កំពស់ថ្មីនៃទំនាក់ទំនងវៀតណាម-អូស្ត្រាលី

(VOVWORLD) - ដំណើរទស្សនកិច្ចលើកនេះបានគូសសញ្ញាដ៏មានសារៈសំខាន់ នាពេលដែលប្រទេសទាំងពីរតម្លើងទំនាក់ទំនងទៅជាកម្រិតដៃគូយុទ្ធសាស្ត្រ ហើយចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការជាច្រើនទៀត តាមនោះបង្កើត សន្ទុះសម្រាប់ទំនាក់ទំនងទ្វេភាគីអភិវឌ្ឍន៍យ៉ាងស៊ីជំរៅ។
កំពស់ថ្មីនៃទំនាក់ទំនងវៀតណាម-អូស្ត្រាលី - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងឆ្វេង) និងនាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Malcolm Turnbull ចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមស្ដីពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ (រូបថត៖ TTXVN)


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម នាថ្ងៃទី១៨ មីនា បានបញ្ចប់ប្រកបដោយល្អប្រសើរនូវដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី និងចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីលោក Malcolm Turnbull។ ដំណើរទស្សនកិច្ចលើកនេះបានគូសសញ្ញាដ៏មានសារៈសំខាន់នាពេលដែលប្រទេសទាំងពីរតម្លើងទំនាក់ទំនងទៅជាកម្រិតដៃគូយុទ្ធសាស្ត្រ ហើយចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការជាច្រើនទៀត តាមនោះបង្កើតសន្ទុះសម្រាប់ទំនាក់ទំនងទ្វេភាគីអភិវឌ្ឍន៍យ៉ាងស៊ីជំរៅ។

        រាល់ព្រឹត្តិការណ៍សំខាន់ក្នុងដំណើរទស្សនកិច្ច

        នៅរដ្ឋធានី Canberra នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញជួបចរចាជាមួយនាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Malcolm Turnbull ជួបសវនាការជាមួយអភិបាលអូស្ត្រាលី ប្រធានសភាទាំងពីរ និងប្រធានសមាគមន៍មិត្តភាពអូស្ត្រាលី-វៀតណាម ជាដើម។ ក្នុងជំនួបទាំងអស់នោះ ថ្នាក់ដឹកនាំអូស្ត្រាលីសុទ្ធតែបានអះអាងថា Canberra យកចិត្តទុកដាក់ជាពិសេសដល់ទំនាក់ទំនងជាមួយហាណូយ ហើយឯកភាពលើការបង្កលក្ខណៈងាយស្រួលយ៉ាងអតិបរមា ដើម្បីទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីអភិវឌ្ឍន៍យ៉ាងទូលំទូលាយ លើគ្រប់ជ្រុងជ្រោយ។

        នៅទីក្រុង Sydney នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានទទួលជួបនាយករដ្ឋមន្ត្រីនិងទេសាភិបាលរដ្ឋ New South Wales ហើយចូលរួមវេទិកាសហគ្រាសវៀតណាម-អូស្ត្រាលី។ ថ្លែងមតិចំពោះមុខពាណិជ្ជករ និងវិនិយោគិនចំនួន៤០០រូប នៃប្រទេសទាំងពីរ លោក Nguyen Xuan Phuc អះអាងថា ការដែលវៀតណាមនិងអូស្ត្រាលីបង្កើតទំនាក់ទំនងភាពជាមួយដៃគូយុទ្ធសាស្ត្រនោះ បានបើកចេញជើងមេឃសហប្រតិបត្តិការថ្មីមួយ៖

        “នាយករដ្ឋមន្ត្រីទាំងពីររូបបានប្រកាសថា វៀតណាមនិងអូស្ត្រាលីជាដៃគូយុទ្ធសាស្ត្រ។ ហើយប្រការសំខាន់មួយទៀតគឺ កិច្ចព្រមព្រៀង CPTPP ដែលក្នុងនោះមានវៀតណាមនិងអូស្ត្រាលី ទើបនឹងបានចុះហត្ថលេខានោះ បានបើកចេញជើងមេឃថ្មី ចំពោះកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ។ នោះគឺលក្ខខណ្ឌដ៏សែនសំខាន់ដើម្បីប្រទេសទាំងពីរជំរុញការវិនិយោគគ្នាទៅវិញទៅមកនាពេលខាងមុខ”។

        លោកនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា បរិយាកាសវិនិយោគនៅវៀតណាមកំពុងបានកែលំអយ៉ាងឆាប់រហ័ស ប៉ុន្តែ សហគ្រាសជាច្រើនក្នុងចំណោមសហគ្រាសជួរមុខទាំង៥០០របស់អូស្ត្រាលីមិនទាន់មានវត្តមាននៅវៀតណាមនៅឡើយ។ ប្រការនេះមិនទាន់សក្តិសមនឹងសក្ដានុពលនិងមហិច្ឆតាអភិវឌ្ឍន៍នៅទីផ្សារវៀតណាមឡើយ៖

        “ខ្ញុំសប្បាយយ៉ាងក្រៃលែងដោយសារនៅវេទិកាលើកនេះមានឯកសារចំនួន១៨ត្រូវបានចុះហត្ថលេខា ហើយលើសពីនេះទៅទៀតគឺការដែលក្រុមហ៊ុនអាកាសចរណ៍ Vietjet បើកជើងហោះហើរត្រង់ទៅកាន់អូស្ត្រាលី។ ដូច្នេះហើយ យើងមាន Vietnam Airlines Jetstar Pacific និង Vietjet ដែលរៀបចំជើងហោះហើរត្រង់ទៅកាន់អូស្ត្រាលី។ ប្រការនេះបង្កលក្ខណៈងាយស្រួលសំរាប់ការពន្លឿនពាណិជ្ជកម្ម សំរាប់វិនិយោគិននៃប្រទេសយើងទាំងពីរ។ សូមស្វាគមន៍លោកអ្នកទាំងអស់”។

        អាទិភាពធំចំនួន២ក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-អូស្ត្រាលី

        ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ក្រោមប្រធានបទ “បង្កើនសន្តិសុខនិងវិបុលភាពក្នុងតំបន់”។

        ថ្លែងមតិនៅកិច្ចប្រជុំខាងលើ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានលើកឡើងទិសដៅសំខាន់ៗ សំរាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-អូស្ត្រាលី ដោយអាទិភាពធំចំនួន២នោះគឺ បង្កើនកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចនិងធានាសន្តិភាព សន្តិសុខក្នុងតំបន់។ ជាថ្នាក់ដឹកនាំមួយក្នុងចំណោមថ្នាក់ដឹកនាំអាស៊ានទាំង៤ ដែលបានអញ្ជើញថ្លែងបទសន្ទរកថានៅកិច្ចប្រជុំចង្អៀតស្ដីពីកិច្ចសហប្រតិបត្តិការនៅសមុទ្រ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យកសាងតំបន់សមុទ្រនានា ក្នុងនោះមានសមុទ្រខាងកើតឲ្យក្លាយទៅជាតំបន់សន្តិភាព ស្ថិរភាព មានសន្តិសុខ សុវត្ថិភាពនិងសេរីភាពខាងនាវាចរណ៍ អាកាសចរណ៍ ដោយយកច្បាប់ជាគោលដើម្បីកសាងទំនុកទុកចិត្ត។

        អាចនិយាយបានថា ដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីនិងចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី របស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានរួមចំណែកបង្កើតឡើងសម័យកាលថ្មីក្នុងទំនាក់ទំនងសហប្រតិបតិ្តការវៀតណាម-អូស្ត្រាលី ព្រមទាំងរួមចំណែកបង្កើនកិច្ចសហប្រតិបតិ្តការនិងការតភ្ជាប់រវាងអាស៊ាននិងអូស្ត្រាលីនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ