(VOVWORLD) - នៅឆ្នាំ ២០២៥ វៀតណាមត្រូវផ្តល់អាទិភាពសម្រាប់កំណើនដោយខិតខំបង្កើន GDP ប្រមាណ ៨% និងបង្ហើយផ្លូវហាយវេយ៉ាង ហោចណាស់ ៣.០០០ គីឡូម៉ែត្រ...។ ទាំងនេះគឺជាគោលដៅសំខាន់ដែលរដ្ឋាភិបាលត្រូវខិតខំបំពេញ រួមចំណែកបង្កើតមូលដ្ឋាន សម្រាប់ប្រទេសជាតិ ឈានចូលយុគសម័យស្ទុះឈានទៅមុខ ប្រកប ដោយវិបុលភាព។ ថ្លែងមតិក្នុងសន្និសីទជាតិដើម្បីជ្រួតជ្រាប និងបូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១២ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១ ខែធ្នូ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ បានអះអាងថា ត្រូវបើកទូលាយប្រភពកម្លាំងដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញបង្ហាញខ្លឹមសារសំខាន់ៗនៃស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៤ និងដំណោះស្រាយពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៥ នៅសន្និសីទជាតិនាព្រឹកថ្ងៃទី ១ ខែធ្នូ (រូបថត៖ VGP/Nhat Bac) |
ផ្តល់អាទិភាពនិងបន្តជំរុញកំណើន
ក្នុងសម័យប្រជុំលើកទី៨ នៃរដ្ឋសភានីតិកាលទី១៥ រដ្ឋសភាបានអនុម័ត លើគោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ២០២៥ ពី៦,៥-៧%, ខិតខំសម្រេចបានពី ៧-៧,៥%។ ទោះជាយ៉ាងណា រដ្ឋាភិបាលនឹងខិតខំសម្រេចបានផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ៨%។ ការងារនេះគឺដើម្បីបង្កើតសន្ទុះខិតខំសម្រេចបានកំណើនពីរខ្ទង់ក្នុងដំណាក់កាល ២០២៦-២០៣០។
រដ្ឋាភិបាលក៏បានដាក់ចេញគោលដៅ បង្ហើយជាស្ថាពរផ្លូវល្បឿនលឿនយ៉ាងហោចណាស់ ៣.០០០ គីឡូម៉ែត្រ កំណត់ការដាក់ឲ្យដំណើរការអាកាស យានដ្ឋានអន្តរជាតិ Long Thanh ឲ្យបានមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥, លុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះដែលទ្រុឌទ្រោមនៅទូទាំងប្រទេស...។ បើយោងតាមលោកនាយករដ្ឋមន្ត្រី ទាំងនេះគឺជាកត្តា ជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិ “ឈានចូលយុគសម័យថ្មី ហើយក្លាយជាប្រទេសអ្នកមាន រឹងមាំប្រកបដោយវិបុលភាព”។
ស្មារតីទូទៅគឺវៀតណាមផ្តល់អាទិភាពដល់ការជំរុញកំណើនដោយឈរលើមូលដ្ឋានរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ធានាសមតុល្យធំ និងអតិរេកខ្ពស់។
ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ កត្តាជំរុញកំណើនប្រពៃណីនៃការវិនិយោគ ការប្រើប្រាស់ និងការនាំចេញបន្តត្រូវបានពង្រឹងនិងពង្រីកជានិច្ច។
អាស្រ័យហេតុនេះ ការបើកចំណាយដើមទុនវិនិយោគសាធារណៈ ជាពិសេសគម្រោងជាតិសំខាន់ៗ នឹងត្រូវបានពន្លឿនចាប់ពីដើមឆ្នាំ។ ប្រភពចំណូលថវិការដ្ឋក្នុងឆ្នាំនេះ នឹងត្រូវបានផ្តល់អាទិភាពដល់គម្រោងផ្លូវល្បឿនលឿនខាងជើង-ខាងត្បូង ភាគបូព៌ា និងគម្រោងមួយចំនួនទៀតដែលត្រូវការជំនួយ។ រដ្ឋាភិបាលបានឲ្យដឹងថា ចាំបាច់ត្រូវមានយន្តការដ៏មានប្រសិទ្ធ ភាពទាក់ទាញការវិនិយោគពីបរទេសដែលមានការជ្រើសរើស ជាពិសេសគម្រោងបច្ចេកវិទ្យាខ្ពស់ និងវិស័យដែលទើបលេចចេញ ដូចជាបន្ទះឈីប semiconductor បញ្ញាសិប្បនិម្មិត និងការផ្លាស់ប្តូរថាមពល។
ទាក់ទងនឹងការប្រើប្រាស់ រដ្ឋាភិបាលនឹងមានដំណោះស្រាយជំរុញការប្រើប្រាស់ក្នុងស្រុក ផ្សព្វផ្សាយយុទ្ធនាការ “ប្រជាជនវៀតណាមប្រើប្រាស់ទំនិញវៀតណាម” ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក គ្រប់គ្រងការផ្គត់ ផ្គង់និងតម្លៃទំនិញសំខាន់ៗ ធានាសន្តិសុខស្បៀងអាហារ...។
សកម្មភាពជំរុញការនាំចេញនិងពាណិជ្ជកម្មត្រូវបានលើកកម្ពស់ តាមរយៈការទាញយកអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ១៧ ដោយបានធ្វើអាជីវកម្មពីទីផ្សារថ្មីៗដូចជា ហាឡាលនិងអាហ្វ្រិក។ ទន្ទឹមនឹងនោះ កត្តាជំរុញកំណើនថ្មីដូចជា សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចចែករំលែក... នឹងត្រូវបានលើកកម្ពស់ នេះបើយោងតាមលោកនាយករដ្ឋមន្ត្រី។
ទាក់ទងនឹងគោលនយោបាយរូបិយវត្ថុ គោលដៅគឺកាត់បន្ថយអត្រាការប្រាក់កម្ចីបន្ថែមទៀត។ កំណើនឥណទាននៅឆ្នាំក្រោយនឹងនៅតែលើស ១៥% ដោយលំហូរមូលធនសំដៅទៅតំបន់អាទិភាព ផលិតកម្ម និងអាជីវកម្ម។ ចំណូលថវិកាត្រូវបានរំពឹងថា នឹងកើនឡើងប្រហែល ១០% បើធៀបនឹងឆ្នាំ ២០២៤។
រដ្ឋាភិបាលក៏ដាក់ចេញគោលដៅអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុនិងទីផ្សារមូលធនយ៉ាងខ្លាំងក្លា ដើម្បីកៀរគរធនធានសម្រាប់សេដ្ឋកិច្ច ក្នុងនោះ ខិតខំធ្វើឱ្យប្រសើរឡើងនូវទីផ្សារភាគហ៊ុន។
ផ្តោតលើការគ្រប់គ្រងរដ្ឋ ការកសាងយុទ្ធសាស្ត្រនិងរៀបចំផែនការមេ
ដើម្បីអនុវត្តគោលដៅកំណើនប្រកបដោយជោគជ័យ រដ្ឋាភិបាលក៏បន្តបូកសរុបការអនុវត្តជាក់ស្តែង ដើម្បីបង្កើតគោលនយោបាយ និងវាយតម្លៃផលប៉ះពាល់គោលនយោបាយ; ដាក់ពង្រាយនិងរៀបចំការអនុវត្តជាក់ស្តែង រាល់គោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស។ ជាពិសេស អញ្ជើញថ្លែងក្នុងសម័យប្រជុំរដ្ឋាភិបាលស្តីពីការកសាងច្បាប់ក្នុង ខែវិច្ឆិកា (ប្រព្រឹត្តទៅនាថ្ងៃទី ៤ ធ្នូ) លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យផ្លាស់ប្តូរការត្រិះរិះអំពីការកសាងច្បាប់ក្នុងទិសដៅ៖ ត្រូវគ្រប់គ្រងបាន បើកទូលាយ ផងនិងច្បាស់លាស់ក្នុងពេលតែមួយនិងកៀងគរធនធានទាំងអស់ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសក្នុងរយៈពេលខាងមុខ ដើម្បីសម្រេចបាននូវកំណើនពីរខ្ទង់ សម្រេចបាននូវគោលដៅចំនួនពីរ នៃខួប ១០០ឆ្នាំ របស់ប្រទេសជាតិ។
ថ្នាក់ដឹកនាំរូបនេះបានសង្កត់ធ្ងន់ថា របៀបរបបគឺ “ភាពលោតផ្លោះនៃភាពលោតផ្លោះ” ជា “កម្លាំងចលករ ប្រភពធនធានសម្រាប់ការអភិវឌ្ឍ”។ អាស្រ័យហេតុនេះ លោកនាយករដ្ឋមន្រី្តបានស្នើដល់រដ្ឋមន្ត្រី ប្រមុខវិស័យនានា បន្តវិនិយោគពេលវេលា ការខិតខំប្រឹងប្រែង ធនធានមនុស្ស និងសម្ភារៈប្រើប្រាស់ក្នុងការងារសុក្រិតរៀបរបប; ជាពិសេស ត្រូវបន្តពិនិត្យឡើងវិញនូវបញ្ហាជំពាក់ជំពិន ហួសសម័យ ឬមិនបានប្រដេញតាមស្ថានភាពជាក់ស្តែង ដើម្បីសុក្រិតប្រព័ន្ធច្បាប់។
ឆ្នាំ ២០២៥ គឺជាឆ្នាំដ៏សំខាន់មួយដែលមានព្រឹត្តិការណ៏ពិសេសជាច្រើនក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ហើយក៏ជាឆ្នាំសំខាន់ពិសេសដែលរួមចំណែកដល់ទិសដៅកំណើននៃដំណាក់កាល ២០២០ - ២០២៥។ បក្ស រដ្ឋសភា និងរដ្ឋាភិបាលបានកំណត់ថា នេះជាឆ្នាំនៃការពន្លឿន ជាឆ្នាំស្ទុះឈានទៅមុខ និងបង្ហាញពីស្មារតីរឹងមាំ ប្តេជ្ញាចិត្ត ក្នុងស្មារតីនៃការផ្លាស់ប្តូរថ្មី ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមដែលបានដាក់ចេញ៕