បន្តពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយ វៀតណាម-ជប៉ុន

(VOVWORLD) - តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៣០ ខែមេសា ដល់ថ្ងៃទី ១ ឧសភា ឆ្នាំ ២០២២។ នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅវៀតណាមរបស់ លោក Kishida Fumio ក្នុងឋានៈជានាយករដ្ឋមន្ត្រីជប៉ុន ចាប់តាំងពីចូលកាន់តំណែង (ខែតុលា ឆ្នាំ ២០២១) ដែលជារបត់ថ្មីក្នុងដំណើរការពង្រឹង ពង្រីកនិងអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាមនិងជប៉ុន។

បន្តពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយ វៀតណាម-ជប៉ុន - ảnh 1នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio។ (រូបថត៖ REUTERS)

ដំណើរកសាងនិងអភិវឌ្ឍន៍ទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាមនិងជប៉ុន

ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតជាផ្លូវការ (ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ១៩៧៣) ទំនាក់ទំនងរវាងវៀតណាមនិងជប៉ុនត្រូវបានពង្រឹងនិងអភិវឌ្ឍន៍យ៉ាងជាក់ស្ដែងដោយឥតឈប់ឈរ។ នៅខែមេសា ឆ្នាំ២០០២ ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Junichiro Koizumi ប្រទេសទាំងពីរបានបង្កើតក្របខ័ណ្ឌទំនាក់ទំនងភាពជាដៃគូប្រកប ដោយការជឿ ទុកចិត្ត ស្ថិរភាព និងយូរអង្វែង។ នៅខែមេសា ឆ្នាំ២០០៩ វៀតណាមនិងជប៉ុន បានឯកភាពគ្នាកសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ហើយនៅខែមីនា ឆ្នាំ ២០១៤ ក្នុងឱកាសដែលប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅជប៉ុន វៀតណាមនិងជប៉ុនបានសម្រេចចិត្តលើកកម្រិតទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មីដែល ជា “ភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយដើម្បីសន្តិភាពនិងភាពសម្បូររុងរឿងនៅអាស៊ី”។ បន្ទាប់នោះ នៅខែកញ្ញា ឆ្នាំ ២០១៥ ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុនរបស់អគ្គលេខាបក្សលោក Nguyen Phu Trong ប្រទេសទាំងពីរបានអនុម័តលើសេចក្តីថ្លែងការណ៍ទស្សនៈវិស័យរួម ក្នុងនោះបានវាយតម្លៃខ្ពស់ចំពោះ “ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនិងជាក់ស្ដែង នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ”។

ជាពិសេស ក្នុងប៉ុន្មានឆ្នាំកន្លងមក ទោះបីជាស្ថានភាពតំបន់និងពិភពលោកមានការប្រែប្រួលដ៏ស្មុគស្មាញជាច្រើនក៏ដោយ ក៏ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនៅតែបន្តរក្សាដំណើរទស្សនកិច្ចនិងការជួបប្រាស្រ័យជាប្រចាំនៅតាមវេទិកាអន្តរជាតិនិងតំបន់ សូម្បីតែក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ក៏ដោយ។ ថ្មីៗនេះ នៅខែវិច្ឆិកា ឆ្នាំ ២០២១ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅជប៉ុន ដែលជាមេដឹកនាំបរទេសជាន់ខ្ពស់ដំបូងគេដែលអញ្ជើញទៅបំពេញទស្សនកិច្ចនៅជប៉ុន ចាប់តាំងពីលោកនាយករដ្ឋមន្ត្រី Kishida Fumio ឡើងកាន់តំណែង ដោយបង្ហាញពីការគោរពរបស់វៀតណាមចំពោះជប៉ុន ដែលជាដៃគូសំខាន់ជួរមុខរបស់វៀតណាមលើទិដ្ឋ ភាពជាច្រើន។ ក្នុងដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរបានអនុម័តលើសេចក្តីថ្លែងការណ៍រួម “ឆ្ពោះទៅការបើកដំណាក់កាលថ្មីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយវៀតណាម -ជប៉ុន ដើម្បីសន្តិភាពនិងវិបុលភាពនៅអាស៊ី”។ នេះគឺជាមូលដ្ឋានគ្រឹះនិងជាកម្លាំងចលករដ៏សំខាន់សម្រាប់ប្រទេសទាំងពីរដើម្បីបន្តជំរុញ និងនាំទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មី។

តាមនោះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យការពារជាតិ សន្តិសុខ ការវិនិយោគ ពាណិជ្ជកម្ម ជំនួយ ODA សុខាភិបាល កសិកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល ការអប់រំនិងបណ្តុះបណ្តាល ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ… ត្រូវបានដំណើរការយ៉ាងសកម្ម។ ជប៉ុនបានក្លាយជាដៃគូសេដ្ឋកិច្ចសំខាន់ជួរមុខរបស់វៀតណាម ដែលជាម្ចាស់ជំនួយ ODA ធំជាងគេ ដៃគូទេសចរណ៍ធំជាងគេទី៣ និងជាដៃគូពាណិជ្ជកម្មធំជាងគេទី៤របស់វៀតណាម។ ក្នុងឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មរវាងទាំងពីរសម្រេចបានជិត ៤៣ ពាន់លានដុល្លាអាមេរិក កើនឡើងយ៉ាងខ្លាំង (៧,៨%) បើធៀបនឹងឆ្នាំ ២០២០។ ជប៉ុនក៏ជាដៃគូមួយក្នុងចំណោមដៃគូវិនិយោគធំបំផុតនៅវៀតណាមដែលមានដើមទុនចុះបញ្ជីជាង ៤២ ពាន់លានដុល្លានៅក្នុងឧស្សាហកម្មនិងវិស័យជាង១៩។

បន្តពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយ វៀតណាម-ជប៉ុន - ảnh 2នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio ទទួលស្វាគមន៍នាយករដ្ឋមន្រ្តីវៀតណាម
លោក Pham Minh Chinh ក្នុងដំណើរទស្សនកិច្ចនៅជប៉ុនកាលពីខែវិច្ឆិកាឆ្នាំ២០២១។
(រូបថត៖ VGP)

កម្លាំងចលករសំខាន់ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយវៀតណាម-ជប៉ុន

ដូចថ្នាក់ដឹកនាំជំនាន់មុនៗជាច្រើនដែរ លោកនាយករដ្ឋមន្ត្រី Kishida Fumio ជាអ្នកនយោបាយជប៉ុនដែលមានទំនាក់ទំនងផ្ទាល់ខ្លួនដ៏ល្អប្រសើរជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ដោយបានកាន់តំណែងជាអគ្គលេខាធិការសហភាពសមាជិកសភាមិត្តភាពជប៉ុន-វៀតណាមក្នុងអំឡុងពេលច្រើនឆ្នាំ។ មុននឹងដំណើរទស្សនកិច្ចនេះ លោក Kishida Fumio បានមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ៣ លើកកាលពីឆ្នាំ ២០១៤ ២០១៦ និង ២០១៨ ក្នុងមុខតំណែងសំខាន់ៗផ្សេងគ្នាក្នុងរដ្ឋាភិបាលជប៉ុន។ ប្រការនេះបង្ហាញពីការគោរពជាពិសេសរបស់លោកនាយករដ្ឋមន្ត្រី Kishida Fumio ផ្ទាល់ក៏ដូចជារដ្ឋាភិបាលជប៉ុនចំពោះវៀតណាម។

សម្រាប់វៀតណាម ការទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio មកបំពេញទស្សនកិច្ច គឺជាជំហានមួយក្នុងការអនុវត្តគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ដើម្បីសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដូចដែលបានបញ្ជាក់នៅក្នុងមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣។ ទន្ទឹមនឹងនោះ បន្តបង្ហាញពីការគោរពរបស់វៀតណាមចំពោះជប៉ុន ក្នុងនាមជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ជួរមុខ ដែលមានតួនាទីអាទិភាពខ្ពស់ក្នុងគោលនយោបាយកិច្ចការបរទេស; វៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយជប៉ុន រួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។

ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមលើកនេះ របស់នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio បានបញ្ជាក់នូវជំហានអភិវឌ្ឍថ្មី និងជាកម្លាំងចលករដ៏សំខាន់សម្រាប់ប្រទេសទាំងពីរដើម្បីបន្តជំរុញទំនាក់ទំនងភាពជាដៃគូទូលំទូលាយរវាងវៀតណាម-ជប៉ុនឲ្យកាន់តែជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាព បំពេញផលប្រយោជន៍ និងសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងរីកសាយភាយស្មារតីសហប្រតិបត្តិការ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរួមក្នុងតំបន់ ក៏ដូចជាលើទូទាំងពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ