ជម្លោះនៅមជ្ឈិមបូព៌ា៖ ផលវិបាកកាន់តែគ្រោះថ្នាក់ទៅលើសេដ្ឋកិច្ចពិភពលោក

(VOVWORLD) - ការវិវឌ្ឍន៍ដ៏សាហាវនិងស្មុគស្មាញនៃជម្លោះដែលកំពុងរីករាលដាលនៅមជ្ឈិមបូព៌ា រវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងចាប់ផ្តើមបង្កឲ្យមាaនផលវិបាកដ៏គ្រោះថ្នាក់លើសេដ្ឋកិច្ចពិភពលោក នៅពេលដែលតម្លៃប្រេងបានហក់ឡើងខ្ពស់ និងសេណារីយ៉ូអំពីវិបត្តិបានលេចចេញកាន់តែច្បាស់។

ដប់ថ្ងៃក្រោយពីជម្លោះរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ផ្ទុះឡើង (ថ្ងៃទី ២៨ ខែកុម្ភៈ) ក្នុងវគ្គជួញដូរនាថ្ងៃទី ៨ ខែមីនា តម្លៃប្រេងពិភពលោកបានលើសពី ១០០ដុល្លារក្នុងមួយបារ៉ែលជាផ្លូវការ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ ២០២២។

ជម្លោះនៅមជ្ឈិមបូព៌ា៖ ផលវិបាកកាន់តែគ្រោះថ្នាក់ទៅលើសេដ្ឋកិច្ចពិភពលោក - ảnh 1នាវាដឹកប្រេងនៅឆ្នេរសមុទ្រ Fujairah ប្រទេសអេមីរ៉ាតអារ៉ាប់រួម នាថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៦ ខណៈដែលអ៊ីរ៉ង់បានប្រកាសថានឹងបាញ់ទៅលើនាវាដែលឆ្លងកាត់ច្រកសមុទ្រ Hormuz។ (រូបថត៖ REUTERS/Amr Alfiky)

ការព្រួយបារម្ភអំពីវិបត្តិថាមពល

ការកើនឡើងនៃតម្លៃប្រេងកំពុងកើតឡើង ខណៈដែលការប្រយុទ្ធគ្នារវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់បានចូលដល់សប្តាហ៍ទីពីរហើយ ជាមួយនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើរោងចក្រចម្រាញ់ប្រេងរបស់អ៊ីរ៉ង់ និងការវាយប្រហារសងសឹករបស់ទីក្រុង
តេអេរ៉ង់លើប្រទេសផលិតប្រេងនៅតំបន់ឈូងសមុទ្រពែក្ស។ ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាផ្លូវសម្រាប់ការដឹកជញ្ជូនប្រេងនិងឧស្ម័ន ២០% របស់ពិភពលោក ក៏ត្រូវបានផ្អាកផងដែរចាប់តាំងពីជម្លោះបានផ្ទុះឡើងនាថ្ងៃទី ២៨ ខែកុម្ភៈ។ ចាប់តាំងពីជម្លោះបានផ្ទុះឡើងមក តម្លៃប្រេង WTI បានកើនឡើងជាង ៧៥% ខណៈដែលតម្លៃប្រេង Brent បានកើនឡើងជាង ៦០% (គិតត្រឹមថ្ងៃទី ៩ ខែមីនា) ហើយនិន្នាការកើនឡើងយ៉ាងខ្លាំងមិនទាន់បង្ហាញសញ្ញានៃការបញ្ចប់ក្នុងពេលឆាប់ៗនៅឡើយទេ។

ការដែលតម្លៃប្រេងបានកើនលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែលជាលើកដំបូងក្នុងរយៈពេលជាង៤ឆ្នាំ កំពុងធ្វើឱ្យការគិតមមៃនូវវិបត្តិថាមពលសកលមួយងើបឡើងវិញ។ ដោយចែករំលែកការព្រួយបារម្ភនេះ លោក Saul Kavonic នាយកផ្នែកស្រាវជ្រាវថាមពលនៅ MST Marquee (អូស្ត្រាលី) បានចាត់ទុកថា តម្លៃប្រេងនឹងបន្តនិន្នាការកើនឡើង ដរាបណាច្រកសមុទ្រ Hormuz នៅតែបិទ។ នៅក្នុងសេណារីយ៉ូដែលសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចដាក់ពង្រាយនាវាចម្បាំងដើម្បីអមដំណើរនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz នោះ ផលប៉ះពាល់នៃស្ថានភាពបច្ចុប្បន្នអាចត្រូវបានកាត់បន្ថយ ប៉ុន្តែ មិនអាចវិលត្រឡប់ទៅរកភាពប្រក្រតីវិញក្នុងពេលឆាប់ៗបានទេ។

"សូម្បីតែក្នុងករណីនោះក៏ដោយ ក៏នៅតែមានការរំខានជាក់ស្ដែងណាមួយដល់លំហូរថាមពល ពីព្រោះក្បួននាវាអមដំណើរ នឹងធ្វើដំណើរយឺតជាងមុន។ ជាពិសេស ឧស្ម័ននឹងរងផលប៉ះពាល់ច្រើនជាងប្រេង ពីព្រោះប្រេងនៅតែអាចដឹកជញ្ជូនបានមួយផ្នែកពីអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមដោយមិនចាំបាច់ឆ្លងកាត់ច្រកសមុទ្រ Hormuz ទេ ប៉ុន្តែឧស្ម័នធម្មជាតិរាវ (LNG) គឺពឹងផ្អែក ១០០% លើច្រកសមុទ្រ Hormuz"។

បើទោះបីជាមានការធានា ពីរដ្ឋបាលសហរដ្ឋអាមេរិកថា ការកើនឡើងនៃតម្លៃប្រេងនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ រួមជាមួយនឹងសកម្មភាពរបស់ភាគីមួយចំនួន ដូចជាផែនការរបស់ក្រុមប្រទេសមានឧស្សាហកម្មរីកចម្រើន ក្នុងការបើកឃ្លាំងបម្រុងប្រេងដើម្បីបំពេញបន្ថែមប្រេងចំនួន ៤០០ លានបារ៉ែល ទៅក្នុងទីផ្សារក៏ដោយ ប៉ុន្តែហានិភ័យរយៈពេលមធ្យមនៅតែកើនឡើង។ លោក Richard Tullis នាយកប្រតិបត្តិនៅក្រុមហ៊ុនស្រាវជ្រាវយុទ្ធសាស្ត្រវិនិយោគ WTR របស់សហរដ្ឋអាមេរិក បានវាយតម្លៃថា៖

“ខ្ញុំគិតថានៅទីបំផុតអ្វីដែលនឹងប៉ះពាល់ដល់តម្លៃប្រេងក្នុងរយៈពេលមធ្យមគឺសកម្មភាពដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz និងផលប៉ះពាល់ផ្លូវចិត្តនៅជុំវិញ។ កត្តាទីពីរគឺថា តើការខូចខាតនឹងរីករាលដាលដល់មូលដ្ឋានថាមពលលើទូទាំងមជ្ឈិមបូព៌ាដែរឬទេ? រហូតមកដល់ពេលនេះ ការខូចខាតនៅមានកម្រិត ហើយយើងសង្ឃឹមថា វានឹងនៅតែមានដូច្នេះ ពីព្រោះការជំនះការខូចខាតនៃមូលដ្ឋានទាំងនេះគឺស្មុគស្មាញជាងការបើកច្រកសមុទ្រ Hormuz ឡើងវិញច្រើនដង”។

ជម្លោះនៅមជ្ឈិមបូព៌ា៖ ផលវិបាកកាន់តែគ្រោះថ្នាក់ទៅលើសេដ្ឋកិច្ចពិភពលោក - ảnh 2 រូបថតឧទាហរណ៍៖ REUTERS/Dado Ruvic

ការខូចខាតសេដ្ឋកិច្ចរីករាលដាល

អ្នកជំនាញសេដ្ឋកិច្ចឥឡូវនេះកំពុងចាប់ផ្តើមបង្កើតគំរូដើម្បីគណនាពីការខូចខាតរយៈពេលវែងលើសេដ្ឋកិច្ច និងកំណើនជាសកល។ នៅអឺរ៉ុប ជាតំបន់ដែលងាយរងគ្រោះ ចំពោះការតក់ស្លុតទាក់ទងនឹងថាមពល តម្លៃប្រេងនាពេលអនាគតបានកើនឡើង ៦០% ក្នុងសប្តាហ៍មុន។ លោកសាស្ត្រាចារ្យ Thierry Bros នៅសាកលវិទ្យាល័យ Sciences Po (បារាំង) បានចង្អុលបង្ហាញថា នៅឆ្នាំ ២០២២ អឺរ៉ុបបានចំណាយថវិកាជិត ៤ ទ្រីលានអឺរ៉ូ (ជាង ៤,៦ ទ្រីលានដុល្លារអាមេរិក) លើការឧបត្ថម្ភធនថាមពល។ លោកបានព្រមានថា គោលនយោបាយនេះមិនអាចធ្វើម្តងទៀតបានទេ ហើយអឺរ៉ុបនឹងប្រឈមមុខនឹងវិបត្តិ ដោយគ្មានការធានាដ៏ធំគ្រប់គ្រាន់ណាមួយដូចពីមុនឡើយ។

សេដ្ឋកិច្ចអាស៊ីជាច្រើនក៏ចាប់ផ្តើមប្រឈមមុខនឹងការព្រួយបារម្ភអំពីកង្វះខាតប្រេងនៅក្នុងប៉ុន្មានសប្តាហ៍ រហូតដល់ប៉ុន្មានខែខាងមុខ ដោយសារប្រេងភាគច្រើនដែលឆ្លងកាត់ច្រកសមុទ្រ Hormuz គឺត្រូវបានដឹកជញ្ជូនទៅកាន់អាស៊ី។ លោក Francis Lun នាយកប្រតិបត្តិក្រុមហ៊ុន Venturesmart Asia ដែលមានទីស្នាក់ការនៅហុងកុង (ចិន) បានឲ្យដឹងថា៖

“ប្រទេសនានានៅអាស៊ីបូព៌ា លើកលែងតែប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី គឺជាអ្នកនាំចូលប្រេងសុទ្ធ។ ដូច្នេះ ស្ថានភាពបច្ចុប្បន្នបង្កើនសម្ពាធអតិផរណា បណ្តាលឱ្យខូចខាតសេដ្ឋកិច្ច ហើយកំណើនសេដ្ឋកិច្ចប្រាកដថា នឹងថយចុះ ខណៈដែលអតិផរណាកើនឡើង។ នេះគឺជាសេណារីយ៉ូដ៏អាក្រក់បំផុតដែលយើងបានស្រមៃឃើញ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលវាយប្រហារលើអ៊ីរ៉ង់ ហើយអ្វីៗគ្រប់បែបយ៉ាងបានលើសពីការគ្រប់គ្រងដូចបច្ចុប្បន្ននេះ”។

សម្រាប់សហរដ្ឋអាមេរិកវិញ ផលប៉ះពាល់នៃជម្លោះក៏ចាប់ផ្តើមលេចចេញផងដែរ។ យោងតាមសមាគមរថយន្តអាមេរិក (AAA) ប្រេងសាំងនៅសហរដ្ឋអាមេរិកបច្ចុប្បន្នមានតម្លៃជាមធ្យម ៣,៤១ ដុល្លារក្នុងមួយហ្គាឡុង ពោលគឺកើនឡើងពី ២,៩៨ ដុល្លារកាលពីសប្តាហ៍មុន។ កសិករអាមេរិកក៏ប្រឈមមុខនឹងការចំណាយកាន់តែខ្ពស់សម្រាប់អាហារូបត្ថម្ភសំខាន់ៗសម្រាប់ដំណាំផងដែរ ហើយខ្សែសង្វាក់ផ្គត់ផ្គង់នឹងប្រឈមមុខនឹងការលំបាកបន្ថែមទៀត ប្រសិនបើជម្លោះនៅមជ្ឈិមបូព៌ា អូសបន្លាយយូរជាងការរំពឹងទុករបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ