បន្តកសាង និងអភិវឌ្ឍន៍ខឿនវប្បធម៌វៀតណាមជឿនលឿន បង្កប់ដោយអត្តសញ្ញាណជាតិ

(VOVWORLD) - សៀវភៅ “កសាង និងអភិវឌ្ឍន៍ ខឿនវប្បធម៌វៀតណាមជឿនលឿន បង្កប់ដោយអត្តសញ្ញាណជាតិ” របស់អគ្គលេខាគណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong ទើបតែត្រូវបានបោះពុម្ពផ្សាយ (ថ្ងៃទី ២១ មិថុនា) បានបង្ហាញពីភាពធំធាត់ និងការអភិវឌ្ឍអំពីទ្រឹស្តី និងសមត្ថភាពដឹកនាំជាក់ស្តែងរបស់បក្សកុម្មុយ និស្តវៀតណាមក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ ខឿនវប្បធម៌វៀតណាម។ ទន្ទឹមនឹងនោះ បង្ហាញ ឱ្យឃើញពីចក្ខុវិស័យក្នុងការអភិវឌ្ឍខឿនវប្បធម៌ វៀតណាមជឿនលឿន ដែលពោរពេញទៅដោយអត្តសញ្ញាណជាតិ។

បន្តកសាង និងអភិវឌ្ឍន៍ខឿនវប្បធម៌វៀតណាមជឿនលឿន បង្កប់ដោយអត្តសញ្ញាណជាតិ - ảnh 1សៀវភៅកសាង និងអភិវឌ្ឍន៍វប្បធម៌វៀតណាមជឿនលឿនដោយបង្កប់នូវអត្តសញ្ញាណជាតិរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong (រូបថត៖ Thuy Hang/VOV)

មហាសន្និបាតជាតិលើកទី១៣ នៃបក្សកុម្មុយនិស្តវៀតណាម (នៅឆ្នាំ ២០២១) បានកំណត់ថា៖ ការអភិវឌ្ឍវប្បធម៌ គឺជាមូលដ្ឋានគ្រឹះខាងស្មារតី ជម្រុញស្មារតីស្នេហាជាតិ ឆន្ទៈខ្លួនទីពឹងខ្លួន និងកម្លាំងមហាសាមគ្គីភាពដ៏ធំធេងរបស់ប្រជាជាតិទាំងមូល និងបំណងប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយវិបុលភាពនិងសុភមង្គល់។ អត្ថបទសរសេរ សុន្ទរកថា  កំណត់ចំណាំ កិច្ចសម្ភាសន៍ ... របស់លោកអគ្គលេខាបក្សស្តីពីការកសាង និងអភិវឌ្ឍន៍ខឿនវប្បធម៌វៀតណាម បានសំយោគទាំងការដឹកនាំ និងទិសដៅរបស់បក្ស លើការកសាង និងអភិវឌ្ឍន៍ខឿនវប្បធម៌វៀតណាមជឿនលឿនដែលសម្បូរទៅដោយអត្តសញ្ញាណជាតិ។

កសាង ថែរក្សា និងអភិវឌ្ឍវប្បធម៌ជាមួយនឹងធាតុផ្សំទាំងប្រពៃណី និងទំនើប

ខឿនវប្បធម៌ដែលវៀតណាមកសាងគឺជាខឿនវប្បធម៌ជឿនលឿន សម្បូរទៅដោយអត្តសញ្ញាណជាតិ រួបរួមក្នុងភាពចម្រុះ ដោយឈរលើតម្លៃជឿនលឿន និងមនុស្សធម៌។ ជាមួយគ្នានោះ លទ្ធិម៉ាក្ស-លេនីន និងមនោគមវិជ្ជាហូជីមិញ ដើរតួនាទីនាំមុខក្នុងជីវភាពខាងវិញ្ញាណសង្គម។ ទន្ទឹមនឹងនោះ វៀតណាមក៏ទទួលមរតក និងលើកតម្កើងតម្លៃប្រពៃណីល្អរបស់ជនជាតិទាំងអស់ក្នុងប្រទេស ស្រូបយកសមិទ្ធិផល និងគុណតម្លៃនៃវប្បធម៌មនុស្សជាតិ...។ ក្នុងដំណើរការកសាងនោះ ប្រជាជនរក្សាតួនាទីជាកណ្តាលក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍; អភិវឌ្ឍន៍វប្បធម៌ និងការកសាងមនុស្ស គឺជាគោលដៅ និងកម្លាំងជំរុញនៃកិច្ចការផ្លាស់ប្តូរថ្មី។

សៀវភៅរបស់លោកអគ្គលេខាបក្សបានលើកឡើងអំពីប្រព័ន្ធតម្លៃជាតិគឺ៖ សន្តិភាព ឯកភាព ឯករាជ្យ ប្រជាជនអ្នកមាន ប្រទេសខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ អរិយធម៌ សុភមង្គល។ ប្រព័ន្ធតម្លៃវប្បធម៌គឺ៖ ជនជាតិ ប្រជាធិបតេយ្យ មនុស្សជាតិ វិទ្យាសាស្ត្រ។ ប្រព័ន្ធតម្លៃគ្រួសារ៖ ភាពកក់ក្តៅ សុភមង្គល វឌ្ឍនភាព អរិយធម៌។ ស្តង់ដារមនុស្សវៀតណាមក្នុងយុគសម័យថ្មី៖ ស្នេហាជាតិ សាមគ្គីភាព ភាពជឿជាក់លើខ្លួនឯង កតញ្ញូតាធម៌ ស្មោះត្រង់ ទំនួលខុសត្រូវ វិន័យ ភាពច្នៃប្រឌិត...។ ទាំងអស់នេះសុទ្ធតែជាគុណតម្លៃឆ្នើម ជាគំរូ ជាគុណតម្លៃស្នូល ទទួលមរតក និងអភិវឌ្ឍន៍ពីប្រពៃណីជាតិ ដោយឈរលើមូលដ្ឋាននៃលទ្ធិម៉ាក្ស -លេនីន មនោគមវិជ្ជារបស់ហូជីមិញ ក៏ដូចជាតាមរយៈបណ្តាមហាសន្និបាតរបស់បក្ស។ ការកសាងប្រព័ន្ធតម្លៃជាតិ ប្រព័ន្ធតម្លៃវប្បធម៌ ប្រព័ន្ធតម្លៃគ្រួសារ និងស្តង់ដារមនុស្សវៀតណាមក្នុងយុគសម័យថ្មី គឺជាមធ្យោបាយសម្រាប់វៀតណាមពង្រឹងសមរភូមិមនោគមន៍វិជ្ជា ពង្រឹងវប្បធម៌ រួមចំណែកយ៉ាងសំខាន់ក្នុងការកសាងកម្លាំងទន់ និងកម្លាំងផ្ទៃក្នុងសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។  សាស្ត្រាចារ្យ-បណ្ឌិត Phung Huu Phu បានចាត់ទុកថា៖ “ស្នាដៃនេះជាសំណង់ទ្រឹស្តី និងមានការអនុវត្តជាក់ស្តែងយ៉ាងជ្រាលជ្រៅ ចាក់មូលដ្ឋានគ្រឹះសម្រាប់ការបង្កើត និងអភិវឌ្ឍន៍ទ្រឹស្តីរបស់បក្សយើង លើការកសាង និងអភិវឌ្ឍខឿនវប្បធម៌ថ្មី ក្នុងសម័យកាលនៃការអភិវឌ្ឍថ្មី”។

បន្តកសាង និងអភិវឌ្ឍន៍ខឿនវប្បធម៌វៀតណាមជឿនលឿន បង្កប់ដោយអត្តសញ្ញាណជាតិ - ảnh 2អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ឃោសនាអប់រំមជ្ឈិមលោក Lai Xuan Mon អញ្ជើញថ្លែងក្នុងពិធីបង្ហាញសៀវភៅ (រូបថត៖ Thuy Hang/VOV)
វប្បធម៌ជាបុព្វហេតុរបស់ប្រជាជន

យោងតាមលោកអគ្គលេខាបក្ស Nguyen Phu Trong វប្បធម៌គឺជាបុព្វហេតុរបស់ប្រជាជន ដូច្នេះម្នាក់ៗ ត្រូវចូលរួមយ៉ាងសកម្មនិងរួមចំណែកក្នុងការបង្កើតតម្លៃវប្បធម៌ខាងវិញ្ញាណ ពូនជ្រុំឲ្យខឿនវប្បធម៌ជាតិឲ្យកាន់តែល្អប្រសើរ និងស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ។

លោកអគ្គលេខាបក្សក៏បានមានប្រសាសន៍ថា អាជ្ញាធរមានសមត្ថកិច្ចត្រូវលើកទឹកចិត្តដល់ការច្នៃប្រឌិតរបស់បញ្ញវន្ត អ្នកនិពន្ធ និងសិល្បករ ក្នុងការចូលរួមអភិវឌ្ឍន៍វប្បធម៌ និងសិល្បៈរបស់ប្រទេសជាតិ។ ជាមួយគ្នានោះ លើកទឹកចិត្តអ្នកដែលមានទេពកោសល្យវ័យក្មេង និងលើកតម្កើងដល់អ្នកនិពន្ធ និងវិចិត្រករឱ្យបានត្រឹមត្រូវ ដែលបានចូលរួមចំណែកក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ខឿនវប្បធម៌។ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ឃោសនាអប់រំមជ្ឈិមលោក Lai Xuan Mon បានវាយតម្លៃថា៖ “គោលការណ៍ និងទស្សនៈរបស់លោកអគ្គលេខាបក្សលើការតម្រង់ទិសយុទ្ធសាស្ត្រធំៗ ស៊ីជម្រៅ អំពីការអភិវឌ្ឍវប្បធម៌វៀតណាមជឿនលឿន  សម្បូរទៅដោយអត្តសញ្ញាណជាតិ ឆ្លើយតបនឹងតម្រូវការនៃសម័យកាលអភិវឌ្ឍន៍ថ្មី។ នេះគឺជាសៀវភៅណែនាំសម្រាប់អនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ ជាពិសេសលើយុទ្ធសាស្ត្រអភិវឌ្ឍន៍ខឿនវប្បធម៌វៀតណាម”។

ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងនិន្នាការដ៏ខ្លាំងក្លានៃសាកល ភាវូបនីយកម្ម បង្កើតនូវបញ្ហាប្រឈមជាច្រើនក្នុងការថែរក្សា និងលើកកំពស់តម្លៃវប្បធម៌ប្រពៃណី។ ការដែលវៀតណាមប្រកាន់ខ្ជាប់ខ្ជួននូវការអភិវឌ្ឍវប្បធម៌ជឿនលឿនដែលសម្បូរទៅដោយអត្តសញ្ញាណជាតិ នឹងរួមចំណែកផ្ទាល់ក្នុងការបង្កើតភាពពិសេស បង្កើតគុណសម្បត្តិដល់ការកសាង និងអភិវឌ្ឍន៍ប្រទេសប្រកបដោយអរិយធម៌ និងសុភមង្គល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ