ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Joe Biden នៅវៀតណាមនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរនិងតំបន់

(VOVWORLD) - ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងក្លាយជាសញ្ញាសម្គាល់ថ្មីដែលធ្វើឲ្យទំនាក់ទំនងវៀតណាម-អាមេរិកកាន់តែស៊ីជម្រៅ នាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជនទាំងពីរ រួមចំណែកយ៉ាងសកម្មក្នុងការរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។

ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Joe Biden នៅវៀតណាមនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរនិងតំបន់ - ảnh 1ប្រធានាធិបតីអាមេរិកលោក Joe Biden។ (រូបថត៖ AFP/TTXVN)

ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀត ណាមចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែកញ្ញា តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong។ នេះគឺជាដំណើរទស្សនកិច្ចដើម្បីអនុវត្តន៍ការអញ្ជើញរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរបន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទនាថ្ងៃទី ២៩ មិនាឆ្នាំនេះ ក្នុងឱកាសរំលឹកខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហរដ្ឋអាមេរិក (២០១៣-២០២៣)។

កម្លាំងជំរុញដ៏ខ្លាំងក្លាពីទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម

១០ឆ្នាំក្រោយពីការបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយ ទំនាក់ទំនងរវាងវៀតណាម និងអាមេរិកបានអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ ជាក់ស្តែង និងយូរអង្វែងលើគ្រប់វិស័យ ចាប់ពីនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម រហូតដល់ការអប់រំ វិទ្យាសាស្ត្រ-បច្ចេកវិទ្យាសុខាភិបាល ការពារជាតិ-សន្តិសុខ និងវប្បធម៌។

ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Joe Biden នៅវៀតណាមនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរនិងតំបន់ - ảnh 2ផ្លែគូលេនវៀតណាមត្រូវបានលក់នៅទីតាំងកណ្តាលដ៏លេចធ្លោនៃប្រព័ន្ធផ្សារទំនើប Safeway ដែលមានបណ្តាញធំជាងគេនៅតំបន់ឆ្នេរខាងលិចសហរដ្ឋអាមេរិក (រូបថត៖ vov.vn)

ទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម គឺជាកម្លាំងចលករមួយក្នុងចំណោមកម្លាំងចលករដ៏ខ្លាំងបំផុត។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងសហរដ្ឋអាមេរិកបានកើនឡើង ៥,៥ ដង ពោលគឺពី ២៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១២ ឡើងដល់ ១៣៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។ បើប្រៀបធៀបទៅនឹងពេលវេលាដែលប្រទេសទាំងពីរធ្វើប្រក្រតីភាពទំនាក់ទំនងឡើងវិញនៅឆ្នាំ ១៩៩៥ ការដោះដូរពាណិជ្ជកម្មទ្វេភាគី បានកើនឡើងជាង ២៤០ ដង។ បច្ចុប្បន្ន សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់ វៀតណាម ខណៈដែលវៀតណាមគឺជាដៃគូពាណិជ្ជកម្មធំទី ៧ របស់សហរដ្ឋអាមេរិកនៅទូទាំងពិភពលោក។ អស់រយៈពេលជាច្រើនឆ្នាំមក សហរដ្ឋអាមេរិកតែងតែ ស្ថិតក្នុងក្រុមវិនិយោគិនបរទេសធំជាងគេ នៅវៀតណាម ដោយមានគម្រោងកំពុងប្រតិបត្តិការជាង ១,១៥០ គម្រោង។

កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀតក៏បានកត់ត្រានូវវឌ្ឍនភាពដ៏ធំធេងផង
ដែរ។ លើវិស័យអប់រំបណ្តុះបណ្តាល វៀតណាមគឺជាប្រទេសនាំមុខគេនៅអាស៊ីអាគ្នេយ៍ក្នុងការបញ្ជូននិស្សិតទៅសិក្សានៅសហរដ្ឋអាមេរិក ដោយមាននិស្សិតជិត ៣ ម៉ឺននាក់កំពុងសិក្សានៅសាកលវិទ្យាល័យនានារបស់អាមេរិក។ នេះគឺជាមូលដ្ឋានគ្រឹះដើម្បីអភិវឌ្ឍការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ហើយកសាងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលក៏មានចំណុចវិជ្ជមានជាច្រើនផងដែរ ជាពិសេសក្នុងដំណាក់កាលដែលប្រទេសទាំងពីរប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-១៩។ លើសពីនេះ ចំណុចភ្លឺគួរកត់សម្គាល់មួយទៀត ក្នុងទំនាក់ទំនងវៀតណាម-អាមេរិក អស់រយៈពេលជាច្រើនឆ្នាំកន្លងមក គឺកិច្ចសហប្រតិបត្តិការលើបញ្ហាមនុស្សធម៌ សំដៅបីដោះស្រាយផលវិបាកនៃសង្គ្រាម ជំរុញការផ្សះផ្សាយ៉ាងជាក់ស្ដែងនិងស្មោះស្ម័គ្រ។

ការគោរព - មូលដ្ឋានគ្រឹះដើម្បីនាំទំនាក់ទំនងនយោបាយកាន់តែស៊ីជម្រៅ

មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ទាំងអស់ដែលបានរៀបរាប់ខាងលើគឺទំនាក់ទំនងនយោបាយវៀតណាម-អាមេរិកដែលកំពុងត្រូវបានពង្រឹងនិងអភិវឌ្ឍ ន៍កាន់តែស៊ីជម្រៅ។ ក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមកនេះ មេដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានរក្សាដំណើរទស្សនកិច្ចទ្វេភាគីជាប្រចាំ។ ចាប់តាំងពីការធ្វើប្រក្រតីភាពទំនាក់ទំនងឡើងវិញក្នុងឆ្នាំ ១៩៩៥ មក ប្រធានាធិបតីអាមេរិកទាំងអស់បានមកបំពេញទស្សនកិច្ចនៅវៀតណាម។ ដំណើរទស្សនកិច្ចទាំងនេះបានបង្កើតកម្លាំងចលករសម្រាប់ទំនាក់ទំនងទ្វេភាគី ជួយភាគីទាំងពីរបង្កើតការជឿទុកចិត្តផ្នែកនយោបាយ និងការយល់ដឹងរួមអំពីការគោរពគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិស្តីពីឯករាជ្យភាព អធិបតេយ្យភាព បូរណភាពដែនដី សេរីភាពក្នុងការជ្រើសរើសស្ថាប័ននយោបាយ និងមាគ៌ាអភិវឌ្ឍន៍។

ការយល់ដឹងនេះត្រូវបានបង្ហាញយ៉ាងច្បាស់បំផុតនៅក្នុងសេចក្តីថ្លែងការណ៍ ស្តីពីចក្ខុវិស័យរួមនៃទំនាក់ទំនងវៀតណាម-អាមេរិក ចេញនាខែកក្កដា ឆ្នាំ២០១៥ ក្នុងឱកាស ដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀត ណាម លោក Nguyen Phu Trong ទៅកាន់សហរដ្ឋអាមេរិក។ នាពេលថ្មីៗនេះ ក្នុងការសន្ទនាតាមទូរស័ព្ទក្នុងខែមីនាឆ្នាំនេះជាមួយលោកអគ្គលេខាបក្ស Nguyen Phu Trong ប្រធានាធិបតីអាមេរិក លោក Joe Biden បានអះអាងសារជាថ្មីថា វៀតណាមជាដៃគូសំខាន់របស់សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកគាំទ្រប្រទេស វៀតណាម "ឯករាជ្យ ខ្លួនទីពឹងខ្លួន និងវិបុលភាព"; សហរដ្ឋអាមេរិកគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី និងស្ថាប័ននយោបាយរបស់វៀតណាម; ព្រមទាំងឯកភាពថា ការគោរពគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ដោយឈរលើស្មារតីនោះ ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Joe Biden នៅវៀតណាមលើកនេះ បន្តជាឱកាសសម្រាប់វៀតណាមនិងសហរដ្ឋអាមេរិកដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រសើរនាបច្ចុប្បន្ន ស្របតាមសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ។ ជោគជ័យនៃទំនាក់ទំនងវៀតណាម-អាមេរិក គឺជាឧទាហរណ៍មួយអំពីរបៀបដែលប្រទេសនានាអាចយកឈ្នះលើការខ្វែងគំនិតគ្នាក្នុងអតីតកាល ដើម្បីរួមគ្នាខិតខំឆ្ពោះទៅរកអនាគតដ៏ល្អប្រសើរជាង។ ការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងវៀតណាម-អាមេរិកក៏ជាកត្តាសំខាន់ដែលរួមចំណែកដល់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក ផងដែរ។ វៀតណាម និងសហរដ្ឋអាមេរិកសុទ្ធតែចែករំលែកទស្សនៈវិស័យអំពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកបើកចំហ សហប្រតិបត្តិការ ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាពនៃប្រទេសនីមួយៗ និងច្បាប់អន្តរជាតិ។ ប្រការនេះមានអត្ថន័យពិសេស ក្នុងបរិបទដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កំពុងកំណត់ខ្លួនឯងជាប៉ូលមួយនៃការអភិវឌ្ឍប្រកបដោយតុល្យភាព ឯករាជ្យ និងខ្លួនទីពឹងខ្លួនរបស់ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ