ជ្រើសរើសតំណាងឆ្នើមសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ
(VOVWORLD) - ថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៦ អ្នកបោះឆ្នោតវៀតណាមជាង ៧៣ លាននាក់ នឹងទៅបោះឆ្នោតជ្រើសរើស តំណាងជាសមាជិកសមាជិការរដ្ឋសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់កម្រិត សម្រាប់អាណត្តិ ២០២៦-២០៣១។ នេះមិនត្រឹមតែជាដំណើរការផ្លូវច្បាប់តាមកាលកំណត់នោះទេ ប៉ុន្តែជាការបង្ហាញជាក់ស្តែងនៃសិទ្ធិជាម្ចាស់របស់ប្រជាជន តាមរយៈសន្លឹកឆ្នោតនីមួយៗ។ ជម្រើសរបស់អ្នកបោះ ឆ្នោតនាពេលបច្ចុប្បន្ននេះគឺជាការឆ្លើយចំណោទចំពោះការអភិវឌ្ឍប្រកបដោយចីរភាព របស់ប្រទេស ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។
នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៦ អ្នកបោះឆ្នោតវៀតណាមជាង ៧៣ លាននាក់នឹងបោះឆ្នោតជ្រើសរើសសមាជិក សមាជិការសភា នីតិកាលទី ១៦ និងសមាជិកប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១ (រូបថតបង្ហាញ៖ Le Chi/VOV5) |
ប្រទេសជាតិកំពុងនៅចំពោះមុខឱកាសថ្មីៗ។ សន្លឹកឆ្នោតនីមួយៗពីអ្នកបោះឆ្នោតជាង ៧៣លាននាក់ គឺជា "ដំឥដ្ឋ" ក្នុងការកសាងរដ្ឋដែលមានលក្ខណៈរលូន មានប្រសិទ្ធភាព និងផ្តោតលើប្រជាជនយ៉ាងពិតប្រាកដ។
ធានាគោលការណ៍នៃការបោះឆ្នោតជាសកល ស្មើភាព ដោយផ្ទាល់ និងបោះឆ្នោតសម្ងាត់
តម្លៃនៃសន្លឹកឆ្នោតនីមួយៗ គឺស្មើគ្នានៅក្នុងការបោះឆ្នោត។ មិនថាជាកសិករ កម្មករ បញ្ញវន្ត ឬអ្នកជំនួញ មិនថានៅតំបន់ទីក្រុង ឬជនបទនោះទេ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើគ្នាក្នុងការជ្រើសរើសអ្នកតំណាង។ នោះជាការឯកភាពរវាងសិទ្ធិ និងការទទួលខុសត្រូវ៖ សិទ្ធិក្នុងការជ្រើសរើស និងការទទួលខុសត្រូវក្នុងការពិចារណាដោយប្រុងប្រយ័ត្នអំពីជម្រើសរបស់ខ្លួន។ នៅការិយាល័យបោះឆ្នោតលេខ ២ សង្កាត់ វិញ ទ្វី ទីក្រុងហាណូយ អ្នកបោះឆ្នោតជាច្រើនបានចំណាយពេល ដើម្បីស្រាវជ្រាវជីវប្រវត្តិ និងប្រវត្តិការងាររបស់បេក្ខជនម្នាក់ៗ យ៉ាងល្អិតល្អន់។ ចំពោះលោក ត្រឹន យ៉ាញ់ យ៊ុង ដែលជាពលរដ្ឋនៃសង្កាត់នេះ ការបោះឆ្នោតនីមួយៗគឺជាការអនុវត្តសិទ្ធិនយោបាយដ៏ពិសិដ្ឋមួយដែលគ្មានអ្នកណាអាចជំនួសបាន។
“ឆ្នាំនេះ ខ្ញុំមានអាយុ ៧៥ ឆ្នាំ ហើយចាប់ផ្តើមបានទៅបោះឆ្នោតមុននេះ ៥២ ឆ្នាំ។ ទៅបោះឆ្នោតគឺជាសិទ្ធិពលរដ្ឋដ៏ពិសិដ្ឋ ហើយខ្ញុំតែងតែបោះឆ្នោតដោយផ្ទាល់។ ខ្ញុំសិក្សាបញ្ជីឈ្មោះ ហើយដោយផ្អែកលើស្នាដៃរបស់បេក្ខជន ជ្រើសរើសអ្នកដែលខ្ញុំទុកចិត្ត តំណាងឱ្យខ្ញុំ ដើម្បីបញ្ចេញមតិអំពីកង្វល់របស់ប្រជាជន និងបម្រើសង្គមឱ្យកាន់តែប្រសើរ។ នេះគឺជាសំឡេងរបស់ខ្ញុំ និងការជឿទុកចិត្តទាំងស្រុងរបស់ខ្ញុំចំពោះមនុស្សដែលខ្ញុំជឿជាក់ក្នុងបញ្ជីឈ្មោះដែលបានបិទបង្ហោះនេះ”។
ការិយាល័យបោះឆ្នោតនៅក្នុងឃុំ និងសង្កាត់នានាក្នុងទីក្រុងហាណូយបានបញ្ចប់ការបិទផ្សាយបញ្ជីបេក្ខជន និងជីវប្រវត្តិ ក៏ដូចជាបញ្ជីឈ្មោះអ្នកបោះឆ្នោត (រូបថត៖ Le Chi/VOV5) |
សិទ្ធិនិងជម្រើសបេក្ខជនត្រឹមត្រូវរបស់អ្នកបោះឆ្នោត អាចត្រូវបានសម្រេចយ៉ាងពេញលេញ លុះត្រាតែដំណើរការបោះឆ្នោតធានាបាននូវភាពយុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យ។ លោក ង្វៀន ង៉ុក ហា ប្រធានលំនៅដ្ឋានលេខ ៦ សង្កាត់ វិញទុយ (ហាណូយ) បានចែករំលែកថា៖ “យើងបានបិទបង្ហោះសេចក្តីសង្ខេបនៃជីវប្រវត្តិ និងបញ្ជីឈ្មោះបេក្ខជន ដោយអញ្ជើញប្រជាពលរដ្ឋឱ្យពិនិត្យឡើងវិញ និងបំពេញបន្ថែមព័ត៌មានដែលខ្វះខាត។ ក្រុមលំនៅដ្ឋានលេខ ៦ មានក្តារព័ត៌មានចំនួនបី ហើយយើងក៏បង្ហោះបញ្ជីឈ្មោះបេក្ខជននៅលើក្តារព័ត៌មានទាំងបីនេះផងដែរ។ ក្នុងពេលជាមួយគ្នានេះ យើងចែកចាយបញ្ជីឈ្មោះបេក្ខជនសម្រាប់រដ្ឋសភា ក្រុមប្រឹក្សាប្រជាជនក្រុង និងក្រុមប្រឹក្សាប្រជាជនសង្កាត់ទៅកាន់គ្រួសារនានា។ គ្រួសារនីមួយៗទទួលបានច្បាប់ចម្លងនៃបញ្ជីឈ្មោះចំនួនបី ដើម្បីឱ្យប្រជាពលរដ្ឋអាចស្វែងយល់អំពីការចូលរួមចំណែករបស់បេក្ខជនម្នាក់ៗ និងជ្រើសរើសបេក្ខជនដែលល្អបំផុត”។
លោកស្រី ង្វៀន ក្វៀន លៀន សមាជិកក្រុមប្រឹក្សាភិបាល ប្រធានគណៈកម្មាធិការប្រជាធិបតេយ្យ ត្រួតពិនិត្យ និងរិះគន់សង្គម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម (រូបថត៖ VOV) |
បច្ចុប្បន្ននេះ ការរៀបចំការបោះឆ្នោតកំពុងត្រូវបានអនុវត្តស្រប គ្នា និងទូលំទូលាយនៅក្នុងគណៈកម្មាធិការរៀបចំការបោះឆ្នោត ខេត្តចំនួន ៣៤ និងគណៈ កម្មាធិការ រៀបចំការបោះឆ្នោត កម្រិតឃុំ ចំនួន ៣.៣២១។ លោកស្រី ង្វៀន ក្វៀន លៀន សមាជិកអង្គប្រធានជាន់ខ្ពស់ ប្រធានគណកម្មការប្រជាធិបតេយ្យ ឃ្លាំមើល និងរិះគន់សង្គម នៃគណៈ កម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានឲ្យដឹងថា៖ “ប្រព័ន្ធនយោបាយទាំងមូលកំពុងអនុវត្តការងារយ៉ាងសកម្មសម្រាប់ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៦។ ការធានាភាពជោគជ័យនៃការបោះឆ្នោតនេះឆ្លុះបញ្ចាំងពីស្មារតីនៃការដាក់ប្រជាជនជាឬសគល់ រដ្ឋរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។ ការបោះឆ្នោត ដើម្បីអនុវត្តន៍ជាក់ស្តែងនូវស្មារតីនៃប្រជាជនជាម្ចាស់ គឺជាការបង្ហាញយ៉ាងច្បាស់លាស់បំផុតនៃសិទ្ធិប្រជាធិបតេយ្យដោយផ្ទាល់របស់ប្រជាជន ក្នុងការជ្រើសរើសបុគ្គលឆ្នើមបំផុត ដើម្បីចូលរួមក្នុងស្ថាប័នអំណាចរដ្ឋខ្ពស់បំផុតនៅកម្រិតមជ្ឈិម នោះជារដ្ឋសភា និងស្ថាប័នអំណាចរដ្ឋនៅកម្រិតមូលដ្ឋាន នោះគឺក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។
កម្មវិធីសកម្មភាពច្បាស់លាស់
ក្នុងដំណើរការបោះឆ្នោត កម្មវិធីសកម្មភាពរបស់បេក្ខជនមានតួនាទីសំខាន់ជាពិសេស មិនត្រឹមតែជាតម្រូវការចាំបាច់ប៉ុណ្ណោះទេ ថែមទាំងជារង្វាស់នៃចក្ខុវិស័យ សមត្ថភាព ការទទួលខុសត្រូវ និងជាការប្តេជ្ញាចិត្តខាងនយោបាយរបស់អ្នកតំណាងឱ្យប្រជាជននៅក្នុងស្ថាប័ន តំណាងប្រជាជនផងដែរ។ ថ្លែងនៅក្នុងសន្និសីទជួបប្រាស្រ័យអ្នកបោះឆ្នោតនាថ្ងៃទី ៣ ខែមីនា នៅទីក្រុងហូជីមិញ លេខាគណកម្មាធិការបក្សទីក្រុង លោក ត្រឹន លឺវ ក្វាង បានឲ្យដឹងថា ទីក្រុងនេះមានគោលបំណងមានខ្សែរថភ្លើងក្រុងចំនួន ២៧ ខ្សែនៅឆ្នាំ ២០៣៥ និងខ្សែរថភ្លើងក្រុងចំនួនបីខ្សែត្រូវបានបញ្ចប់នៅឆ្នាំ ២០៣០។ លើសពីនេះ ទីក្រុងកំពុងអនុវត្តគម្រោងដូចជាស្ពាន និងផ្លូវរូងក្រោមដី លិនយឺ ដើម្បីភ្ជាប់ជាមួយខេតកតដុងណាយ; ការផ្លាស់ប្តូរទីតាំងសាកលវិទ្យាល័យ និងមណ្ឌលសុខភាពទៅកាន់តំបន់ជាយក្រុង៖
“ការផ្លាស់ប្តូរទីតាំងស្ថាប័នអប់រំ សាកលវិទ្យាល័យ មហាវិទ្យាល័យ និងសាលាវិជ្ជាជីវៈទៅកាន់តំបន់ជាយក្រុងនឹងត្រូវអនុវត្តជាដំណាក់កាល។ សូម្បីតែមណ្ឌលសុខភាពក៏នឹងបង្កើតមណ្ឌលសុខភាពទីពីរបន្តិចម្តងៗ មុនពេលផ្លាស់ប្តូរទីតាំង។ ការងារនេះមានគោលបំណង ដោះស្រាយបញ្ហាបន្ទាន់ពីរគឺ ការកកស្ទះចរាចរណ៍ និងការបំពុលបរិស្ថាន”។
នៅសន្និសីទជួបប្រាស្រ័យអ្នកបោះឆ្នោតនៅខេត្ត ខាញ់ហ័រ នាថ្ងៃទី ៤ ខែមីនា លោក ង្វៀន ខ័ក ឌីញ អនុប្រធានរដ្ឋសភា ក៏បានលើកឡើងថា៖ “នាពេលអនាគតដ៏ខ្លីខាងមុខនេះ ខេត្ត ខាញ់ ហ័រ នឹងសម្របសម្រួលជាមួយក្រសួង និងស្ថាប័ននានា ដើម្បីដាក់ជូនរដ្ឋសភានូវសំណើធ្វើវិសោធនកម្មសេចក្តីសម្រេចលេខ ៥៥ របស់រដ្ឋសភា ស្តីពីយន្តការ និងគោលនយោបាយពិសេសសម្រាប់ការអភិវឌ្ឍខេត្ត ខាញ់ ហ័រ។ វិសោធនកម្មនេះនឹងមានគោលបំណងបំពេញបន្ថែមគោលនយោបាយថ្មីៗ ពីព្រោះខេត្ត ខាញ់ហ័រ ឥឡូវនេះមានតំបន់ភូមិសាស្ត្រដែលបានពង្រីក និងកន្លែងអភិវឌ្ឍន៍ដ៏ធំទូលាយ ជាមួយនឹងការពង្រីកសមុទ្រ និងការសាងសង់រោងចក្រថាមពល នុយក្លេអ៊ែរចំនួនពីរជាមួយនឹងការវិនិយោគយ៉ាងច្រើន។ ទាំងនេះនឹងបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សម្រាប់តំបន់ភាគកណ្តាល។ យើងចាប់អារម្មណ៍យ៉ាងខ្លាំង និងផ្សព្វផ្សាយយ៉ាងសកម្មចំពោះបញ្ហានេះ”។
អនាគតរបស់ប្រទេសជាតិមិនត្រឹមតែត្រូវបានសម្រេចនៅក្នុងរាល់សេចក្តីសម្រេចចិត្តគោលនយោបាយសំខាន់ៗប៉ុណ្ណោះទេ ប៉ុន្តែចាប់ផ្តើមជាមួយនឹងជម្រើសជាក់លាក់របស់អ្នកបោះឆ្នោតម្នាក់ៗ នៅថ្ងៃបោះឆ្នោត ថ្ងៃទី១៥ ខែមីនា ជាថ្ងៃដែល អំណាចរបស់ប្រជាជនត្រូវបានបង្ហាញដោយផ្ទាល់ យុត្តិធម៌ និងមានតម្លាភាព៕