតគោលដៅរបស់ធនាគារកណ្តាល។ អតិផរណាបច្ចុប្បន្នកំពុងបញ្ចុះកំដៅខណៈដែលសេដ្ឋកិច្ចពិភពលោកនៅមានស្ថិរភាព”។
ទោះជាយ៉ាងណាក៏ដោយ ចំណុចភ្លឺក្នុងការប្រយុទ្ធប្រឆាំងនឹងអតិផរណា មិនដើរទន្ទឹមគ្នានឹងយថាទស្សន៍កំណើនសេដ្ឋកិច្ចនោះទេ។ នៅក្នុងរបាយការណ៍ IMF បានរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំនេះ នៅកម្រិត ៣,២% ដូចដែលបានព្យាករណ៍កាលពីខែកក្កដាកន្លងទៅ ប៉ុន្តែបានបញ្ចុះការព្យាករណ៍កំណើន សម្រាប់ឆ្នាំក្រោយមកត្រឹម ៣,២% ទាបជាង ០,១% ធៀបនឹងការព្យាករណ៍ពីមុន។ កំណើនរយៈពេលមធ្យមត្រូវបានគេរំពឹងថា នឹងថយចុះមកកម្រិតជាមធ្យម ៣,១% ក្នុងរយៈពេល ៥ ឆ្នាំ ពោលគឺទាបជាងនិន្នាការមុនការផ្ទុះជំងឺកូវីដ-១៩។ នាយិកាប្រតិបត្តិ IMF លោកស្រី Kristalina Georgieva បាននិយាយថា៖
“កំណើនក្នុងរយៈពេលមធ្យមត្រូវបានព្យាករណ៍ថា មានភាពអាប់អួរ មិនមែនទាបពេកទេបើធៀបនឹងមុនការផ្ទុះជំងឺរាតត្បាត ប៉ុន្តែវាក៏មិនល្អគ្រប់គ្រាន់នោះទេ។ កំណើននេះមិនគ្រប់គ្រាន់ដើម្បីឲ្យពិភពលោកលុបបំបាត់ភាពអត់ឃ្លាននិងភាពក្រីក្រ មិនគ្រប់គ្រាន់ដើម្បីបង្កើតបរិមាណការងារចាំបាច់ មិនគ្រប់គ្រាន់ដើម្បីនាំមកចំណូលពន្ធដែលបណ្ដារដ្ឋាភិបាលត្រូវការ ដើម្បីសងបំណុលធំៗ ខណៈដែលនៅតែត្រូវផ្ដល់ការចំណាយដ៏ធំលើការវិនិយោគ រួមទាំងការផ្លាស់ប្តូរបៃតងផងដែរ”។
ហានិភ័យភូមិសាស្ត្រនយោបាយ និងការបាក់ដាច់ពាណិជ្ជកម្ម
ទាក់ទងនឹងហានិភ័យចំពោះយថាទស្សន៍កំណើនសេដ្ឋកិច្ចពិភពលោក សេដ្ឋវិទូ របស់ IMF បានលើកឡើងពីលទ្ធភាពដែលតម្លៃប្រេងនិងទំនិញផ្សេងទៀតហក់ឡើងយ៉ាងខ្លាំង ប្រសិនបើជម្លោះនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែនរីករាលដាល។ យោងតាមលោកស្រី Kristalina Georgieva ការព្រមានដែល IMF បានធ្វើឡើងកាលពីឆ្នាំ ២០១៩ អំពីការបាក់ដាច់ពាណិជ្ជកម្មសកលកំពុងក្លាយជាការពិត ហើយកាន់តែអាក្រក់ទៅៗ ដែលធ្វើឲ្យពាណិជ្ជកម្មលែងជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចសកលដូចពីមុនឡើយ។ លោកស្រី Petya Koeva-Brooks អនុប្រធាននាយកដ្ឋានស្រាវជ្រាវរបស់ IMF បានធ្វើអត្ថាធិប្បាយថា៖
“ហានិភ័យចម្បងដែលបង្កឲ្យមានការធ្លាក់ចុះកំណើន ដែលយើងខ្ញុំឃើញគឺការកើនឡើងនៃជម្លោះភូមិសាស្ត្រនយោបាយ ការកើនឡើងនៃគោលនយោបាយពាណិជ្ជកម្មគាំពារនិយម ការចុះខ្សោយនៃទីផ្សារការងារ ឬការប្រែប្រួលវិលត្រឡប់មកទីផ្សារហិរញ្ញវត្ថុវិញ”។
ក្រៅពីហានិភ័យភូមិសាស្ត្រនយោបាយ ដែលតែងតែជាការគំរាមកំហែងដ៏ធំចំពោះកំណើនសេដ្ឋកិច្ចសកល ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះនៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ និងជម្លោះនៅហ្គាហ្សាកាលពីខែតុលាឆ្នាំមុនមោះ អ្នកជំនាញ IMF ក៏យកចិត្តទុកដាក់ពិសេសចំពោះហានិភ័យនៃការកើនឡើងនៃសង្គ្រាមពាណិជ្ជកម្ម នៅពេលដែលខឿនសេដ្ឋកិច្ចធំៗបង្កើនពន្ធនាំចូលនាំចេញយ៉ាងខ្លាំង និងវិធានការសងសឹកគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនោះ ការបោះឆ្នោតប្រធានាធិបតីអាមេរិកនាខែវិច្ឆិកា ត្រូវបានគេព្យាករណ៍ថា អាចប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងសេដ្ឋកិច្ចពិភពលោក នៅពេលដែលបេក្ខជនទាំងពីរគឺ លោកស្រី Kamala Harris នៃគណបក្សប្រជាធិបតេយ្យ និងលោក Donald Trump នៃគណបក្សសាធារណរដ្ឋបានប្រកាសថា នឹងអនុវត្តន៍ការផ្លាស់ប្តូរជាច្រើននៅក្នុងគោលនយោបាយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។
ទោះជាយ៉ាងណាក៏ដោយ នាយិកាប្រតិបត្តិ IMF លោកស្រី Kristalina Georgieva បានចាត់ទុកថា អាជ្ញាធរសហរដ្ឋអាមេរិក ជានិច្ចកាលតាមរកគោលនយោបាយជាក់ស្តែង ដូច្នេះមិនថាអ្នកណាក្លាយជាប្រធានាធិបតីអាមេរិកនោះទេ បុគ្គលនោះនឹងមិនអាចព្រងើយកន្តើយចំពោះស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន និងតាមរកគោលនយោបាយឯកតោភាគីឡើយ៕