បញ្ហាប្រឈមធំៗកំពុងរង់ចាំមេដឹកនាំថ្មីរបស់អឺរ៉ុប
(VOVWORLD) - គណៈមេដឹកនាំថ្មីនៃសហភាពអឺរ៉ុប (EU) នៅថ្ងៃទី ១ ខែធ្នូបានចាប់ផ្តើមអាណត្តិថ្មីជាផ្លូវការ។ យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ គណៈមេដឹកនាំថ្មីរបស់ប្លុកនឹងត្រូវដោះស្រាយនូវអ្វីដែលត្រូវបានចាត់ទុកថាជាបញ្ហាប្រឈមដ៏ធំបំផុតដែលសហភាពអឺរ៉ុបបានជួបប្រទះចាប់តាំងពីប្លុកនេះបានបង្កើតមក ពីសន្តិសុខ ភូមិសាស្ត្រនយោបាយ រហូតដល់សេដ្ឋកិច្ច។
កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា សភាអឺរ៉ុបបានបោះឆ្នោតជាផ្លូវការដើម្បីអនុម័តការតែងតាំងសម្រាប់មុខតំណែងដឹកនាំដ៏សំខាន់បំផុតរបស់សហភាពអឺរ៉ុប រួមមានៈ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen; ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa និងតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខសហភាពអឺរ៉ុប លោកស្រី Kaja Kallas។ មេដឹកនាំថ្មីរបស់សហភាពអឺរ៉ុបចាប់ផ្តើមអាណត្តិថ្មីរបស់ខ្លួនពីថ្ងៃទី ១ ខែធ្នូ។
បញ្ហាលំបាកអ៊ុយក្រែន
នៅថ្ងៃដំបូងចូលកាន់តំណែង (ថ្ងៃទី ១ ខែធ្នូ) ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa និងតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខរបស់ EU លោកស្រី Kaja Kallas បានធ្វើដំណើរទៅកាន់ទីក្រុងគៀវ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky ។ មេដឹកនាំសហភាពអឺរ៉ុបថ្មីទាំងពីររូបបានប្រកាសថា ដំណើរនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការជួយអ៊ុយក្រែនដល់ទីបញ្ចប់ ក្នុងបរិបទនៃជម្លោះក្នុងប្រទេសនេះបានលើសពី ១.០០០ ថ្ងៃ ដែលបណ្តាលឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរលើសេដ្ឋកិច្ច សុខភាព អាយុជីវិតមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធសម្រាប់អ៊ុយក្រែន។ ដំណើរទស្សនកិច្ចនេះក៏បង្ហាញថាជម្លោះនៅអ៊ុយក្រែននឹងបន្តក្លាយជាប្រធានបទដ៏ធំបំផុតមួយដោយគ្របដណ្តប់លើគោលនយោបាយទាំងអស់របស់ EU ក៏ដូចជាប្រទេសសមាជិកជាច្រើននៃប្លុកនេះនាពេលខាងមុខ។ បន្ទាប់ពីលោក Antonio Costa និងលោកស្រី Kaja Kallas អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ក៏បានទៅដល់ទីក្រុងគៀវ កាលពីថ្ងៃទី ២ ខែធ្នូ ដោយនាំយកមកជាមួយនូវការប្តេជ្ញាចិត្ត ជំនួយយោធាថ្មីមួយ ដែលមានតម្លៃជិត ៧០០លានដុល្លារដល់អ៊ុយក្រែន។
បញ្ហាប្រឈមធំៗកំពុងរង់ចាំមេដឹកនាំថ្មីរបស់អឺរ៉ុប។ រូបថត៖ AFP/TTXVN |
យោងតាមក្រុមអ្នកសង្កេតការណ៍ បញ្ហាអ៊ុយក្រែនកាន់តែពិបាកសម្រាប់សហភាពអឺរ៉ុប ដោយសារតែ ការដែលលោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក បន្ទុកនៃការដោះស្រាយជម្លោះអាចនឹងធ្លាក់លើស្មារបស់អឺរ៉ុបទាំងស្រុង។ មុននោះ លោក ដូណាល់ ត្រាំ ធ្លាប់បានប្រកាសម្តងហើយម្តងទៀតថា លោកចង់បញ្ចប់ជម្លោះនៅអ៊ុយក្រែនភ្លាមមួយរំពេក ហើយទន្ទឹមនឹងនោះ តម្រូវឲ្យអឺរ៉ុប ទទួលខុសត្រូវកាន់តែខ្លាំងក្នុងបញ្ហាអ៊ុយក្រែន។ លោកស្រី Leslie Vinjamuri នាយកកម្មវិធីអាមេរិក និងទ្វីបអាមេរិក នៅវិទ្យាស្ថានស្រាវជ្រាវ Chatham House (អង់គ្លេស) បានវាយតម្លៃថា៖ “ការព្រួយបារម្ភមានលក្ខណៈស្លាប់រស់សម្រាប់អឺរ៉ុបគឺជាអ្វីដែលកើតឡើង ជាមួយអ៊ុយក្រែន ជាមួយសន្តិសុខអឺរ៉ុប ជាមួយនឹងការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះសន្ធិសញ្ញាអាត្លង់ទិកខាងជើង - ណាតូ។ អ៊ុយក្រែនជានិមិត្តរូបមួយថា តើអាមេរិកនឹងមកផ្តល់ការគាំទ្រយ៉ាងពិតប្រាកដដល់អឺរ៉ុបពេលមានឧបទ្ទវហេតុកើតឡើងដែរឬអត់”?
មិនត្រឹមតែព្រួយបារម្ភលើគោលនយោបាយអ៊ុយក្រែនរបស់រដ្ឋបាលថ្មី នៅអាមេរិកប៉ុណ្ណោះទេ បញ្ហាប្រឈមធំជាងនេះសម្រាប់អឺរ៉ុបក៏ស្ថិតនៅលើចំណុចថា តើអឺរ៉ុបមានការសម្រេចចិត្តផ្នែកនយោបាយគ្រប់គ្រាន់ និងប្រមូលសក្តានុពលសេដ្ឋកិច្ចគ្រប់គ្រាន់ដើម្បីទទួលតួនាទីគាំទ្ររដ្ឋាភិបាលអ៊ុយក្រែនដែរឬអត់។ បើតាមអ្នកសង្កេតការណ៍ ការដែលលោកស្រី Kaja Kallas ជាមនុស្សម្នាក់ដែលមានទស្សនៈតឹងរឹងចំពោះរុស្ស៊ី និងគាំទ្រដាច់ខាតចំពោះអ៊ុយក្រែន ត្រូវបានជ្រើសរើសសម្រាប់តំណែងកំពូលខាងផ្នែកការទូត និងសន្តិសុខ បង្ហាញថា EU នឹងមិនងាយទទួលយកសម្ពាធពីលោក ដូណាល ត្រាំ លើបញ្ហាអ៊ុយក្រែននោះឡើយ។ ចែករំលែកមតិនេះ រដ្ឋមន្ត្រីការបរទេសឆែក លោក Jan Lipavsky បានឲ្យដឹងថា ទោះបីជាលោកដូណាល ត្រាំមិនដាក់សម្ពាធក៏ដោយ នេះកឺជាពេលវេលាសម្រាប់អឺរ៉ុប ដែលត្រូវដើរតួនាទីធំជាងនេះទៅទៀត។
“ខ្ញុំគិតថាអឺរ៉ុបត្រូវតែដើរតួនាទីខ្លាំងក្លាជាងនេះ បើទោះជាលោក ដូណាល ត្រាំ មិនបង្ខំក៏ដោយ។ យើងត្រូវតែត្រៀមខ្លួនសម្រាប់រឿងទាំងនោះ ព្រោះ អាចកើតមានឡើងសេណារីយ៉ូដែលអ៊ុយក្រែនត្រូវពឹងផ្អែកបន្ថែមលើជំនួយរបស់អឺរ៉ុប”។
អឺរ៉ុបជាចម្បង
ថ្លែងនៅថ្ងៃទី ២៧ ខែវិច្ឆិកាភ្លាមៗ បន្ទាប់ពីត្រូវបានសភាអឺរ៉ុបអនុម័តសម្រាប់អាណត្តិទី ២ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានប្រកាសយុទ្ធសាស្រ្ត "ត្រីវិស័យប្រកួតប្រជែង" ដោយចាត់ទុកថា នេះជាចំណុចសំខាន់នៃសកម្មភាពរបស់សហភាពអឺរ៉ុប។ ក្រុមសកម្មភាពមួយក៏ត្រូវបានបង្កើតឡើងផងដែរ ដើម្បីប្រែក្លាយខ្លឹមសារនៃរបាយការណ៍របស់លោក Mario Draghi ទៅជាសំណើគោលនយោបាយជាក់ស្តែង សម្រាប់សហភាពអឺរ៉ុបនាពេលខាងមុខ។ យោងតាមអនុប្រធានគណៈកម្មការអឺរ៉ុប និងជាអតីតរដ្ឋមន្ត្រីការបរទេសបារាំង លោក Stephane Sejourne ការយល់ឃើញថ្មីនេះ គឺជាកំណែ "អឺរ៉ុបជាចម្បង" ដែលជួយសហភាពអឺរ៉ុបបង្កើតការប្រឆាំងទៅនឹងគោលនយោបាយ "អាមេរិកជាចម្បង" របស់លោក ដូណាល់ ត្រាំ ឬឧត្តមភាពពាណិជ្ជកម្មរបស់ចិន។
យ៉ាងណាមិញ ការដោះស្រាយបញ្ហាប្រឈមនៃការប្រកួតប្រជែងជាមួយអាមេរិកក្រោមការដឹកនាំរបស់លោកដូណាល់ ត្រាំ មិនមែនជាកិច្ចការសាមញ្ញនោះទេ។ បច្ចុប្បន្ន មន្ត្រីអឺរ៉ុបនាំមុខគេមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការដែលលោក ដូណាល់ ត្រាំ នឹងប្រើប្រាស់ពន្ធជាអាវុធដើម្បីទទួលបានផលប្រយោជន៍ពាណិជ្ជកម្មលើសម្ព័ន្ធមិត្ត ដូចជាការគំរាមកំហែងរបស់លោកក្នុងការដាក់ពន្ធ ២៥% លើប្រទេសម៉ិកស៊ិក និងកាណាដាដែលលោក ដូណាល់ ត្រាំ បានលើកឡើងកាលពីសប្តាហ៍មុន។ ក្តីបារម្ភនេះគឺមានមូលដ្ឋាន ព្រោះថា ក្នុងអំឡុងពេលអាណត្តិប្រធានាធិបតី ទី១ លោក ដូណាល់ ត្រាំ ក៏បានដាក់ពន្ធលើផលិតផលអាលុយមីញ៉ូម និងដែកថែបរបស់អឺរ៉ុប ដើម្បីបង្ខំឱ្យអឺរ៉ុបធ្វើសម្បទាន។ ស្នងការទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនៃគណៈកម្មការអឺរ៉ុប លោក Paolo Gentiloni បានវាយតម្លៃថា៖
“លទ្ធភាពដែលអាមេរិកនឹងវិលត្រឡប់ទៅរកលទ្ធិគាំពារនិយមក្នុងគោលនយោបាយពាណិជ្ជកម្មនឹងប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចអាមេរិកនិងសេដ្ឋកិច្ចអឺរ៉ុប។ ដូច្នេះ គណៈកម្មការអឺរ៉ុបនឹងធ្វើការជាមួយរដ្ឋបាលថ្មីនៅសហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់របៀបវារៈឆ្លងដែនរឹងមាំមួយ ខណៈពេលដែលធានាថា បណ្តាញពាណិជ្ជកម្មអន្តរជាតិនៅតែបើកចំហនិងមានសុវត្ថិភាព”។
ថ្វីត្បិតដូច្នេះក៏ដោយ មិនដូចអាកប្បកិរិយានៃការភ័យខ្លាចនិងបារម្ភ ដែលមានពីមុនមក ឥឡូវនេះ មន្ត្រីអឺរ៉ុបជាច្រើននិងរដ្ឋជាសមាជិកសហភាពអឺរ៉ុប មានជំហរតឹងរ៉ឹងជាងចំពោះលោក ដូណាល់ ត្រាំ។ យោងតាមរដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ Robert Habeck ទីផ្សារអឺរ៉ុបក៏មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សហរដ្ឋអាមេរិក ហើយរដ្ឋាភិបាលអាមេរិកត្រូវយល់អំពីរឿងនេះ។ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ក៏បានអំពាវនាវឱ្យអឺរ៉ុបសាមគ្គីគ្នា ប្រសិនបើអាមេរិកចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្ម ហើយបានព្រមានថា ការខិតជិតដ៏អៀនប្រៀនក្នុងទំនាក់ទំនងជាមួយសហរដ្ឋ អាមេរិកនឹងប៉ះពាល់អវិជ្ជមានដល់អឺរ៉ុបផ្ទាល់ជាក់ជាពុំខាន៕