ប្រទេសបារាំងប្រឈមមុខនឹងផ្លូវបំបែកសំខាន់ៗ
(VOVWORLD) -កាលពីថ្ងៃទី ៥ ខែធ្នូ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអនុម័តលើការលាលែងពីតំណែងរបស់រដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋម លោក Michel Barnier បន្ទាប់ពីសមាជិកសភាគណបក្សប្រឆាំងបានបោះឆ្នោតមិនទុកចិត្ត កាលពីមួយថ្ងៃមុននោះ។ ប្រការនេះ មិនត្រឹមតែជាការផ្លាស់ប្តូរអំណាចនយោបាយប៉ុណ្ណោះទេ ថែមទាំងជំរុញឲ្យប្រទេសនេះ ធ្លាក់ចូលភាពច្របូកច្របល់ ចំពេលដែលប្រទេសបារាំងកំពុងប្រឈមមុខនឹងវិបត្តិថវិកាដ៏ធ្ងន់ធ្ងរ និងអស្ថិរភាពសេដ្ឋកិច្ចអូសបន្លាយ។
lok Michel Barnier ត្រូវបានបង្ខំឱ្យលាលែងពីតំណែងបន្ទាប់ពីកាន់តំណែងជានាយករដ្ឋមន្ត្រីបារាំងរយៈពេល ៣ខែប៉ុណ្ណោះ នៅពេលដែលសមាជិកសភាស្តាំនិយមនិងឆ្វេងនិយមបានរួមគ្នាបោះឆ្នោតមិនទុកចិត្តប្រឆាំងនឹងលោក។ នេះជាលើកទីពីរហើយក្នុងរយៈពេលមិនដល់មួយឆ្នាំផង ដែលលោកប្រធានាធិបតី Macron ត្រូវប្រឈមមុខនឹងការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី បន្ទាប់ពីលោក Gabriel Attal បានលាលែងពីតំណែងកាលពីខែកក្កដា។
សម្ពាធលើប្រធានាធិបតី Macron កាន់តែកើនឡើង
មានសមាជិកសភាបារាំងចំនួន ៣៣១រូប ក្នុងចំណោមសមាជិកសភា ទាំង ៥៧៧រូប បានបោះឆ្នោតប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Barnier ។ រដ្ឋាភិបាលរបស់លោក Michel Barnier គឺជារដ្ឋាភិបាលបារាំងដំបូងគេដែលបានចាញ់នៅក្នុងការបោះឆ្នោតមិនទុកចិត្ត ចាប់តាំងពីឆ្នាំ ១៩៦២ មក ហើយលោក Barnier ក៏ជានាយករដ្ឋមន្ត្រីដែលកាន់តំណែងរយៈពេលខ្លីបំផុតក្នុងប្រវត្តិសាស្ត្របារាំង។
នាយករដ្ឋមន្ត្រី លោក Michel Barnier ក្នុងសម័យប្រជុំបោះឆ្នោតមិនទុកចិត្តនៅរដ្ឋសភាបារាំង ក្នុងទីក្រុងប៉ារីស ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ រូបថត៖ THX/TTXVN |
ការដែលលោក Michel Barnier ចាកចេញពីតំណែងជានាយករដ្ឋមនត្រី បានបណ្តលឱ្យប្រទេសបារាំងស្ថិតក្នុងស្ថានភាពខ្វះនាយករដ្ឋមន្ត្រី និងថវិកា ក្នុងប៉ុន្មានថ្ងៃចុងឆ្នាំនេះ។ ប្រការនេះ បានបង្កើនសម្ពាធលើរដ្ឋអំណាចរបស់លោកប្រធានាធិបតី Macron ពីព្រោះលោកត្រូវដោះស្រាយបញ្ហាចំនួនពីរក្នុងពេលដំណាលគ្នា នោះគឺ៖ កញ្ចប់ថវិកានឹងត្រូវបានអនុម័តមុនថ្ងៃទី ២១ ខែធ្នូ; ហើយត្រូវជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មីក្នុងបរិបទដែលពិបាកស្វែងរកបេក្ខជនណាម្នាក់ដែលមានសមត្ថភាពទទួលបានការគាំទ្រពីគណបក្សទាំងពី។
លោក Macron បានឆ្លងផុតពាក់កណ្តាលអាណត្តិប្រធានាធិបតី ទី ២ និង ចុងក្រោយរបស់ខ្លួន។ លទ្ធផលនៃការបោះឆ្នោតនាពេលថ្មីៗនេះ បានធ្វើឲ្យពាក់កណ្តាលអណត្តិដែលនៅសេសសល់របស់លោក Macron មានភាពស្មុគស្មាញ និងធ្លាក់ចុះអំណាចរបស់លោក ទាំងក្នុងនិងក្រៅប្រទេស។ ប្រធានាធិបតីបារាំងកំពុងប្រឈមមុខនឹងការអំពាវនាវឱ្យលាលែងពីតំណែង ហើយលោកក៏ទទួលបានការគាំទ្រតិចជាងមុន បន្ទាប់ពីបានអំពាវនាវឱ្យសភាបារាំងរៀបចំការបោះឆ្នោតមុនកាលកំណត់។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសុន្ទរកថាទៅកាន់មហាជនកាលពីថ្ងៃទី ៥ខែធ្នូ ប្រធានាធិបតី Macron បានបញ្ជាក់ថា លោកនឹងកាន់តំណែង "យ៉ាងពេញលេញ" ជាប្រធានាធិបតីបារាំង រហូតដល់ចុងបញ្ចប់នៃអាណត្តិរបស់ខ្លួន នៅឆ្នាំ ២០២៧។
“ប្រជាជនបានប្រគល់ភារកិច្ចឱ្យខ្ញុំ ដោយប្រជាធិបតេយ្យ។ ហើយខ្ញុំនឹងបំពេញបេសកកម្មរយៈពេល ៥ឆ្នាំនេះ ឱ្យបានពេញលេញរហូតដល់ទីបញ្ចប់។ ទំនួលខុសត្រូវរបស់ខ្ញុំគឺធានា “ការបន្តរបស់រដ្ឋ ដំណើរការត្រឹមត្រូវរបស់ស្ថាប័ន និងឯករាជ្យភាពរបស់ប្រទេសជាតិ និងដើម្បីការពារអ្នកទាំងអស់គ្នា”។
រដ្ឋធម្មនុញ្ញបារាំងមិនតម្រូវឲ្យប្រធានាធិបតីលាលែងពីតំណែងក្រោយការដួលរលំនៃរដ្ឋាភិបាលដែលលោកបានតែងតាំងនោះទេ។ ក្នុងពេលនោះ ប្រទេសបារាំងមិនអាចរៀបចំការបោះឆ្នោតមុនកាលកំណត់បានទេ ដោយសារសភាបារាំងនាបច្ចុប្បន្ន ត្រូវបន្តអត្ថិភាពរហូតដល់ខែមិថុនា ឆ្នាំ ២០២៥ ពោលគឺ ១ ឆ្នាំបន្ទាប់ពីការបោះឆ្នោតជិតបំផុត។
ផលវិបាកនៃអស្ថិរភាពនយោបាយនៅប្រទេសបារាំង
ការដួលរលំនៃរដ្ឋាភិបាលបារាំងនឹងបង្កផលវិបាកជាច្រើន និងជិះឥទ្ធិពល យ៉ាងធ្ងន់ធ្ងរដល់ស្ថានភាពនយោបាយ និងសេដ្ឋកិច្ចក្នុងតំបន់អឺរ៉ុប ដោយសារតែឋានៈជាមហាអំណាចរបស់បារាំងនៅក្នុងសហភាពអឺរ៉ុប ជាពិសេសក្នុងការដោះស្រាយបញ្ហាសំខាន់ៗរបស់ប្លុក ដូចជាអាកាសធាតុ សន្តិសុខ សេដ្ឋកិច្ច និងការប្រកួតប្រជែងពាណិជ្ជកម្មជាដើម។ មុននោះ ប្រទេសជិតខាងរបស់បារាំង គឺអាល្លឺម៉ង់ក៏បានធ្លាក់ចូលស្ថានភាពស្រដៀងគ្នានេះដែរ នៅពេលដែលរដ្ឋាភិបាលចម្រុះរបស់លោកអធិកាបតី Olaf Scholz បានប្រឈមមុខនឹងហានិភ័យនៃការដួលរលំ ដែលបង្ខំឲ្យមេដឹកនាំអាល្លឺម៉ង់ប្រកាសរៀបចំការបោះឆ្នោតសកលវិសាមញ្ញនៅដើមឆ្នាំខាងមុខ។ ដូច្នេះហើយ បញ្ហាក្នុងស្រុករបស់ទាំងអាល្លឺម៉ង់ និងបារាំងនឹងបណ្តាលឲ្យសហភាពអឺរ៉ុបប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើននាពេលខាងមុខ ក្នុងបរិបទដែល EU នៅតែត្រូវការស្វែងរកដំណោះស្រាយចំពោះបញ្ហាមានលក្ខណៈ "ស្លាប់រស់" ចំនួនពីរគឺការបញ្ឈប់ជម្លោះនៅអ៊ុយក្រែន និងការឆ្លើយតបនឹងការវិលត្រឡប់មកវិញរបស់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក Donald Trump ។
ទាក់ទងនឹងសេដ្ឋកិច្ច អស្ថេរភាពនៅក្នុងប្រទេសបារាំងនឹងរីករាលដាលទៅប្រទេសផ្សេងទៀតនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ។ ប្រាក់អឺរ៉ូបានបាត់បង់តម្លៃប្រហែល ០.៥% បើធៀបនឹងប្រាក់ដុល្លារអាមេរិក ភ្លាមៗបន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Barnier ហើយនឹងបន្តស្ថិតនៅក្រោមសម្ពាធនៃតម្លៃធ្លាក់ចុះ មិនត្រឹមតែដោយសារស្ថានភាពនៅក្នុងប្រទេសបារាំងប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែអស្ថិរភាពនយោបាយនៅក្នុងប្រទេសអាល្លឺម៉ង់ទៀតផង។ ទីផ្សារហិរញ្ញវត្ថុក្នុងតំបន់ចាយប្រាក់អឺរ៉ូកំពុងប្រឈមមុខនឹងហានិភ័យកាន់តែខ្លាំង ជាពិសេសនៅពេលដែលវិនិយោគិនអន្តរជាតិកំពុងតែផ្លាស់ប្តូរទៅកាន់ទីផ្សារដែលមានសុវត្ថិភាពជាង ដូចជាសហរដ្ឋអាមេរិកដោយមានប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump និងគោលនយោបាយគាំពារនិយម "America First"៕