ប៉ាឡេស្ទីន​សម្រេចបាន​ជំហាន​ថ្មី​លើ​ផ្លូវ​ក្លាយទៅ​ជា​សមាជិក​ពេញសិទ្ធិ​របស់​អង្គការ​សហប្រជាជាតិ

(VOVWORLD) - កាលពីថ្ងៃទី ១១ ឧសភា មហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតអនុម័តសេចក្តីសម្រេចចិត្តមួយដោយអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិចារណាគាំទ្រប៉ាឡេស្ទីនឱ្យក្លាយជាសមាជិកពេញសិទ្ធនៃអង្គការសហប្រជាជាតិ។ ក្នុងបរិបទជម្លោះកាន់តែស្មុគស្មាញនៅតំបន់ហ្គាហ្សា ក្រុមអ្នកសង្កេតការណ៍ភាគច្រើនបានចាត់ទុកថា ការទទួលស្គាល់ប៉ាឡេស្ទីនជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ និងការអនុវត្តដំណោះស្រាយរដ្ឋពីរ គឺជាដំណោះស្រាយយូរអង្វែងតែមួយគត់សម្រាប់សន្តិភាពនៅមជ្ឈិមបូព៌ា។

ការគាំទ្របានកើនឡើង

សេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិមិនមានលក្ខណៈចាប់បង្ខផ្លូវច្បាប់ឡើយ ប៉ុន្តែជាជ័យជំនះដែលមានអត្ថន័យជានិមិត្តរូបដ៏ធំធេងសម្រាប់ប៉ាឡេស្ទីន ដែលបញ្ជាក់ពីនិន្នាការគាំទ្រប៉ាឡេស្ទីនដែលកាន់តែកើនឡើងនៅលើពិភពលោក។ នាពេលខាងមុខ ប៉ាឡេស្ទីននឹងទទួលបានសិទ្ធិកាន់តែច្រើនពីសម័យប្រជុំពេញអង្គ (UNGA) នាខែកញ្ញាខាងមុខនៃមហាសន្និបាតអង្គការសហប្រជាជាតិ ដូចជា៖ មានសិទ្ធិធ្វើសេចក្តីថ្លែងការណ៍ក្នុងនាមក្រុមមួយ; ដាក់សំណើ ធ្វើវិសោធនកម្ម ឬស្នើខ្លឹមសារក្នុងរបៀបវារៈបណ្តោះអាសន្នក្នុងសម័យប្រជុំជាប្រចាំ ឬវិសាមញ្ញ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារមិនទាន់ក្លាយជាសមាជិកពេញសិទ្ធ ប៉ាឡេស្ទីននៅតែមិនមានសិទ្ធិឈរឈ្មោះបោះឆ្នោតនិងបោះឆ្នោតនៅស្ថាប័ននានានៃអង្គការសហប្រជាជាតិ ដូចជា ក្រុមប្រឹក្សាសន្តិសុខ ឬក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC)។

ការដែលប៉ាឡេស្ទីនទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីប្រទេសជាច្រើននៅមហាសន្និបាតអ.ស.ប មិនមិនជាប្រការភ្ញាក់ផ្អើលឡើយ។ ប្រទេសអារ៉ាប់ និងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើននៅភាគខាងត្បូងបានគាំទ្រប៉ាឡេស្ទីនជាយូរមកហើយក្នុងការបង្កើតរដ្ឋមួយ ហើយក្លាយជាសមាជិកពេញសិទ្ធិនៃអង្គការសហប្រជាជាតិ។ សង្គ្រាមនៅហ្គាហ្សាដែលមានជនជាតិប៉ាឡេស្ទីនជាង ៣៥.០០០ នាក់ត្រូវបានសម្លាប់គិតត្រឹមដើមខែឧសភា បានជំរុញឲ្យមានការគាំទ្របន្ថែមទៀត។ គួរកត់សម្គាល់ថា ភាពឃោរឃៅនៃយុទ្ធនាការយោធាដែលអ៊ីស្រាអែលកំពុងធ្វើនៅតំបន់ហ្គាហ្សា ក៏កំពុងបង្កើតឱ្យមានរលកនៃការយោគយល់ និង ការគាំទ្រដ៏ខ្លាំងក្លាសម្រាប់ប៉ាឡេស្ទីន ក្នុងសាធារណៈមតិនៅប្រទេសលោកខាងលិច ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល។ នេះគឺជាកត្តាមួយដែលធ្វើឱ្យរដ្ឋាភិបាលលោកខាងលិចជាច្រើនស្ថិតនៅក្រោមសម្ពាធត្រូវបង្ហាញឱ្យកាន់តែច្បាស់លាស់នូវការគាំទ្រចំពោះប៉ាឡេស្ទីននៅអង្គការសហប្រជាជាតិ។ ឯកអគ្គរដ្ឋទូតបារាំងប្រចាំអង្គការសហប្រជាជាតិ លោក Nicolas de Riviere មានប្រសាសន៍ថា៖

“បារាំងបានបោះឆ្នោតគាំទ្រពង្រាងសេចក្តីសម្រេចដែលស្នើដោយ UAE ដើម្បីគាំទ្រប៉ាឡេស្ទីនឲ្យក្លាយទៅជាសមាជិកពេញសិទ្ធនៅអង្គការសហប្រជាជាតិ ហើយនោះហើយជាមូលហេតុដែលយើងខ្ញុំក៏បានបោះឆ្នោតគាំទ្រពង្រាងសេចក្តីសម្រេចស្តីពីសមាជិកភាពរបស់ប៉ាឡេស្ទីន ដែលស្នើឡើងដោយអាល់ហ្សេរីនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សប្ដាហ៍មុនផងដែរ"។

ស្របនឹងទស្សនៈនោះ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong បាននិយាយថា ការដែលអូស្ត្រាលីគាំទ្រសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតអង្គការសហប្រជាជាតិ ទាក់ទងនឹងសមាជិកភាពរបស់ប៉ាឡេស្ទីនគឺមានបំណងចង់ជំរុញការខិតខំប្រឹងប្រែងសន្តិភាពក្នុងបរិបទដែលដំណើរការសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ត្រូវបានជាប់គាំង ជាច្រើនទសវត្សរ៍មក៖

“បច្ចុប្បន្ននេះ យើងទាំងអស់គ្នាដឹងហើយថា ការបោះឆ្នោតមួយនឹងមិនអាចជួយបញ្ចប់ជម្លោះនេះបានឡើយ ព្រោះថា ជម្លោះនេះបានអូសបន្លាយពេញមួយជីវិតរបស់មនុស្សជាច្រើន។ ប៉ុន្តែយើងទាំងអស់គ្នាត្រូវតែធ្វើអ្វីដែលយើងអាចធ្វើបានដើម្បីបង្កើតកម្លាំងឆ្ពោះទៅរកសន្តិភាពផងដែរ”។

ឧបសគ្គយូរអង្វែង

ទោះបីសម្រេចបានជំហានដ៏ធំធេងក្នុងការក្លាយជាសមាជិកពេញសិទ្ធិនៃអង្គការសហប្រជាជាតិក៏ដោយ ក៏ឧបសគ្គដែលប៉ាឡេស្ទីនប្រឈមមុខនាពេលខាងមុខនៅតែមានភាពស្មុគស្មាញខ្លាំង។ ក្នុងចំណោមប្រទេសទាំង ៩ ដែលបានបោះឆ្នោតប្រឆាំងគឺមានសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏ធំបំផុតរបស់អ៊ីស្រាអែល ហើយក៏ជាប្រទេសមួយក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំង ៥ ដែលមានអំណាចវេតូនៅក្រុមប្រឹក្សាសន្តិសុខ។ មុននោះ កាលពីថ្ងៃទី១៨ ខែមេសា ក្នុងការបោះឆ្នោតនៅក្រុមប្រឹក្សាសន្តិសុខស្តីពីការទទួលស្គាល់ប៉ាឡេស្ទីនជាសមាជិកពេញសិទ្ធនៃអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិកក៏បានបោះឆ្នោតវេតូផងដែរ។

ពន្យល់ពីការសម្រេចចិត្តទាំងនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក Robert Wood បាននិយាយថា សហរដ្ឋអាមេរិកគាំទ្រដំណោះស្រាយរដ្ឋទាំងពីរ ប៉ុន្តែចាត់ទុកថា ការបង្កើតរដ្ឋប៉ាឡេស្ទីនត្រឹមតែជាលទ្ធផលពីការចរចារដោយផ្ទាល់រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនប៉ុណ្ណោះ។

“ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Bidenតែងតែបញ្ជាក់យ៉ាងច្បាស់លាស់ថា សន្តិភាពប្រកបដោយនិរន្តរភាពនៅក្នុងតំបន់អាចសម្រេចបានតាមរយៈដំណោះស្រាយរដ្ឋពីរតែប៉ុណ្ណោះ ដែលសន្តិសុខរបស់អ៊ីស្រាអែលត្រូវបានធានា ហើយប្រជាជនអ៊ីស្រាអែល និងប៉ាឡេស្ទីនរស់នៅក្បែរគ្នាជាមួយនឹងវិធានការយុត្តិធម៌ស្ដីពីសេរីភាព និងសេចក្តីថ្លៃថ្នូរ។ ដូច្នេះ ជំហររបស់សហរដ្ឋអាមេរិកគឺថា វិធានការឯកតោភាគីនៅអង្គការសហប្រជាជាតិ និងជាក់ស្ដែងនឹងមិនជួយជំរុញដល់គោលដៅនេះឡើយ”។

ក្នុងរយៈពេលវែង ក្រុមអ្នកសង្កេតការណ៍ចាត់ទុកថា ប៉ាឡេស្ទីននឹងមិនអាចជំនះពុះពារលើឧបសគ្គនៃសិទ្ធិវ៉េតូរបស់អាមេរិកបានក្នុងពេលឆាប់ៗនេះឡើយ យ៉ាងហោចណាស់រហូតដល់ជម្លោះនៅតំបន់ហ្គាហ្សាបញ្ចប់។ ទោះជាយ៉ាងណាក៏ដោយ សកម្មភាពនាពេលថ្មីៗក៏បង្ហាញថា ប៉ាឡេស្ទីនកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងពីប្រទេសលោកខាងលិច
ជាច្រើន ដែលពីមុនមានការស្ទាក់ស្ទើរក្នុងការជំរុញដំណោះស្រាយប៉ាឡេស្ទីនដើម្បីបង្កើតរដ្ឋ ហើយមានសិទ្ធពេញលេញនៅអង្គការសហប្រជាជាតិ។ បច្ចុប្បន្ននេះ អេស្បាញ និងសាធារណរដ្ឋអៀរឡង់កំពុងខិតខំប្រឹងប្រែងអំពាវនាវឱ្យប្រទេសផ្សេងទៀតទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាឯកតោភាគីនាថ្ងៃទី ២១ ឧសភា បើទោះបីជាមានការប្រឆាំងពីអ៊ីស្រាអែលក៏ដោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ