(VOVWORLD) - ក្នុងប្រវត្តិសាស្ត្រវៀតណាម វិស័យអប់រំបានដើរតួនាទីពិសេសចំពោះរាល់អព្ភូតហេតុអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ក្នុងបរិបទដែលពិភពលោកកំពុងស្ថិតក្នុងដំណាក់កាល ផ្លាស់ប្តូរមានចរិតលក្ខណៈសម័យកាល ការប្រកួតប្រជែងលើគុណភាពធនធានមនុស្សនឹងកំណត់នូវឱកាសអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ ហើយតួនាទីរបស់វិស័យអប់រំកាន់តែមានសារៈ សំខាន់ជាងពេលណាៗទាំងអស់ ដោយនៅតែត្រូវបានកំណត់ជាគោលនយោបាយចម្បងរបស់ប្រទេសជាតិ ខណៈដែលវៀតណាម កំពុងឈានចូលយុគសម័យថ្មី។ ប្រការនេះត្រូវបានថ្នាក់ដឹក នាំវៀតណាមគូសបញ្ជក់ នៅក្នុងការថ្លែងមតិនាពេលថ្មីៗនេះ ក្នុងឱកាសទិវាគ្រូបង្រៀនវៀតណាម ថ្ងៃទី ២០ ខែវិច្ឆិកា។
លោកអគ្គលេខាបក្ស អញ្ជើញថ្លែងមតិក្នុងជំនួបជាមួយតំណាងគ្រូបង្រៀន និងអ្នកគ្រប់គ្រងវិស័យអប់រំ នាថ្ងៃទី១៨ ខែវិច្ឆិកា នៅទីក្រុងហាណូយ (រូបថត៖ VOV) |
ដើម្បីសម្របខ្លួនទៅនឹងដំណាក់កាលអភិវឌ្ឍន៍ថ្មី វិស័យអប់រំវៀតណាមត្រូវការផ្លាស់ប្តូរពីខាងផ្ទៃក្នុង ឆ្ពោះទៅរកគុណភាពខ្ពស់ ការអភិវឌ្ឍមនុស្សយ៉ាងទូលំទូលាយជាង និងបង្កើតធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។
តួនាទីយ៉ាងសំខាន់ពិសេសក្នុងរាល់អព្ភូតហេតុ នៃការអភិវឌ្ឍន៍របស់ប្រទេសជាតិ
ចាប់ពីថ្ងៃបង្កើតប្រទេសដំបូងមក បក្សនិងរដ្ឋវៀតណាមតែងតែយកចិត្តទុកដាក់ជាពិសេស ដោយមានគោលការណ៍ណែនាំ និងគោលនយោបាយជាច្រើនក្នុងការវិនិយោគលើវិស័យអប់រំ ដោយបានកំណត់ថា ជាការវិនិយោគសម្រាប់ការអភិវឌ្ឍនិងជាអាទិភាពនាំមុខបើធៀបនឹងវិស័យផ្សេងៗទៀត។
ប្រវត្តិសាស្រ្តនៃបដិវត្តន៍វៀតណាមបានកត់ត្រាថា នៅក្នុងសម័យប្រជុំដំបូងនៃក្រុមប្រឹក្សារដ្ឋាភិបាលបណ្តោះអាសន្ន (ឆ្នាំ ១៩៤៥) លោកប្រធានហូជីមិញបានស្នើឱ្យបើកយុទ្ធនាការប្រឆាំងនឹងអនក្ខរកម្មព្រោះយោងទៅតាមលោកប្រធាន “ប្រទេសមិនចេះអក្សរគឺជាប្រទេសទន់ខ្សោយ”។ ហេតុដូច្នេះ នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ១៩៤៥ គណៈកម្មការប្រជាសិក្សាត្រូវបានបង្កើតឡើង។ ចលនាប្រជាសិក្សាជាមួយនឹងគោលនយោបាយច្បាស់លាស់របស់បក្សក្នុងការរៀនភាសាជាតិដោយឥតគិតថ្លៃ ដឹកនាំដោយលោកប្រធាន ហូជីមិញ បន្ទាប់ពីរយៈពេល ២០ ឆ្នាំ វៀតណាម បានលុបបំបាត់អក្ខរកម្មជាមូលដ្ឋាននៅតំបន់ដីសណ្ដ តំបន់ខ្ពង់រាបនិង តំបន់ភ្នំភាគខាងជើង វៀតណាម។
អាចនិយាយបានថា សមិទ្ធិផលនៃការលុបបំបាត់អនក្ខរកម្ម គឺជាមូលដ្ឋានគ្រឹះដំបូង សម្រាប់បដិវត្តន៍វៀតណាមសម្រេចបាននូវកម្ពស់ថ្មី រំដោះប្រទេសជាតិ ឯកភាពប្រទេសជាតិ រួមទាំងសមិទ្ធិផលដ៏ធំធេងជាច្រើនទៀត បន្ទាប់រយៈពេលជិត ៤០ឆ្នាំ នៃការផ្លាស់ប្តូរថ្មីប្រទេសជាតិ។
ការផ្លាស់ប្តូរថ្មីវិស័យអប់រំថ្នាក់ឧត្តមសិក្សា ផ្សារភ្ជាប់ទៅនឹងតម្រូវការទីផ្សារការងារ ហើយមានគ្រឹះស្ថានឧត្តមសិក្សា និងជំនាញបណ្តុះបណ្តាលកម្រិតខ្ពស់កាន់តែច្រើនឡើងនៅក្នុងតំបន់និងពិភពលោក។ បច្ចុប្បន្ននេះ សាកលវិទ្យាល័យវៀតណាមជាង ២៤០ មានអ្នកជំនាញ និងបានបណ្តុះបណ្តាលមុខជំនាញភាគច្រើននៅក្នុងបញ្ជីមុខវិជ្ជានៅទូទាំងពិភពលោក រួមទាំងមុខវិជ្ជាថ្មីបំផុតទៀតផង។
នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ អញ្ជើញអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិច្នៃប្រឌិតការអប់រំ និងបណ្តុះបណ្តាលឆ្នាំ ២០២៤ (រូបថត៖ VOV) |
វៀតណាមមិនអាចឈរនៅក្រៅនិន្នាការនវានុវត្តន៍អប់រំរបស់ពិភពលោកឡើយ
បដិវត្តន៍ឧស្សាហកម្មលើកទី៤ ការបង្កើតសេដ្ឋកិច្ចចំណេះដឹង សង្គមចំណេះដឹង ... បានជំរុញការផ្លាស់ប្តូរថ្មីវិស័យអប់រំឱ្យក្លាយជានិន្នាការសកល ហើយ វៀតណាមមិនអាចឈរនៅក្រៅនិន្នាការនោះទេ។ ប្រទេសជាតិចាំបាច់ត្រូវមានធនធានមនុស្សដែលមានគុណភាពខ្ពស់ ជាពិសេសធនធានមនុស្សសម្រាប់ឧស្សាហកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសំខាន់ៗ បច្ចេកវិទ្យាថ្មីៗ និងឧស្សាហកម្មដែលនាំមកនូវការប្រកួតប្រជែង និងអត្ថប្រយោជន៍នៅក្នុងឆាកអន្តរជាតិ។
អញ្ជើញថ្លែងមតិក្នុងជំនួបជាមួយតំណាងគ្រូបង្រៀន និងអ្នកគ្រប់គ្រងក្នុងវិស័យអប់រំ នាថ្ងៃទី ១៨ ខែវិច្ឆិកា នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញគូសបញ្ជាក់ថា៖ “គោលដៅខ្ពស់បំផុតនាពេលបច្ចុប្បន្ននេះ គឺត្រូវតែផ្តោតលើការសម្រេចឲ្យបានគឺ "បំពេញបង្ហើយបុព្វហេតុផ្លាស់ប្តូរថ្មីវិស័យអប់រំ និងបណ្តុះបណ្តាល បំពេញគោលដៅនៃការបង្កើតធនធានមនុស្សសម្រាប់ការកសាង និងការពារមាតុភូមិក្នុងយុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ ក្នុងអាណត្តិមហាសន្និបាតលើកទី ១៤ របស់បក្ស។ អាទិភាពកំពូលក្នុងការសម្រេចគោលដៅនេះ នោះគឺត្រូវផ្តោតលើការកសាងមនុស្សសង្គមនិយម។ ផ្តោតលើការអប់រំបុគ្គលិកលក្ខណៈ ក្រមសីលធម៌ របៀបរស់នៅ ចំណេះដឹងផ្នែកច្បាប់ និងមនសិការជាពលរដ្ឋម្នាក់។ ផ្តោតលើតម្លៃជាមូលដ្ឋាននៃវប្បធម៌ ប្រពៃណី និងសីលធម៌ជាតិ ភាពសម្បូរបែបនៃវប្បធម៌មនុស្សជាតិ តម្លៃស្នូល និងមនុស្សសាសន៍នៃលទ្ធិម៉ាក្ស-លេនីន សតិអារម្មណ៍ហូជីមិញ កម្មវិធីនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស”។
ទន្ទឹមនឹងការលុបបំបាត់អក្ខរកម្មទាំងស្រុង ជាពិសេសនៅតំបន់ដាច់ស្រយាល និងក្នុងចំណោមជនជាតិភាគតិច វៀតណាមត្រូវចាប់ផ្តើមចលនា “ប្រជាសិក្សាតាមប្រព័ន្ធឌីជីថល”។ ការិយាល័យនយោបាយបានសម្រេចចេញសេចក្តីសម្រេចចិត្តស្តីពីការផ្លាស់ប្តូរឌីជីថលថ្នាក់ជាតិ។ មុននោះ នាដើមខែវិច្ឆិកា អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំ ២០២៤ នៃគណៈកម្មាធិការជាតិច្នៃប្រឌិតការអប់រំ និងបណ្តុះបណ្តាល នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ បានមានប្រសាសន៍ថា៖ “ខ្ញុំសូមគូសបញ្ជាក់លើបញ្ហាចំនួន ៥។ ទាក់ទងនឹងពេលវេលា គោលនយោបាយដែលចេញផ្សាយទាក់ទងនឹងការអប់រំ និងការបណ្តុះបណ្តាលគឺត្រូវតែរហ័សរហួល អាចធ្វើទៅបាន ទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ទាក់ទងនឹងបញ្ញា យើងត្រូវតែពឹងផ្អែកលើការអប់រំ ការបណ្តុះបណ្តាល និងនវានុវត្តន៍។ ទាក់ទិននឹងសេចក្តីប្រាថ្នា នាំយកការអប់រំ និងបណ្តុះបណ្តាលឱ្យនៅកម្រិតដូចគ្នា និងប្រដេញតាមប្រទេសអភិវឌ្ឍន៍កាន់តែឆាប់កាន់តែល្អ មាន ភាពជឿជាក់លើខ្លួនឯង និងមានជំនឿទុកចិត្តលើប្រទេសជាតិ។ ទាក់ទងនឹងសមាហរណកម្ម ត្រូវតែដើរលើផ្លូវត្រូវនិន្នាការនៃសម័យកាល ពង្រីកកម្លាំងជាតិ ជាមួយនឹងកម្លាំងនៃសម័យកាល ក្នុងការអប់រំ និងបណ្តុះបណ្តាល”។
ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រ ១០០ ឆ្នាំនៃការបង្កើតបក្ស គម្រប់១០០ឆ្នាំនៃការបង្កើតប្រទេសជាតិ នាំប្រទេសយ៉ាងរឹងមាំឈានទៅរកយុគសម័យរុងរឿង ការច្នៃប្រឌិតលើវិស័យអប់រំនិងបណ្តុះបណ្តាលគឺជាភារកិច្ចយុទ្ធសាស្ត្រ និងដំណោះស្រាយនៃមហាសន្និបាតបក្សលើកទី១៤។
វិស័យអប់រំរបស់វៀតណាមបានបង្កើតឡើងនូវអព្ភូតហេតុដែលមើលទៅហាក់ដូចជាមិនអាចទៅរួចនាពេលកន្លងមក ហើយឥឡូវនេះ ការអប់រំរបស់វៀតណាមនឹងបន្តទទួលខុសត្រូវខ្ពស់ក្នុងការបង្កើតសញ្ញាសម្គាល់ថ្មី សម្រាប់យុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ៕