និន្នាការសន្តិភាពនិងការផ្សះផ្សានៅមជ្ឈិមបូព៌ា

(VOVWORLD) - កាលពីថ្ងៃទី ១៨ ខែមីនាកន្លងទៅនេះ ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានធ្វើទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE)។ ម្លោះហើយ នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ប្រធានាធិបតីស៊ីរីទៅកាន់ប្រទេសអារ៉ាប់និងឈូងសមុទ្រក្នុងរយៈពេលជាង ១០ ឆ្នាំ កន្លងមក ចាប់តាំងពីប្រទេសស៊ីរីធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិល និងបាត់បង់សមាជិកភាពនៃសម្ព័ន្ធអារ៉ាប់នៅក្នុងឆ្នាំ ២០១១។ ជាមួយនឹងអត្ថន័យដ៏ពិសេសនោះ ដំណើរទស្សនកិច្ចនេះត្រូវបានចាត់ទុកថាជា របត់វិជ្ជមានមួយ គូសសញ្ញាការធ្វើសមាហរណកម្មឡើងវិញនៃប្រទេសស៊ីរីក្នុងតំបន់និងសហគមន៍ពិភពលោក ហើយទន្ទឹមនឹងនោះ ផ្សព្វផ្សាយនិន្នាការផ្សះផ្សាដែលកំពុងកកើតឡើងជាបណ្តើរៗ នៅមជ្ឈិមបូព៌ា។

និន្នាការសន្តិភាពនិងការផ្សះផ្សានៅមជ្ឈិមបូព៌ា - ảnh 1ប្រធានាធិបតីស៊ីរីបានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ UAE  ( រូបថត៖ ការិយាល័យប្រធានាធិបតីស៊ីរី)

ដំណើរទស្សនកិច្ចទៅកាន់ UAE របស់ប្រធានាធិបតីស៊ីរី Bashar al-Assad ធ្វើឡើងក្នុងបរិបទពិសេសមួយដែរ។ ពោលគឺ សង្រ្គាមស៊ីវិលស៊ីរីបានឈានចូលដល់ឆ្នាំទី ១១ ហើយដំណើរការផ្សះផ្សាជាតិ និងការបម្រួបបង្រួមជាតិមិនទាន់ទទួលបានលទ្ធផលចុងក្រោយនៅឡើយ។ ថ្វីត្បិតដូច្នេះក៏ដោយ ដោយមានជំនួយឧបត្ថម្ភពីរុស្ស៊ី និងសម្ព័ន្ធមិត្តមួយចំនួន អាជ្ញាធររបស់ប្រធានាធិបតី Bashar al-Assad កាន់តែមានប្រៀបខ្លាំងជាង ដោយគ្រប់គ្រងផ្នែកធំនៃតំបន់យុទ្ធសាស្ត្ររបស់ប្រទេសនេះ ខណៈពេលដែលមានការតភ្ជាប់យ៉ាងសកម្មជាមួយសហគមន៍ពិភពលោក ហើយបំបែកជាបណ្តើរៗ ភាពឯកោដែលបានអូសបន្លាយជាច្រើនឆ្នាំមកហើយ។ ទន្ទឹមនឹងនេះ អេមីរ៉ាតអារ៉ាប់រួមកំពុងបង្ហាញកម្លាំងសាយភាយយ៉ាងខ្លាំងក្នុងការតភ្ជាប់ និងការផ្សះផ្សារវាងអតីតសត្រូវក្នុងតំបន់។

ស៊ីរីបំបែកភាពឯកោ

ដោយរងឥទ្ធិពលពីប្រតិកម្ម “និទាឃរដូវអារ៉ាប់” ស៊ីរីបានធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលដ៏បង្ហូរឈាមនៅដើមឆ្នាំ ២០១១ ហើយត្រូវបានផ្អាកពីសមាជិកភាពនៃសម្ព័ន្ធអារ៉ាប់ ពីរបីខែក្រោយមក។ មិនត្រឹមតែប៉ុណ្ណោះ ស៊ីរីក៏រងភាពឯកោពីប្រទេសជិតខាង ខណៈពេលដែល ប្រទេសអារ៉ាប់ជាច្រើនបានប្រកាសផ្តាច់ទំនាក់ទំនងការទូត ដែលក្នុងនោះ UAE បានផ្តាច់ទំនាក់ទំនងការទូតជាមួយស៊ីរីក្នុងខែកុម្ភៈ ឆ្នាំ ២០១២។

យ៉ាងណាមិញ បន្ទាប់ពីការតស៊ូដោយឥតឈប់ឈរជាច្រើនឆ្នាំមក អាជ្ញាធររបស់ប្រធានាធិបតី Bashar al-Assad បានស្ដារការគ្រប់គ្រងប្រទេសឡើងវិញជាបណ្តើរៗ ហើយសម្រេចបានវឌ្ឍនភាពដ៏សំខាន់ក្នុងការបំបែកការឡោមព័ទ្ធនិងភាពឯកោ។ នៅខែធ្នូ ឆ្នាំ ២០១៨ អេមីរ៉ាតអារ៉ាប់រួមបានបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅទីក្រុងដាម៉ាស (Damascus)។ ក្រោយមកជិត ៣ឆ្នាំ នៅខែវិច្ឆិកា ឆ្នាំ ២០២១ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) Sheikh Abdullah bin Zayed Al-Nahyan បានធ្វើទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងដាម៉ាស ហើយបានជួបពិភាក្សាជាមួយប្រធានាធិបតីស៊ីរី Bashar al-Assad ដែលបានគូសសញ្ញាការផ្លាស់ប្តូរជាវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ អេមីរ៉ាតអារ៉ាប់រួមមិនមែនជាប្រទេសអារ៉ាប់តែមួយគត់ដែលបើកទ្វារការទូត និងបង្កើតទំនាក់ទំនងឡើងវិញជាមួយស៊ីរីនោះទេ។ មុននោះ នាខែតុលា ឆ្នាំ២០២១ ព្រះមហាក្សត្រ ហ្ស៊កដានី Abdullah II ក៏បានជួបសន្ទនាតាមទូរស័ព្ទជាលើកដំបូងជាមួយប្រធានាធិបតីស៊ីរី Bashar al-Assad  ចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមស៊ីវិលស៊ីរី។

សមិទ្ធិផលកិច្ចការបរទេសរបស់ប្រទេសស៊ីរីមិនត្រឹមតែផ្តល់កម្លាំងចលករសម្រាប់កិច្ចខិតខំប្រឹងប្រែងកសាងរដ្ឋធម្មនុញ្ញថ្មីនិងស្ថាបនាសន្តិភាពនៅក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងបានផ្សព្វផ្សាយយ៉ាងសកម្មនូវស្មារតីសម្របសម្រួលនិងការផ្សះផ្សាដល់តំបន់ទាំងមូលទៀតផង។ ថ្លែងមតិបន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុង Abu Dhabi ជាមួយប្រធានាធិបតីស៊ីរី Bashar al-Assad ព្រះអង្គម្ចាស់ Abu Dhabi  Sheikh Mohammed bin Zayed Al-Nahyan បានសម្តែងក្តីសង្ឃឹមថា "ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី al-Assad នឹងបើកផ្លូវសម្រាប់ស្មារតីសីលធម៌ សន្តិភាពនិងស្ថិរភាពពាសពេញប្រទេសស៊ីរីនិងតំបន់ទាំងមូល”។

ចំណុចរបត់ដ៏សំខាន់មួយនៅក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយនិងការរីកសាយភាយនៃស្មារតីផ្សះផ្សានៅមជ្ឈិមបូព៌ា

យោងតាមអ្នកវិភាគក្នុងតំបន់និងអន្តរជាតិ ការកែលម្អដ៏សំខាន់នៃទំនាក់ទំនងរវាងប្រទេសស៊ីរីនិងបណ្តាប្រទេសអារ៉ាប់ក្នុងបរិបទនៃស្ថានការណ៍ភូមិសាស្ត្រនយោបាយក្នុងតំបន់និងពិភពលោកដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ននេះ នាំមកនូវសារដ៏សំខាន់ដែលត្រូវយកចិត្តទុកដាក់។

ទីមួយ នោះជាការបញ្ជាក់និងការបន្តនៃនិន្នាការផ្សះផ្សានិងសម្របសម្រួល ដែលត្រូវបានបង្កើតឡើងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនៅមជ្ឈិមបូព៌ា។ ជាក់ស្តែងគឺការដែលអ៊ីស្រាអែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពចំនួន ៣ ច្បាប់បន្ថែមទៀតជាមួយប្រទេសអារ៉ាប់ចំនួន ៣ រួមទាំង UAE (ក្នុងឆ្នាំ ២០២០); ស្ថានភាពតានតឹងអូសបន្លាយច្រើនឆ្នាំ ក្នុងទំនាក់ទំនងរវាងកាតានិងប្រទេសអារ៉ាប់ទាំង ៥ (ពី ២០១៧ ដល់ ២០២០) ត្រូវបានដោះស្រាយ; និន្នាការកាត់បន្ថយការប្រឈមមុខដាក់គ្នា និងបង្កើនការសន្ទនារវាងអ៊ីរ៉ង់និងប្រទេសអារ៉ាប់មួយចំនួន ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត កាន់តែបានពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃ។

និន្នាការសន្តិភាពនិងការផ្សះផ្សានៅមជ្ឈិមបូព៌ា - ảnh 2ប្រធានាធិបតីស៊ីរី Bashar al-Assad  (ឆ្វេង) ជួបជាមួយព្រះអង្គម្ចាស់ Sheikh Mohammed bin Zayed al-Nahyan នៅថ្ងៃទី ១៨ ខែមីនា ក្នុងទីក្រុង Abu Dhabi (រូបថត៖ Reuters)

ទីពីរ វាបង្ហាញពីសារកាន់តែខ្លាំងអំពីស្វ័យភាពនិងស្វ័យសម្រេចរបស់បណ្តាប្រទេសនៅមជ្ឈិមបូព៌ាចំពោះបញ្ហាក្នុងតំបន់ ដោយរួចចេញពីការត្រួតត្រានិងឥទ្ធិពលនៃកម្លាំងខាងក្រៅជាបណ្តើរៗ។ បន្ទាប់ពីជំនួបរវាងរដ្ឋមន្ត្រីការបរទេស UAE និងប្រធានាធិបតីស៊ីរីនៅទីក្រុងដាម៉ាស ក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ រដ្ឋបាលអាមេរិកបានឡើងសម្លេងព្រមានភ្លាមៗ ហើយបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនមិនមានការគាំទ្រណាមួយឡើយចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រក្រតីភាព ឬទទួលស្គាល់ប្រធានាធិបតី Bashar al-Assad ឡើងវិញនោះទេ។ ដ្បិតដូច្នេះក៏ដោយ ប៉ុន្តែប្រទេសអារ៉ាប់រួមនិងបណ្តាប្រទេសអារ៉ាប់នៅតែបើកទ្វាកិច្ចសន្ទនាជាមួយស៊ីរីដោយឥតឈប់ឈរ ដែលបានពង្រឹងនិន្នាការនៃភាពសុខដុមរមនានិងការផ្សះផ្សាក្នុងតំបន់។

ជាមួយនឹងអ្វីដែលបាននិងកំពុងកើតឡើង អាចមើលឃើញថា ស្ថានភាពភូមិសាស្ត្រនយោបាយនៃតំបន់មជ្ឈិមបូព៌ាទាំងមូលកំពុងមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ។ ជាពិសេស និន្នាការសន្តិភាពនិងការផ្សះផ្សាជាតិកំពុងត្រូវបានពង្រឹងយ៉ាងសកម្ម ពង្រីកឱកាសដើម្បីដោះស្រាយមិនត្រឹមតែសង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរាល់បញ្ហាប្រវត្តិសាស្ត្រផ្សេងទៀត ដែលនៅចំពោះមុខគឺ ជម្លោះអូសបន្លាយរយៈពេលច្រើនទសវត្សរ៍រវាងអ៊ីស្រាអែលនិងពិភពអារ៉ាប់ទៀតសោត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ